សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​ពីរ​នាក់ បន្ទាប់​ពី​ធ្វើ​ឱ្យ​មនុស្ស​ចំនួន ៥នាក់​ស្លាប់​ដោយសារ​ពុល​ស្រា​ស

0:00 / 0:00

សមត្ថកិច្ច​ឃាត់​ខ្លួន​ម្ចាស់​លក់​ស្រា​ចំនួន​ពីរ​ នាក់​ក្រោយ​ពី​បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួន ៥នាក់​ស្លាប់ និង​ជាង ២០នាក់​ផ្សេង​ទៀត​ធ្លាក់​ខ្លួន​ឈឺ​ជា​បន្តបន្ទាប់ ក្រោយ​ពី​បាន​ទិញ​ស្រា​ស​ យក​មក​ទទួលទាន​ជុំ​គ្នា​​នៅ​ស្រុក​កំពង់ត្រាច​ ខេត្ត​កំពត។

ស្នងការ​ប៉ូលិស​ខេត្ត​កំពត​លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៤ ឧសភា​ថា សមត្ថកិច្ច​កំពុង​សាក​សួរ​ម្ចាស់​លក់​ស្រា​ទាំង​ពីរ​នាក់​សិន មិន​ទាន់​សម្រេច​ថា នឹង​បញ្ជូន​ទៅ​តុលាការ​ ឬ​មួយ​យ៉ាង​ណា​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា លោក​ថា ករណី​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​នេះ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ហើយ​ជនសង្ស័យ​ត្រូវ​តែ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់។

ស្នងការ​ប៉ូលិស​ខេត្ត​កំពត​រូប​នេះ​ មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ករណី​ស្លាប់​នោះ​ទេ​ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​ទិញ​ស្រា​ស យក​មក​ទទួល​ទាន​ជុំ​គ្នា​នៅ​តាម​ភូមិ​ ហើយ​ក្រោយ​មក​ក៏​មាន​អាការៈ​ពុល​ជា​បន្ត​បន្ទាប់​ ហើយ​មក​ដល់​ពេល​នេះ មាន​មនុស្ស​ចំនួន ៥នាក់​ហើយ​បាន​ស្លាប់៖ «ឥឡូវ​ដំបូង​យើង​អញ្ជើញ​ម្ចាស់​ទីតាំង​ដែល​គាត់​ផលិត​ស្រា​ ហ្នឹង​រង់​ចាំ​លទ្ធផល​ចេញ​ពី​ឡាបូ (Laboratory) ពី​ទី​ក្រុង​ភ្នំពេញ​ មក​សិន​ បាន​យើង​បន្ត​នីតិវិធី​បន្ត​ទៀត»។

ករណី​ពុល​ស្រា​ស នៅ​ក្នុង​ខេត្ត​កំពត​ នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ខេត្ត​កណ្ដាល។​ កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា មាន​មនុស្ស​ចំនួន ១២នាក់​ស្លាប់​ បន្ទាប់​ពី​ពួកគេ​ទទួល​ទាន​ស្រា​ស​ និង​ស្រា​ថ្នាំ​ នៅ​ក្នុង​ពិធី​បុណ្យ​សព​ នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។

សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស ១៣នាក់​ក្នុង​នោះ​រួម​ទាំង​អ្នក​លក់​ស្រា​ផង បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ នឹង​ករណី​ពុល​ស្រា​នេះ។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី ធ្លាប់​មាន​ប្រសាសន៍​ថា ក្រសួង​ពីរ​គឺ ក្រសួង​សុខាភិបាល​ និង​ក្រសួង​ឧស្សាហកម្ម​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មនុស្ស​ស្លាប់ ហើយ​លោក​មិន​ចង់​ឃើញ​ឱ្យ​មាន​ករណី​ដដែលៗ នេះ កើត​មាន​ឡើង​ទៅ​លើ​ពលរដ្ឋ​ទៀត​ទេ។

ទាក់ទិន​នឹង​ករណី​ពុល​ស្រា​នេះ​ បាន​កើត​មាន​ឡើង​មិន​មែន​ជា​លើក​ដំបូង​ទេ នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២០ មាន​មនុស្ស​ចំនួន ៨នាក់​ស្លាប់ និង ១៣០នាក់​ផ្សេង​ទៀត បាន​ធ្លាក់​ខ្លួន​ឈឺ បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ទាន​ស្រា​ស។ ចំណែក ​ពលរដ្ឋ​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ចំនួន ៥នាក់ ក៏​ស្លាប់​ដោយសារ​តែ​ការ​ពុល​ស្រា​ស​នេះ​ដែរ កាល​ពី​ខែ​តុលា ឆ្នាំ២០១៨។ ក្រោយ​មក​ទៀត នៅ​ឆ្នាំ២០២០ មាន​ពលរដ្ឋ​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ ចំនួន​ ៤នាក់​ស្លាប់ និង​ជាង ១០នាក់ ត្រូវ​បាន​សង្គ្រោះ​បន្ទាន់ ដោយសារ​ពុល​ស្រា​ថ្នាំ​ចិន​សែ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។