ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ពីរករណីបន្ថែមទៀត ក្នុងចំណោមអ្នកដំណើរ ៦០នាក់ ដែលធ្វើដំណើរតាមនាវាទេសចរណ៍មួយគ្រឿងឈ្មោះ វ៉ាយឃីង គូ្រស ជ្យូណី (Viking Cruise Journey) ដែលចាកចេញពីប្រទេសវៀតណាម ហើយបានចូលចតនៅទីរួមខេត្តកំពង់ចាម។ អ្នកជំងឺទាំងពីរនាក់នោះជាជនជាតិអង់គ្លេស និងជាប្តីប្រពន្ធនឹងគ្នា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមីនា ឲ្យដឹងថា អ្នកជំងឺជាប្តី មានអាយុ ៧៣ឆ្នាំ និងប្រពន្ធមានអាយុ ៦៩ឆ្នាំ ។ ការរកឃើញជំងឺផ្លូវដង្ហើមកូវីដ-១៩ បន្ថែមទៀតនេះ បន្ទាប់ពីក្រុមគ្រូពេទ្យ បានយកសំណាកវត្ថុវិភាគរបស់អ្នកដំណើរលើនាវា វ៉ាយឃីង គូ្រស ជ្យូណី ចំនួន ៥៩នាក់ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយ ជាលទ្ធផលគេរកឃើញមានវិជ្ជមានមេរោគកូរ៉ូណាថ្មីពីនាក់ប្ដីប្រពន្ធនេះបន្ថែមទៀត។ បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់ប្តីប្រពន្ធ ត្រូវបានដាក់ឲ្យស្ថិតក្នុងបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីតាមដានសុខភាពបន្ត ទៀត។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា អ្នកជំងឺទាំងពីរនាក់ នៅមានសុខភាពធម្មតា ហើយលោក មិនទាន់ទទួលបានព័ត៌មាន ឬការស្នើសុំឲ្យ បញ្ជូនអ្នកជំងឺទាំងពីរទៅមន្ទីរពេទ្យក្នុងក្រុងភ្នំពេញនៅឡើយទេ៖ « ស្ថានភាពធម្មតា ហើយអត់មានរោគសញ្ញាអីប្លែកទេ ហើយពួកគាត់កំពុងតែសម្រាកនៅក្នុងបន្ទប់ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ហើយមានសម្ភារៈការពាររួចហើយ » ។
គិតមកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ-១៩ លើនាវា វ៉ាយឃីង គូ្រស ជ្យូណី (Viking Cruise Journey) សរុបចំនួន ៣នាក់ហើយ សុទ្ធតែជាជនជាតិអង់គ្លេស។ ស្ត្រីជនជាតិអង់គ្លេស ដែលរកឃើញវិជ្ជមាន កូវីដ-១៩ ដំបូងគេ កាលពីថ្ងៃទី១០ ខែមីនា គឺអាយុ៦៥ឆ្នាំ ហើយកាលពីល្ងាចថ្ងៃទី១១ ខែមីនា ក្រសួងសុខាភិបាលបានបញ្ជូនស្ត្រីម្នាក់នោះ ចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយក្នុងក្រុងភ្នំពេញ។ ចំណែកពលរដ្ឋខ្មែរពីរនាក់ដែលម្នាក់ជាស្រ្តីអ្នកបកប្រែ និងម្នាក់ជាអ្នករត់រ៉ឺម៉កម៉ូតូកង់បី ធ្លាប់ដឹកស្ត្រីអង់គ្លេសរូបនោះ លទ្ធផលធ្វើតេស្តរបស់ពួកគេបង្ហាញថា អវិជ្ជមាន ហើយគ្រូពេទ្យអនុញ្ញាតឲ្យទៅសម្រាកនៅផ្ទះ ប៉ុន្តែត្រូវអនុវត្តវិធានការតាមដានសុខភាពផ្ទាល់ខ្លួនជាបន្តទៀតផងដែរ។

អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ និងអ្នកស្រី ឱ វណ្ណឌីន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
នាវាទេសចរណ៍ វ៉ាយឃីង គូ្រសជ្យូណី (Viking Cruise Journey) ផ្ទុកភ្ញៀវទេសចរណ៍ និងបុគ្គលិកនាវាចំនួន ៦០នាក់ ដោយធ្វើដំណើរចេញមកពីទីក្រុងហូជីមិញ កាលពីថ្ងៃទី៥ ខែមីនា ហើយមកដល់រាជធានីភ្នំពេញនៅថ្ងៃទី៧ ខែមីនា និងបានហួសទៅចូលចតនៅទីរួមខេត្តកំពង់ចាម។
មន្ត្រីផ្នែកអង្កេតនៃសមាគមអាដហុកប្រចាំខេត្តកំពង់ចាម និងត្បូងឃ្មុំ លោក ឡេង សេងហាន មានប្រសាសន៍ថា ក្រោយពីអាជ្ញាធរជំនាញរកឃើញករណីឆ្លងជំងឺកូវីដ-១៩លើអ្នកទេសចរណ៍បរទេសក្នុងខេត្តកំពង់ចាមជាបន្តបន្ទាប់ គឺបានធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តមួយនេះមានការព្រួយបារម្ភខ្លាំងអំពីសុខភាពដូចពលរដ្ឋក្នុងខេត្តផ្សេងៗ ដែរ។ លោក សង្កេតឃើញថា គ្រួសារនីមួយៗ បាននាំគ្នាទិញស្បៀងអាហារស្តុកទុក ដើម្បីចៀសវាងការទៅផ្សារញឹកញាប់ និងកាត់បន្ថយហានិភ័យ ប៉ុន្តែពួកគេ រអ៊ូរទាំថា ទំនិញគ្រប់យ៉ាងឡើងថ្លៃ ហើយអាជ្ញាធរ ពុំបានយកចិត្តទុកដាក់ទប់ស្កាត់នោះទេ។ ទន្ទឹមគ្នានេះ លោកជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធសហការគ្នាផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត ដល់ពលរដ្ឋអំពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ និងរបៀបការពារសុខភាព ដោយមិនអាចធ្វេសប្រហែសបានឡើយ៖ « ឥឡូវនេះក្នុងក្រុងក្នុងខេត្តអី គឺគាត់បានជ្រួតជ្រាបអស់ហើយ តែនៅតាមមូលដ្ឋានតំបន់ដាច់ស្រយាល គឺយើងបារម្ភខ្លាចគាត់អត់ធ្វើអនាម័យខ្លួនឯង ឲ្យបានល្អប្រសើរទៅតាមអ្វីដែលក្រសួងសុខាភិបាលបានណែនាំ ។ មួយទៀតកុមារតូចៗ នៅតាមសាលារៀន ក៏ជាការព្រួយបារម្ភដែរ ព្រោះជូនកាលបានណែនាំតាមសាលាដល់អ្នកគ្រូ លោកគ្រូហើយ ប៉ុន្តែក្មេងៗ មិនសូវចាប់អារម្មណ៍។ សូមក្រសួងអប់រំ និងឪពុកម្តាយ ជួយបង្ហាត់ក្មេងឲ្យចេះអនាម័យលាងដៃពេលទៅសាលា ក្រោយចេញពីសាលា និងពេលចេញពីបង្គន់ » ។
មកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៥ករណីហើយ ក្នុងនោះមាន ១ករណីកើតលើបុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ កំពុងដាក់ព្យាបាលក្នុងមន្ទីរបង្អែកខេត្តសៀមរាប។
កាលពីថ្ងៃទី១១ ខែមីនា អង្គការសុខភាពពិភពលោក បានប្រកាសចាត់ទុកជំងឺកូវីដ-១៩ ថា ជាជំងឺរាតត្បាតសកល ។
គិតត្រឹមថ្ងៃទី១២ ខែមីនា មានអ្នកឆ្លងជំងឺកូវីដ-១៩ នៅលើពិភពលោកសរុបឡើងដល់ជាង ១២ម៉ឺន ៦ពាន់នាក់ (១២៦.៣៩២នាក់) រីឯអ្នកស្លាប់ ក៏ឡើងដល់ជាង ៤ពាន់ ៦រយនាក់ (៤.៦៣៩នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។