អង្គការសុខភាពពិភពលោក (WHO) បន្តលើកពេលសម្រេចលើវ៉ាក់សាំងចិន។ កាលពីខែចុងខែមករា អង្គការសុខភាពពិភពលោក ថានឹងសម្រេចរឿងនេះនៅដើមខែមីនា។ ប៉ុន្តែពេលផុតដើមខែមីនា អង្គការនេះថា នឹងសម្រេចនៅចុងខែមេសា។ កាលពីចុងខែមេសា អង្គការនេះថាសេចក្តីសម្រេចលើវ៉ាក់សាំងចិននេះនឹងធ្វើនៅចុងសប្តាហ៍នេះ ឬ ចុងខែឧសភា។ទោះជាយ៉ាងនេះក្ដីអង្គការសុខភាពពិភពលោកមិនបានបញ្ជាក់អំពីមូលហេតុនៃការលើកពេលសម្រេចលើវ៉ាក់សាំងចិន ម្តងហើយម្តងទៀតនេះទេ។
វ៉ាក់សាំងចិនពីរមុខដែលកំពុងរង់ចាំការសម្រេចពីអង្គការសុខភាពពិភពលោកមានវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) និង ស៊ីណូវ៉ាក់ (Sinovac) ដែលបើតាមលទ្ធផលនៃការប្រើប្រាស់នៅប្រទេសមួយចំនួនវ៉ាក់សាំងទាំងនេះមានប្រសិទ្ធភាពចន្លោះពី ៥០% ទៅ ៧០%។ ប៉ុន្តែ មន្រ្តីជាន់ខ្ពស់ផ្នែកសុខាភិបាលរបស់ចិនក៏បានទទួលស្គាល់ដែរថាវ៉ាក់សាំងចិនទាំងនេះមានប្រសិទ្ធភាពទាប និងកំពុងពិចារណាចាក់បន្ថែមដូសឬលាយជាមួយវ៉ាក់សាំង ហ្វៃស្ស៊ើរ បៃអូអិនថិក (Pfizer BioNTech) របស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់។ ប៉ុន្តែ បើតាមអង្គការសុខភាពពិភពលោក វ៉ាក់សាំងដែលមានប្រសិទ្ធភាពចាប់ពី ៥០% គឺគ្រប់លក្ខខណ្ឌសម្រាប់ឲ្យស្ថាប័ននេះទទួលស្គាល់ឲ្យប្រើប្រាស់បាន។
ទោះបីជាកម្រិតប្រសិទ្ធភាពនៃវ៉ាក់សាំងចិនទាំងនេះនៅទាបខ្លាំង និងមិនទាន់មានការទទួលស្គាល់ជាផ្លូវការដោយអង្គការសុខភាពពិភពលោកក្តីតែប្រទេសជាង ៧០ រួមទាំងប្រទេសកម្ពុជាផងបានទទួលយកវ៉ាក់សាំងទាំងនេះដើម្បីចាក់ឲ្យពលរដ្ឋខ្លួនរួចជាស្រេចទៅហើយ។ រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ឬការសិក្សាណាមួយអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងចិនដែលបានចាក់ជូនពលរដ្ឋខ្មែរតាំងពីដើមខែកុម្ភៈ នៅឡើយទេ។ ប៉ុន្តែភាគច្រើននៃអ្នកចាក់វ៉ាក់សាំងចិននៅកម្ពុជាគឺជាកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការ ដែលតាំងពីព្រឹត្តិការណ៍២០កុម្ភៈ គឺនៅតែផ្ទះស្ទើរតែទាំងអស់គ្នា មិនប្រឈមមុខខ្លាំងដូចកម្មកររោងចក្រកាត់ដេរ និងអាជីវករផ្សារដែលបានចាក់វ៉ាក់សាំងតិចតូចបំផុត ប៉ុន្តែត្រូវទៅធ្វើការ និងប្រកបរបរអាជីវកម្មរាល់ថ្ងៃនោះទេ។ តាំងពីថ្ងៃទី ២០ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែឧសភា ករណីឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាកើនឡើងជិត ៣០ ដង (២៧,១) បើប្រៀបធៀបទៅនឹងស្ថានភាពមួយឆ្នាំមុននេះ។ នៅថ្ងៃទី២០ ខែកុម្ភៈ ករណីអ្នកផ្ទុកជំងឺនេះនៅទូទាំងប្រទេសមានតែជាង ៥០០ (៥១៦) នាក់ប៉ុណ្ណោះ។ ប៉ុន្តែ កាលពីថ្ងៃទី២ ខែឧសភា កម្ពុជាមានអ្នកផ្ទុកជំងឺនេះសរុបជាង ១ម៉ឺន៤ពាន់ (១៤,៥២០) នាក់ និងមានអ្នកស្លាប់ ជាង ១០០ (១០៣) នាក់។ អ្នកកំពុងសម្រាកព្យាបាលជំងឺនេះមានជាង ៩ពាន់ (៩,០០៤)នាក់
ស្របពេលដែលមានការលើកពេលសម្រេចលើវ៉ាក់សាំងចិនអង្គការសុខភាពពិភពលោកកាលពីចុងខែមេសា បានសម្រេចទទួលស្គាល់វ៉ាក់សាំងអាមេរិកមួយមុខទៀតឈ្មោះ ម៉ូដិនណា (Modena)។ វ៉ាក់សាំង ម៉ូដិនណា មានប្រសិទ្ធភាពជាង ៩៤% (៩៤,១%)។ ក្រុមហ៊ុននេះបានដាក់ពាក្យសុំទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ក្រោយវ៉ាក់សាំងចិន។
រហូតមកពេលនេះអង្គការសុខភាពពិភពលោកទទួលស្គាល់វ៉ាក់សាំងបួនមុខហើយ រួមមានវ៉ាក់សាំងអាមេរិក និងអាល្លឺម៉ង់ ហ្វៃស្ស៊ើរ បៃអូអិនថិក (Pfizer & BioNTech), វ៉ាក់សាំងអង់គ្លេស អាស្រ្តាហ្សេនេកា (AstraZenec), វ៉ាក់សាំងអាមេរិក ចនសិន និង ចនសិន (Johnson & Johnson) និងចុងក្រោយគេគឺវ៉ាក់សាំងអាមេរិក ម៉ូដិនណា (Moderna) នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។