នៅចុងសតវត្សទី១៨ ព្រះរាជាខ្មែរនិយមលើករាជ្យថ្វាយគ្នាទៅវិញទៅមកពីឪពុកទៅកូន ពីកូនទៅឪពុកម្តងជាពីរដង។ ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូននូវការឡើងគ្រងរាជ្យលើកទីមួយរបស់ព្រះសត្ថាធិរាជ ដែលត្រូវព្រះបិតាព្រះអង្គ គឺព្រះកែវហ្វាអង្គអឹម ប្រគល់រាជ្យបល្ល័ង្កថ្វាយ និងរាជ្យលើកទី៣ របស់ព្រះកែវហ្វាអង្គអឹម ដែលព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះសត្ថាធិរាជ បង្វែររាជ្យថ្វាយវិញ។
គ. ២៨-១ ព្រះរាជឱង្ការព្រះសត្ថាធិរាជ (ឆ្នាំ១៧២២-ឆ្នាំ១៧២៩ រាជ្យលើកទី១)
នៅគ.ស.១៧២២ សម្ដេចព្រះកែវហ្វាអង្គអឹម ដែលព្រមដាក់ប្រទេសខ្មែរជាចំណុះសៀម ក៏ទ្រង់បានដាក់រាជ្យ ហើយបង្វែររាជ្យសម្បត្តិនោះទៅឲ្យព្រះរាជបុត្ររបស់ព្រះអង្គ ដែលមានព្រះនាមដើមថា ព្រះអង្គជ័យ។ ឯកសារខ្លះថាអង្គជី ឲ្យឡើងសោយរាជ្យស្នងនៅរាជធានីឧដុង្គមានជ័យ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការ ព្រះសត្ថាធិរាជ ដែលជាអ្នកប្រវត្តិវិទូនិយមហៅថាព្រះសត្ថាទី២។
ស្ដេចទ្រង់លើកព្រះស្រីសុជាតា ជាព្រះរាជបុត្រីសម្ដេចព្រះជ័យចេស្ដាអង្គស៊ូ ដែលត្រូវជាព្រះមាតុច្ឆា គឺម្តាយមីងរបស់ព្រះអង្គជាព្រះអគ្គមហេសី។
នៅដើមរាជ្យរបស់ព្រះសត្ថាធិរាជ នេះ មានការបះបោរមួយរបស់ពួកថ្លើង នៅតំបន់ស្រុកនាងផ្អែក ដែលបានប្រកាសលើកខ្លួនជាស្ដេច ក៏ប៉ុន្តែចលនាបះបោរនេះ ត្រូវបានព្រះរាជាបញ្ជាឲ្យមេទ័ពរបស់ព្រះអង្គ នាំពលសេនាទៅវាយបង្ក្រាបបាន ហើយចោមចាប់ពួកក្បត់ទាំងនោះ យកទៅប្រហារជីវិតបង់។
នៅឆ្នាំ១៧២៥ ព្រះមហាឧបយោរាជព្រះជ័យចេស្ដាអង្គស៊ូ ដែលត្រូវជាព្រះអយ្យកោ គឺជីតាផង និងត្រូវជាព្រះស្ថរ្សោ បិតាក្មេកផង ទ្រង់ចូលទិវង្គត។ ព្រះសត្ថាធិរាជ ទ្រង់ចាត់ឲ្យធ្វើបុណ្យសុន្ទរ៍ទានតាមរាជប្រវេណី ហើយដង្ហែព្រះអដ្ឋិធាតុព្រះជ័យចេស្ដាអង្គស៊ូ នេះ ទៅបញ្ចុះក្នុងចេតិយត្រៃត្រិង្សលើកំពូលភ្នំព្រះរាជទ្រព្យក្នុងក្រុងឧដុង្គមានជ័យ។
ព្រះរាជឱង្ការព្រះសត្ថាធិរាជ ឬព្រះសត្ថាទី២ នេះ ទ្រង់សោយរាជ្យបានប្រមាណ ៨ឆ្នាំ ដល់ឆ្នាំ១៧២៩ ទ្រង់ក៏បានដាក់រាជ្យដែលជាការបញ្ចប់រាជ្យទី១ របស់ព្រះអង្គ ហើយថ្វាយរាជ្យសម្បត្តិនេះទៅព្រះបិតាព្រះអង្គ គឺព្រះកែវហ្វាអង្គអឹម វិញ។
សម្ដេចព្រះកែវហ្វាអង្គអឹម ក៏ទ្រង់ឡើងសោយរាជ្យជាថ្មីជាលើកទី៣ បន្តពីព្រះរាជបុត្ររបស់ព្រះអង្គ។
គ. ២៦-៣ ព្រះកែវហ្វាអង្គអឹម (ឆ្នាំ១៧២៩ រាជ្យលើកទី៣)
ក្នុងរាជ្យលើកទី៣ របស់ព្រះអង្គ ដែលទ្រង់ឡើងសោយរាជ្យបន្តពីព្រះសត្ថាធិរាជ ជាព្រះរាជបុត្ររបស់ព្រះអង្គនៅរាជធានីឧដុង្គនេះ ព្រះអង្គអឹម ទ្រង់មានព្រះនាមក្នុងរាជ្យថា សម្ដេចស្ដេចព្រះជ័យជេដ្ឋាធិរាជរាមាឥសូរ ប៉ុន្តែក្នុងរាជ្យលើកទី៣ របស់ព្រះអង្គនេះ ព្រះអង្គពុំបានគង់ក្នុងរាជ្យយូរអង្វែងឡើយ។ ព្រះអង្គទ្រង់សោយរាជ្យបានតែ ៧ខែប៉ុណ្ណោះ គឺនៅដំណាច់ឆ្នាំ១៧២៩ នៃគ.ស. ដដែលនោះ ព្រះអង្គទ្រង់បង្វែររាជ្យសម្បត្តិនេះទៅឲ្យរាជបុត្រព្រះអង្គ គឺព្រះសត្ថាធិរាជ ឬព្រះសត្ថាទី២ ម្តងវិញទៀត។ ឯកសារខ្លះបានរៀបរាប់ថា ហេតុដែលនាំឲ្យព្រះកែវហ្វាអង្គអឹម ឆាប់ដាក់រាជ្យថ្វាយទៅព្រះរាជបុត្រវិញដូច្នេះ ព្រោះមានរាស្ត្រប្រជា និងនាម៉ឺនសព្វមុខមន្ត្រីជាច្រើន មិនសប្បាយចិត្តនឹងព្រះអង្គ ដែលលោភលន់ចង់បានបល្ល័ង្ករាជ្យ សុខចិត្តដាក់នគរជាចំណុះសៀម រហូតដល់ប្រជារាស្ត្រមួយចំនួន ទ្រង់ថ្វាយរហស្សនាមព្រះអង្គថា ជាស្ដេចសៀម ថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
