ក្រសួង​សុខាភិបាល៖ មនុស្ស​ជិត ១.២០០នាក់ ធ្វើតេស្ត​លើក​ទី៣ រក​មិន​ឃើញ​មាន​ជំងឺ covide-19 ទេ

ដោយ យន់ សាមៀន
2020.11.14
កូរ៉ូណាវីរុស គ្រូពេទ្យ​កំពុង​បូម​ឈាម​អ្នក​ជំងឺ​យក​ទៅ​ធ្វើតេស្ត​រក​មេរោគ​​វីរុស​កូរ៉ូណា ដែល​បង្ក​ជំងឺ​កូវីដ-១៩ (Covid-19)។
រូប៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង (CDC)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា​ថា លោក និង​ក្រុម​គ្រួសារ ធ្វើ​តេស្ត​លើក​ទី៣ ប៉ុន្តែ​ក្រុម​គ្រូ​ពេទ្យ​រក​មិន​ឃើញ លោក​មាន​ជំងឺ​កូវីដ-១៩ (Covid-19) នោះ​ទេ។ លោក​ថា ទោះ​បី​ជា​លោក និង​ភរិយា រួម​ទាំង​អ្នក​នៅ​ជុំវិញ​លោក​គ្មាន​ជំងឺ កូវីដ១៩ នៅ​ពេល​នេះ​ក្តី ប៉ុន្តែ លោក​នឹង​បន្ត​ធ្វើ​ចត្តាឡីស័ក​រហូត​ដល់​ថ្ងៃ​ទី១៨ ជា​ថ្ងៃ​ដែល​លោក​ត្រូវ​ធ្វើ​តេស្ត​លើក​ទី៤ និង​ជា​លើក​ចុង​ក្រោយ ដើម្បី​បញ្ជាក់​ថា លោក​មាន ឬ​គ្មាន​ជំងឺ​កូវីដ-១៩។ ស្រប​ពេល​ដែល​លោក ហ៊ុន សែន អះអាង​ដូច្នោះ ក្រសួង​សុខាភិបាល​ក៏​អះអាង​ថា មនុស្ស​ជិត ១.១៩៥នាក់ ក៏​បាន​ធ្វើ​តេស្ត​លើក​ទី៣ ហើយ​ក៏​រក​មិន​ឃើញ​មាន​ជំងឺ​កូវីដ-១៩ ដែរ។ ក្រសួង​នឹង​បន្ត​ពិនិត្យ​សំណាក​នៅ​សល់​ចំនួន ១០៥ទៀត ថ្ងៃ​នៅ​អាទិត្យ​ទី១៥ ខែ​វិច្ឆិកា​នេះ។

ចាប់​តាំង​ពី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​ពាណិជ្ជកម្ម ប្រទេស​ហុងគ្រី លោក ភីធើ ស៊ីចាតូ (Péter Szijjártó) មក​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី៣ វិច្ឆិកា​មក មាន​មន្ត្រី តំណាង​រាស្ត្រ និង​អង្គរក្ស ចំនួន ៤នាក់ ដែល​ប៉ះពាល់​ផ្ទាល់​នឹង លោក ភីធើស៊ីចាតូ បាន​កើត​ជំងឺ​កូវីដ-១៩។ ពលរដ្ឋ និង​គណបក្ស​ប្រឆាំង បាន​រិះគន់​របប​លោក ហ៊ុន សែន ដែល​បាន​ស្នើ​គណៈប្រតិភូ​បរទេស កុំ​ពាក់​ម៉ាស់ ក្នុង​ពេល​មក​ទស្សនកិច្ច​នៅ​កម្ពុជា ទើប​បណ្ដាល​ឲ្យ កើត​ជំងឺ​នេះ​នៅ​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​ណា ក្រសួង​ការ​បរទេស​ហុងគ្រី​ថា គ្មាន​នរណា​អាច​បញ្ជាក់​បាន​ថា អ្នកណាចម្លងជំងឺកូវីដ១៩ នេះ ពី​អ្នក​ណា​ឲ្យ​ប្រាកដ​នោះ​ទេ។

នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា ក្រសួងសុខាភិបាល ក៏​បាន​ធ្វើ​តេស្ត​រក​ឃើញ បុរស​ជន​ជាតិ​អាមេរិក ម្នាក់​អាយុ ៦៩ឆ្នាំ ផ្ទុក​ជំងឺ​កូវីដ-១៩ ហើយ​កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​រុស្ស៊ី។ បុរស​រូប​នេះ គឺ​ជា​អ្នក​ដំណើរ​មក​ពី​អាមេរិក ហើយ​មក​ដល់​កម្ពុជា​ថ្ងៃ​ទី១៣ វិច្ឆិកា។ ចំណែក​អ្នក​រួម​ដំណើរ​ចំនួន ៧០នាក់​ផ្សេង​ទៀត ធ្វើ​តេស្ត​មិន​មាន​ជំងឺ​កូវីដ១៩ ទេ ហើយ​ក្រសួង​កំពុង​ដាក់​ពួក​គេ ឲ្យ​ធ្វើ​ចត្តាឡីស័ក នៅ​ក្នុង​សណ្ឋាគារ ២៣កន្លែង និង​នៅ​មណ្ឌល​ទ័ព​អាកាស។

គិត​ត្រឹម​ថ្ងៃ​ទី១៤ វិច្ឆិកា​នេះ កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ១៩​កើន​ដល់ ៣០២នាក់ ក្នុង​នោះ ព្យាបាលជាសះស្បើយចំនួន ២៨៩នាក់ និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ចំនួន ១៣នាក់ ហើយ​មិន​ទាន់​មាន​ករណី​ស្លាប់​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។