កុមារី​ពីរ​នាក់​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​នា​ខេត្ត​កំពង់ចាម

ក្រសួង​សុខាភិបាល រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី H5N1 ពីរ​ករណី​ថ្មី​ទៀត នៅ​ខេត្ត​កំពង់ចាម។ ការ​រក​ឃើញ​ការ​ឆ្លង​ថ្មី​ពីរ​ករណី​នេះ គឺ​ជា​ករណី​ទី​៥ ហើយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ដើម​ឆ្នាំ​២០១៤។

ក្នុង​សេចក្ដី​ប្រកាស​រួម​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ចុះ​ថ្ងៃ​ទី​២៧ កុម្ភៈ បាន​សរសេរ​ថា អ្នក​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី ២​ករណី​ថ្មី​នេះ គឺ​ទី​មួយ​កើត​ចំពោះ​កុមារី​អាយុ ១០​ម្នាក់ នៅ​ក្នុង​ភូមិ​រវាង ឃុំ​ខ្នុរដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម។

ករណី​ថ្មី​ទី​ពីរ គឺ​កើត​លើ​កុមារី​អាយុ ១១​ឆ្នាំ​ម្នាក់​ទៀត នៅ​ភូមិ​ឡាអោក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។ ករណី​ទាំង​ពីរ​នេះ ត្រូវ​បាន​រក​ឃើញ​ដោយ​អង្គការ​ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នាវា​សហរដ្ឋ​អាមេរិក ហើយ​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី​២០ កុម្ភៈ។ កុមារ​ទាំង​នេះ មាន​អាការៈ​គ្រុន​ក្ដៅ ហូរ​សំបោរ ក្អក ឈឺ​បំពង់​ក និង​ក្អួត។ បន្ទាប់​ពី​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម មក បច្ចុប្បន្ន​កុមារ​ទាំង​ពីរ​បាន​ជា​សះ​ស្បើយ​វិញ​ហើយ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៥ មក កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ចំនួន ៥២​ករណី​ហើយ ហើយ​ក្នុង​ចំណោម​នេះ​មាន ៣៤​ករណី​បាន​ស្លាប់។ អ្នក​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី H5N1 ច្រើន​មក​ពី​តំបន់​ដែល​មាន​សត្វ​មាន់ ឬ​ទា​ងាប់​ច្រើន។ ក្រសួង​សុខាភិបាល អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​ផ្ដាសាយ​បក្សី ហើយ​ផ្ដល់​ព័ត៌មាន​តាម​ទូរស័ព្ទ​លេខ ១១៥ ឬ ០១២ ៤៨ ៨៩ ៨១ បើ​សង្ស័យ​ថា មាន​ជំងឺ​នេះ​នៅ​ក្នុង​ស្រុក​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។