សមត្ថកិច្ច​រក​ឃើញ​ស្ត្រី​ដែល​រត់​គេច​ខ្លួន​ពី​ការ​ដាក់​ឱ្យ​ធ្វើ​ចត្តាឡឺស័ក​ដោយ​សង្ស័យ​ឆ្លង​កូវីដ១៩

សមត្ថកិច្ច​ខេត្ត​កំពង់ចាម បាន​រក​ឃើញ​ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់ ដែល​សង្ស័យ​ថា ឆ្លង​ជំងឺ​covid-19 ហើយ​ត្រូវ​ក្រសួង​សុខាភិបាល​ដាក់​ឱ្យ​នៅ​ដោយ​ឡែក ប៉ុន្តែ​ក្រោយ​មក​បាន​គេច​ខ្លួន​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ប្រាប់​អាស៊ីសេរី​ថា ស្ត្រី វីរ៉ា រ៉ូស (VIRA ROSE)​បច្ចុប្បន្ន កំពុង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ផ្កាឈូកទិព្វ ក្នុង​ទីរួម​ខេត្ត​កំពង់ចាម។ អ្នកស្រី​បញ្ជាក់​ថា ក្រសួងសុខាភិបាល​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡឺស័ក ១៤ ថ្ងៃ នៅ​ក្នុង​សណ្ឋាគារ​ដែល​ស្ត្រី​រូប​នោះ​ស្នាក់នៅ​។ ប្រសិនបើ​រក​ឃើញ​ថា មាន​សុខភាព​ល្អ​ទើប​អនុញ្ញាត ឱ្យ​ចេញ​ដើរ​ជា​សាធារណៈ​បាន។

វិធានការណ៍​របស់​ក្រសួងសុខាភិបាល​នេះ បាន​កើតមានឡើង បន្ទាប់ពី​លោកស្រី បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​មួយ​ជាមួយ​នឹង​មន្ត្រី​ការទូត​សហរដ្ឋអាមេរិក​ចំនួន​ពីរ​នាក់ ពិនិត្យ​ឃើញ​ថា មាន​វិជ្ជមាន​ជំងឺ​កូវីដ​១៩ ក្រោយពី​បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ពី​ប្រទេស​កូរ៉េខាងត្បូង មកកាន់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។

លោកស្រី វី រ៉ា រ៉ូស (VIRA ROSE) មិនបាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​រត់គេច​ចេញពី​ការ​ធ្វើ​ចត្តាឡឺស័ក​របស់​ក្រសួង​សុខាភិបាល​ទេ។ លោកស្រី​គ្រាន់តែ​និយាយ​ប្រាប់​សារព័ត៌មាន ក្នុងស្រុក​ថា លោកស្រី​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​តាក់ស៊ី ពី​ភ្នំពេញ​មក​ខេត្ត​កំពង់ចាម​។ ពេល​មក​ដល់​ខេត្ត​កំពង់ចាម អ្នកស្រី​បាន​ចេញ​ទៅ​ពិសា​អាហារ​នៅ​ផ្សារ​មួយ​ក្នុង​ទី​រួម​ខេត្ត​កំពង់ចាម មិន​ទាន់​បាន​ចេញទៅ​ទីណា​ផ្សេង​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​កម្ពុជា លោក សន ជ័យ ប្រាប់​អាស៊ីសេរី​ថា ក្រសួងសុខាភិបាល​គួរតែ​រក​ឱ្យ​ឃើញ​នូវ​មូលហេតុ​អ្វីខ្លះ​ដែល​លោកស្រី​មិន​ចង់​ស្នាក់នៅ​កន្លែង​ដែល​ក្រសួង​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡឺស័ក​នោះ។

គិត​ត្រឹម​ថ្ងៃ​១៨ ខែ​កក្កដា នេះ​អ្នក​កើត​ជំងឺ​កូវីដ​១៩ មាន​ចំនួន​១៧១ នាក់ ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ជំងឺ​នេះ​បាន​ផ្ទុះ​កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។