អាជ្ញាធរ​ស្វែងរក​គ្រូពេទ្យ​សង្ស័យ​ថា​ជា​អ្នក​​ចម្លង​មេរោគ​អេដស៍

ដោយ យន់ សាមៀន
2014-12-16
Share
មណ្ឌល​សុខភាព រកា ៦២០ ពលរដ្ឋ​នាំ​គ្នា​មក​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព រកា ស្ថិត​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ ២០១៤។
RFA/Hum Chamroeun

ព័ត៌មាន​ចុង​ក្រោយ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​១៦ ធ្នូ ​ឲ្យ​ដឹង​ថា មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៃ​ក្រសួង​សុខាភិបាល កំពុង​ស្វែងរក​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ក្នុង​ភូមិ​ម្នាក់ ដើម្បី​ស៊ើបអង្កេត​បន្ថែម​ទៀត​ទាក់ទង​នឹង​ការ​សង្ស័យ​ថា អាច​ជា​អ្នក​បង្ក​ការ​ឆ្លង​ជំងឺ​អេដស៍​ដល់​អ្នក​ភូមិ។

អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក តែង គន្ធី ដែល​កំពុង​មាន​វត្តមាន​នៅ​ខេត្ត​បាត់ដំបង បញ្ជាក់​ថា តាម​ការ​ស៊ើប​អង្កេត​ជាបឋម និង​ការ​សម្ភាសន៍​អ្នក​ជំងឺ​ប្រមាណ ៣០​នាក់ ក្នុង​ចំណោម ៨២​នាក់ ដែល​រក​ឃើញ​មាន​ជំងឺ​អេដស៍​នោះ​បង្ហាញ​ថា ពួកគេ​បាន​ទទួល​សេវាកម្ម​ព្យាបាល​ជំងឺ​ក្រៅ​ផ្លូវការ​ពី​គ្រូពេទ្យ​ម្នាក់។

ប៉ុន្តែ​លោក​ឱ្យ​ដឹង​ថា គ្រូពេទ្យ​រូប​នោះ​បាន​គេច​បាត់​ពី​ភូមិ​អស់​រយៈពេល​ពីរ​ថ្ងៃ​មក​ហើយ៖ «យើង​មាន​ការ​សង្ស័យ​ដោយសារ​មាន​ការ​ចម្លង​មេរោគ​ទាំង​ដុំ មេរោគ​អេដស៍ ទៅ​មេរោគ​អេដស៍។ យើង​ផ្តោត​ទៅ​លើ​បញ្ហា​ពីរ ម្ជុល​តាម​រយៈ​ប្រើប្រាស់​គ្រឿង​ញៀន និង​ទី​ពីរ​ប្រើប្រាស់​ម្ជុល​តាម​អ្នក​ផ្តល់​សេវាកម្ម​សុខភាព និង​ឧបករណ៍​នៃ​ការ​ផ្ដល់​សេវា។ តាម​ក្រុមបច្ចេកទេស​ដែល​បាន​ធ្វើ​ការ​សម្ភាសន៍​យើង​ឃើញ​ថា សុទ្ធតែ​បាន​ទទួល​សេវា​ឯកជន​ពី​អ្នក​ស្ម័គ្រ​ចិត្ត​ភូមិ​ម្នាក់»

​លោក តែង គន្ធី បន្ថែម​ទៀត​ថា អាជ្ញាធរ​បាន​ផ្ដល់​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍ ដែល​គេ​និយម​ហៅ​ថា ថ្នាំ​ពន្យារ​ជីវិត និង​ថ្នាំ​ព្យាបាល​ផ្សេង​ទៀត​ដល់​អ្នក​ជំងឺ​ចំនួន ៨២​នាក់។ អាជ្ញាធរ​ក៏​នឹង​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនា​ការ​អប់រំ​ដល់​អ្នក​ជំងឺ​ទាំង​នោះ​ដើម្បី​ការពារ​កុំ​ឲ្យ​ចម្លង​ជំងឺ​ទៅ​អ្នក​ដទៃ​បន្ត​ទៀត។

លោក​បញ្ជាក់​ថា រហូតដល់​ម៉ោង​ប្រមាណ​ប្រាំ​កន្លះ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ មាន​មនុស្ស​ច្រើន​ជាង ៦០០​នាក់ បាន​មក​ពិនិត្យ​ឈាម។ លទ្ធផល​បង្ហាញ​ថា មាន​មនុស្ស ៩០​នាក់​មាន​ជំងឺ​អេដស៍ ប៉ុន្តែ​ក្នុង​នោះ​មនុស្ស ៨​នាក់ ក្រុម​គ្រូពេទ្យ​ជំនាញ​នឹង​ពិនិត្យ​ផ្ទៀងផ្ទាត់​លទ្ធផល​ម្ដង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល