ក្រសួងពាណិជ្ជកម្មព្រមានផ្អាកអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ ពិសេសទឹកដោះណា ដែលមិនបានសរសេរអក្សរខ្មែរសំគាល់លើកំប៉ុងផលិតផល ដើម្បីលើកទឹកចិត្តឱ្យបំបៅកូនដោយទឹកដោះម្ដាយ។
វិធានការរបស់ក្រសួងពាណិជ្ជកម្មនេះ បន្ទាប់ពីក្រសួងសង្កេតឃើញថា ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ មានដូចជា ទឹកដោះគោម្សៅ ដបបំបៅ ក្បាលដោះជ័រ និងប្រដាប់ជញ្ជក់លេងជាដើម ដែលកំពុងចរាចរណ៍នៅលើទីផ្សារ រកមិនឃើញថាបានបំពេញកាតព្វកិច្ចរបស់ខ្លួនត្រឹមត្រូវ នៅលើសំបកវេចខ្ចប់ជាប់នឹងផលិតផល។ ការខកខាននេះ ដូចជា ការមិនបានបង្ហាញការណែនាំប្រើប្រាស់ផលិតផលជាភាសាខ្មែរ និងជាពិសេសមិនបានដាក់ពាក្យថា គ្មានអ្វីប្រសើរជាងការបំបៅកូន ដោយទឹកដោះម្ដាយតែមួយមុខគត់ រហូតបាន៦ខែ និងបន្តការបំបៅដោះម្ដាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។
ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងថ្ងៃទី២៨ កក្កដា ទុកពេល ៣០ថ្ងៃ ពីថ្ងៃជូនដំណឹង ឱ្យក្រុមហ៊ុនធ្វើអាជីវកម្ម នាំចូល ចែកចាយ និងផ្គត់ផ្គង់ កែលំអរអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមច្បាប់ អនុក្រឹត្យ និងសេចក្ដីប្រកាសរួម ស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ដើម្បីដើម្បីលើកទឹកចិត្តឱ្យមានការបំបៅដោះកូនដោយទឹកដោះម្ដាយ និងជាការធ្វើអាជីវកម្មប្រកបដោយសុចរិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។