អាជ្ញាធរ​បន្ត​តាម​ដាន​សុខភាព​អ្នក​ពាក់ព័ន្ធ​នឹង​មន្ត្រី ហុងគ្រី បន្ថែម​ទៀត ក្រោយ​ពី​អង្គរក្ស​លោក ហ៊ុន សែន ម្នាក់​ធ្វើ​តេស្ត​ឃើញ​មេរោគ​នៃ​ជំងឺ​កូវីដ-១៩

កម្ពុជា​រក​ឃើញ​អ្នកកើត​​ជំងឺ​កូវីដ-១៩ ៣នាក់​បន្ថែម​ទៀត នៅ​ថ្ងៃ​ទី៧ វិច្ឆិកា គឺ​មាន​អង្គរក្ស​លោក ហ៊ុន សែន ម្នាក់ និង​ជន​បរទេស ២នាក់ ដែល​ម្នាក់​ជា​ជន​ជនជាតិ​ឥណ្ឌា និង​ម្នាក់​ទៀត​ជា​ជនជាតិ​ប៉ាគីស្ថាន។ ក្នុង​សារ​សំឡេង​មួយ​របស់​លោក ហ៊ុន សែន គឺ​លោក​មិន​បាន​បញ្ជាក់​ទេ​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល រួម​ទាំង​លោក​ផង ដែល​បាន​ចាប់​ដៃ​ជា​មួយ​រដ្ឋមន្ត្រី​ជាន់​ខ្ពស់​ ហុងគ្រី នោះ មាន​ជំងឺ​កូវីដ១៩ ឬ​អត់​នោះ​ទេ។

ដោយឡែក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ ឬ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សន​កិច្ច​របស់​​រដ្ឋ​មន្ត្រី​ការ​បរទេស ហុងគ្រី ជិត ៩០០នាក់​ផ្សេង​ទៀត កំពុង​ធ្វើ​ចត្តាឡីស័ក និង​ធ្វើតេស្ត​តាម​ដាន​ជំងឺ​នេះ ជា​បន្ត​បន្ទាប់​ទៀត។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ដដែល​នេះ បាន​លើក​យក​បញ្ជា​របស់​លោក ហ៊ុន សែន ដែល​ឱ្យ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ទាំង​អស់ ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​សណ្ឋាគារ​រ៉េស៊ីដង់ សុខា ភ្នំពេញ ស្ថិត​នៅ​ផ្លូវ កែវ ចិន្ដា ភូមិ១ សង្កាត់​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ។ ការ​​ធ្វើ​ចត្តាឡីស័ក រយៈ​ពេល ១៤ថ្ងៃ​នេះ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៨ វិច្ឆិកា​ត​ទៅ៕