លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៩ ខែកក្កដា បង្ហោះសារណែនាំដល់ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរដែលចូលមកកម្ពុជា ត្រូវអនុវត្តវិធានការថែទាំសុខភាពតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដូចជាត្រូវពិនិត្យសុខភាព និងត្រូវរស់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីសុខភាពខ្លួនឯងផង និងអ្នកដទៃផង។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីស្ត្រីខ្មែរសញ្ជាតិអាមេរិកកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា បានលួចរត់ចេញពីកន្លែងធ្វើចត្តាឡឺស័កមួយ នៅរាជធានីភ្នំពេញ និងត្រូវបានសមត្ថកិច្ចស្វែងរកឃើញ នៅក្នុងផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា និងត្រូវបានដាក់ឱ្យធ្វើចត្តាឡឺស័កក្នុងសណ្ឋាគារនោះបន្តទៀត ក្រោយធ្វើតេស្តរកជំងឺកូវីដជាលើកទី២ តែអវិជ្ជមាន។ ស្ត្រីខ្មែរសញ្ជាតិអាមេរិកកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា បានធ្វើដំណើរក្នុងយន្តហោះជាមួយមន្ត្រីជាន់ខ្ពស់របស់ស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៦ ខែកក្កដា
នៅថ្ងៃដដែលនេះដែរ ក្រសួងសុខាភិបាល ក៏បានប្រកាសថា អ្នកជំងឺកូវីដ-១៩ថ្មី បីនាក់បន្ថែមទៀត បានជាសះស្បើយ និងពុំរកឃើញករណីឆ្លងថ្មីនោះទេ។ អ្នកជាសះស្បើយទាំង៣នាក់នេះ ជាបុរសខ្មែរដែលទើបត្រឡប់មកប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយមានទីលំនៅ នៅខេត្តតាកែវ ២នាក់ និងនៅរាជធានីភ្នំពេញម្នាក់។
គិតត្រឹមថ្ងៃទី១៩ ខែកក្កដា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សរុបចំនួន ១៧១នាក់ហើយ ក្នុងនោះ ១៣៦នាក់ បានជាសះស្បើយ និងកំពុងសម្រាកព្យាបាល ចំនួន៣៥នាក់។
ក្រសួងសុខាភិបាលនៅតែអំពាវនាវដល់ពលរដ្ឋ ឱ្យបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយថែរក្សាសុខភាព អនាម័យដៃឱ្យបានស្អាត ត្រូវមានអាល់កុល ឬជែលលាងដៃជាប់ខ្លួន អនុវត្តគម្លាតសុវត្ថិភាពបុគ្គល គម្លាតសុវត្ថិភាពសង្គម និងមិនត្រូវធ្វេសប្រហែស មើលស្រាលចំពោះជំងឺឆ្លងដ៏កាចសាហាវនេះនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។