ប្រទេស​កម្ពុជា​សម័យ​អង្គរ​សតវត្សរ៍​ទី​៩​ដល់​សតវត្សរ៍​ទី​១៤ (ភាគ​៩)

ដោយ ជុន ច័ន្ទបុត្រ
2014-03-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

១.ព្រះរាជា​ដំបូង​នៃ​សម័យ​អង្គរ និង​លទិ្ធទេវរាជ (ភាគ​ទី​៩)

ព្រះមហាក្សត្រ​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​អង្គ​ដែល​បាន​រំដោះ​ប្រទេស​កម្ពុជា អោយ​រួច​ពី​អាណានិគម​ជ្វា និង​ជា​ស្ថាបនិក​នៃ​សម័យ​អង្គរ គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២។ អ្នក​ប្រវត្តិសាស្ត្រ​ជំនាន់​មុន​ភាគ​ច្រើន ចាត់​ទុក​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ត្រូវ​ពួក​ជ្វា ចាប់​យក​ទៅ​កោះ​ជ្វា រួច​បាន​ភៀស​ព្រះ​កាយ​មក​កម្ពុជា វិញ ដើម្បី​ដឹក​នាំ​ចលនា​រំដោះ​ជាតិ។ ក៏ប៉ុន្តែ អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ​ជំនាន់​ក្រោយ​បាន​អះអាង​ខុស​ពី​នេះ។

តើ​រឿងរ៉ាវ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ដ៏​ល្បីល្បាញ​នោះ​មាន​ដំណើរ​ដើម​ទង​យ៉ាង​ណា? សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​ការ​រៀប​រាប់​របស់ លោក ជុន ច័ន្ទបុត្រ អំពី​រឿង​នេះ​ដូច​ត​ទៅ៖

ក. ព្រះបាទ​ជ័យវរ្ម័ន​ទី​២ (៨០២-៨៥០)

ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ជា​ព្រះមហាក្សត្រ​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ។ ព្រះអង្គ​ទ្រង់​បាន​រំដោះ​ប្រទេស​កម្ពុជា អោយ​រួច​ផុត​ពី​អំណាច​ជិះ​ជាន់​របស់​រាជវង្ស​សៃលេន្ទ្រៈ នៃ​កោះ​ជ្វា និង​ផ្តល់​ឯករាជ្យ​ដល់​ប្រទេស​ជាតិ។ គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២​នេះ​ហើយ ដែល​ទ្រង់​បាន​ចាប់​ផ្ដើម​កសាង​មូលដ្ឋាន​គ្រឹះ​នៃ​សម័យ​ដ៏​រុងរឿង​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា គឺ​សម័យ​មហានគរ ឬ​មហា​អាណាចក្រ​ខ្មែរ។

ឯកសារ​ប្រវត្តិសាស្ត្រ​ភាគ​ច្រើន​សរសេរ​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ប្រហែល​ជា​ត្រូវ​ភៀស​ព្រះ​កាយ​ក្នុង​ពេល​វឹកវរ​ចលាចល ឬ​ក៏​ត្រូវ​បាន​ពួក​ចោរ​ជ្វា ចាប់ ហើយ​នាំ​យក​ទៅ​កោះ​ជ្វា ទាំង​គ្រួសារ ក្នុង​ពេល​ដែល​ពួក​នេះ​បាន​ចូល​លុកលុយ​ក្រុង​សម្ភុបុរៈ នៃ​ចេនឡា​ទឹក ហើយ​ធ្វើ​គត់​ព្រះរាជា​ខ្មែរ​នៅ​ឆ្នាំ​៧៨៧ និង​រឹប​យក​នគរ​ខ្មែរ​ដាក់​ជា​ចំណុះ​កោះ​ជ្វា នោះ។ ក៏ប៉ុន្តែ ការ​ស្រាវជ្រាវ​សិលាចារឹក​បន្ថែម​របស់​ប្រវត្តិវិទូ​ខ្មែរ​មាន​ស្នាដៃ​និពន្ធ​របស់​លោក​សាស្ត្រាចារ្យ វង់ សុធារ៉ា និង ណុប សុខា នៃ​សាកលវិទ្យាល័យ​ភ្នំពេញ ជាដើម អះអាង​ថា រវាង​ឆ្នាំ​៧៩០ ព្រះបាទ​ជ័យវរ្ម័ន​ទី​២ គឺ​ជា​ព្រះមហាក្សត្រ​រួច​ទៅ​ហើយ ហើយ​ប្រហែល​ជា​កំពុង​ដឹក​នាំ​តំបន់​មួយ​ផ្នែក​នៅ​កម្ពុជា ទៀត​ផង។

ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជា របស់ លោក វង់ សុធារ៉ា និង ណុប សុខា ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា នៅ​សតវត្សរ៍​ទី​៨ ទាំង​កោះ​ជ្វា និង​កោះ​ស៊ូមាត្រា គ្មាន​អំណាច​គ្រប់គ្រាន់​ឯណា​នឹង​មក​ដណ្ដើម​យក​កម្ពុជា ទៅ​ធ្វើ​ជា​នគរ​ចំណុះ និង​ចាប់​គ្រួសារ​រាជវង្ស ដូច​ជា​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ យក​ទៅ​នគរ​របស់​ខ្លួន​បាន​នោះ​ទេ។ លោក​ថា រឿង​ជ្វា លុកលុយ​ចេនឡា រួច​កាត់​ក្បាល​ស្ដេច​ខ្មែរ និង​ចាប់​ព្រះ​រាជវង្ស​ខ្មែរ​ទៅ​កោះ​ជ្វា នោះ គ្រាន់​តែ​ជា​រឿង​ប្រឌិត​មួយ​របស់​អ្នក​និពន្ធ​អារ៉ាប់ ហើយ​ត្រូវ​អ្នក​ជាតិ​និយម​ឥណ្ឌូនេស៊ី យក​ទៅ​រំលេច​បន្ថែម ដើម្បី​អួតអាង​ពី​កិត្យានុភាព​ពី​អតីតកាល​បែប​ស្រមើស្រមៃ​របស់​គេ​តែ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ បើ​ផ្អែក​ទៅ​តាម​ឯកសារ​ដែល​ថា​ជ្វា ចាប់​រាជវង្ស​ខ្មែរ​យក​ទៅ​កោះ​ជ្វា វិញ ថា​ពេល​ដែល​គង់​ជា​ចំណាប់​ខ្មាំង​នៅ​កោះ​ជ្វា នេះ ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ទ្រង់​បាន​សិក្សា​ដើម្បី​អោយ​បាន​ដឹង​ច្បាស់​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​សាសនា ដែល​ជា​ប្រភព​អំណាច​អធិរាជ​លោកិយ​របស់​ស្ដេច​សៃលេន្ទ្រៈ។ ប្រហែល​ជា​ក្នុង​ឆ្នាំ​៨០០ នៃ​គ្រិស្ដសករាជ ព្រះអង្គ​ក៏​លប​ភៀស​ព្រះ​កាយ​យាង​ត្រឡប់​មក​មាតុភូមិ​វិញ។ មុន​ពេល​ឡើង​សោយរាជ្យ​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ស្មោះ​ត្រង់ និង​ក្លៀវក្លា​ពី​មេទ័ព​ជាច្រើន ព្រះអង្គ​ទ្រង់​បាន​បង្រួបបង្រួម​ទឹក​ដី​នគរ​ចេនឡា​ទឹក អោយ​មាន​ឯកភាព និង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស។

ពេល​យាង​មក​ដល់​មាតុភូមិ​ដំបូង ព្រះអង្គ​ទ្រង់​យាង​ទៅ​គង់​នៅ​ឥន្ទ្របុរៈ ទំនង​ជា​មាន​ទីតាំង​ត្រង់​បន្ទាយ​ព្រៃ​នគរ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម សព្វថ្ងៃ។ គឺ​នៅ​ទី​នោះ​ហើយ​ដែល​ព្រះអង្គ​ទ្រង់​ទទួល​យក​ព្រាហ្មណ៍​សិវៈកៃវល្យៈ អោយ​ចូល​ធ្វើ​ជា​រាជបុរោហិត​របស់​ព្រះអង្គ។ បន្ទាប់​ពី​ឥន្ទ្របុរៈ ព្រះអង្គ​ទ្រង់​យាង​ទៅ​គង់​នៅ​ម្តុំ​ខាង​ជើង​បឹង​ទន្លេសាប ជា​ដំបូង​នៅ​គុទិ ដែល​ទំនង​ជា​មាន​ទីតាំង​ស្ថិត​នៅ​ខាង​ជើង​ប្រាសាទ​បន្ទាយ​ក្តី​បច្ចុប្បន្ន។ រួច​បន្ទាប់​មក ព្រះអង្គ​ទ្រង់​យាង​ទៅ​គង់​នៅ​ហរិហរាល័យ ក្នុង​ស្រុក​រលួស​នៃ​ខេត្ត​សៀមរាប។ បន្ទាប់​មក​ទៀត ព្រះអង្គ​ទ្រង់​ប្ដូរ​ទៅ​គង់​នៅ​អមរេន្ទ្របុរៈ ដែល​ទំនង​ជា​មាន​ទីតាំង​ស្ថិត​នៅ​ចំ​ទំនប់​ខាង​លិច​នៃ​បារាយណ៍​ទឹក​ថ្លា​សព្វថ្ងៃ​នេះ។

ចុង​ក្រោយ​បង្អស់ ដោយ​មាន​ព្រាហ្មណ៍​សិវៈកៃវល្យៈ និមន្ត​ទៅ​ជាប់​ជាមួយ​ជានិច្ច​ផង ព្រះអង្គ​ទ្រង់​យាង​ទៅ​គង់​នៅ​លើ​ភ្នំ​គូលែន ដែល​មាន​ឈ្មោះ​ថា មហិន្ទ្របរពត៌។ គឺ​នៅ​លើ​ភ្នំ​គូលែន នោះ​ហើយ ក្នុង​អំឡុង​ឆ្នាំ​៨០២ នៃ​គ្រិស្ដសករាជ ដែល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ទ្រង់​បាន​ប្រារព្ធ​ធ្វើ​ពិធី “ទេវរាជ” ក្នុង​បំណង​ធ្វើ​អោយ​ប្រទេស​ខ្មែរ​កម្វុជទេស បាន​ឯករាជ្យ​រួច​ពី​ចំណុះ​ជ្វា ហើយ​រៀប​ចំ​ពិធី​រាជាភិសេក​ធ្វើ​អោយ​ព្រះអង្គ​បាន​ឋានៈ​ជា​ចក្រវាតីន ដែល​ពាក្យ​ខ្មែរ​បុរាណ​ហៅ​ថា “កម្រតេងជគតតរាជ” ដែល​មាន​ន័យ​ថា ស្ដេច​ចក្រវាឡ ឬ​អម្ចាស់​នៃ​លោក គឺ​ស្ដេច។

ខ.លទិ្ធទេវរាជ

ពី​អាស្រម​បទ​ជតាបត្តិ ដែល លោក ហ្សក សឺដេស យល់​ថា​ប្រាសាទ​ខ្នា ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ទ្រង់​បាន​និមន្ត​ព្រះ​គ្រូ​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហិរណ្យទាមៈ អ្នក​ប្រាជ្ញ​ខាង​វេទមន្ត ដើម្បី​អោយ​ព្រះអង្គ​ជួយ​រៀប​ចំ​ធ្វើ​ពិធី​ទេវរាជ ទៅ​តាម​ក្បួន​គម្ពីរ​ខាង​ព្រហ្មញ្ញ​សាសនា។ ព្រះ​គ្រូ​ព្រាហ្មណ៍​ហិរណ្យទាមៈ បាន​បង្រៀន​រាជបុរោហិត ឈ្មោះ សិវកៃវល្យៈ អោយ​ចេះ​ចាំ​ស្ទាត់​ក្បួន​ច្បាប់​ក្នុង​គម្ពីរ​ធំៗ​សំខាន់ៗ​បួន​របស់​លទ្ធិព្រាហ្មណ៍ គឺ​វិនាសិខា នយុត្តរា សម្មោហៈ និង​សិរៈច្នេត ហើយ​បាន​បញ្ញត្តិ​អោយ​រាជ​គ្រូ​បុរោហិត អនុវត្ត​តាម​ក្បួន​ពិធី​ទេវរាជ​ខាង​សាសនា​ព្រាហ្មណ៍​អោយ​បាន​ហ្មត់ចត់​ល្អ​ឥត​ខ្ចោះ​ផង។

ព្រះបាទ​ជ័យវរ្ម័ន​ទី​២ និង​ព្រះ​គ្រូ​ព្រាហ្មណ៍​ហិរណ្យទាមៈ បាន​ធ្វើ​សច្ចា​ថា អំណើះ​ត​ទៅ​មាន​តែ​សមាជិក​គ្រួសារ​នៃ​ព្រាហ្មណ៍​សីវកៃវល្យៈ​ទេ​ដែល​អាច​ប្រារព្ធ​ធ្វើ​ពិធី​ទេវរាជ​នេះ​បាន។ បើ​តាម​ការ​សន្និដ្ឋាន​របស់ លោក ហ្សក សឺដេស លោក​យល់​ថា ក្នុង​ចំណោម​គម្ពីរ​សំខាន់​ទាំង​បួន​នោះ មាន​គម្ពីរ​មួយ គឺ​គម្ពីរ​សិរៈច្នេតៈ ប្រែ​ថា​កាត់​ក្បាល ដែល​បាន​បង្ហាញ​ផ្លូវ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ចប់​ការ​ជិះ​ជាន់​បង្ខិតបង្ខំ​របស់​បរទេស​មក​លើ​ប្រទេស​ខ្មែរ។

នៅ​ពេល​ដែល​ពួក​ជ្វា ចូល​មក​លុកលុយ​នគរ​ចេនឡា ពួក​នេះ​បាន​ធ្វើ​គត់​ព្រះរាជា​ខ្មែរ ហើយ​កាត់​ព្រះ​សិរសា​ព្រះអង្គ​ផង។ ដូច្នេះ ដើម្បី​អោយ​រួច​ផុត​ពី​អំណាច​ជិះ​ជាន់​របស់​ជ្វា នេះ គេ​អាច​សន្មត​ថា ក្នុង​ការ​ប្រារព្ធ​ពិធី​លើ​ភ្នំ​គូលែន នោះ​ប្រហែល​ជា​មាន​ធ្វើ​ពិធី​ឧបកិច្ច​ផ្តាច់​ក្បាល​រូប​សំណាក​ស្ដេច​ជ្វា វង្សសៃលេន្ទ្រៈ ស្រប​តាម​គម្ពីរ​សិរៈច្នេតៈ ដើម្បី​ជា​និម្មិត​នៃ​ប្រកាស​ឯករាជ្យ​នគរ​ខ្មែរ​ផង ហើយ​ស្រប​ជាមួយ​និង​ពេល​នោះ​ដែរ គេ​រៀប​ចំ​អភិសេក​សិវលិង្គ “តំណាង​ថាមពល​ច្នៃ​ប្រឌិត” ដែល​គេ​សន្មត​ថា បាន​មក​ពី​ព្រះឥសូរ តាម​រយៈ​ព្រាហ្មណ៍។ ធ្វើ​ដូច្នេះ គេ​អាច​ចាត់​ទុក​ថា អាត្ម័ន​ពិសិដ្ឋ​របស់​ព្រះរាជា បាន​នៅ​សណ្ឋិត​ក្នុង​សិវលិង្គ​នោះ​ដែល​បាន​ក្លាយ​ជា​តំណាង ឬ​និមិត្តរូប​នៃ​ទេវរាជ គឺ​ព្រះរាជា​ទ្រង់​ក្លាយ​ជា​ព្រះឥសូរ​បែង​ភាគ ដែល​មាន​អំណាច​គ្រប់គ្រង​លើ​សព្វ​សត្វ។

ចាប់​តាំង​ពី​ពេល​នោះ​ទៅ បញ្ជា​របស់​ព្រះរាជា គឺ​ជា​បញ្ជា​របស់​ព្រះអាទិទេព។ ការ​គោរព​ប្រណិប័តន៍ និង​ធ្វើ​តាម​បទ​បញ្ជា នឹង​នាំ​មក​នូវ​កុសល​ផល​បុណ្យ​ដល់​អ្នក​ដែល​បាន​អនុវត្តន៍ ឬ​ប្រព្រឹត្ត​អំពើ​នោះ។ ដោយ​ហេតុ​ថា ព្រះឥសូរ មាន​លំនៅ​នៅ​លើ​ភ្នំ​កៃឡាស់ សិវលឹង្គ ដែល​ជា​តំណាង​ព្រះឥសូរ ផង និង​ជា​តំណាង​ព្រះរាជា​ផង ក៏​ត្រូវ​តែ​តម្កល់​លើ​ភ្នំ ឬ​ទី​ខ្ពស់​ផង​ដែរ។ ប្រសិន​បើ​គ្មាន​ភ្នំ​ធម្មជាតិ​ទេ គេ​ត្រូវ​កសាង​ប្រាសាទ មាន​ខឿន​ខ្ពស់​ជា​ភ្នំ​សិប្បនិម្មិត ឬ​ប្រាសាទ​ភ្នំ ដើម្បី​តម្កល់​សិវលិង្គ នេះ។

ម៉្យាង​ទៀត ប្រាសាទ​ភ្នំ​នេះ​ត្រូវ​ស្ថិត​នៅ​ចំ​កណ្ដាល​រាជធានី​ដែល​ចាត់​ទុក​ដូច​ជា​ភ្នំ​ព្រះសុមេរុ ជា​ស្នូល​នៃ​ចក្រវាឡ​ថែម​ទៀត​ផង។ ឯ​ប្រាសាទ​ភ្នំ​ទី​១ ដែល​សាង​ឡើង​មុន​គេ​បង្អស់​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ គឺ​ប្រាសាទ​អារាម​រោង​ចិន ធ្វើ​អំពី​ឥដ្ឋ​នៅ​លើ​ភ្នំ​គូលែន។ នេះ​បើ​តាម​ឯកសារ​របស់ លោក ត្រឹង ងារ។ គេ​មិន​ដឹង​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ទ្រង់​គង់​នៅ​លើ​ភ្នំ​គូលែន អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទេ។ ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ពី​ឆ្នាំ​៨០២ ហើយ​ចុង​ក្រោយ​បំផុត ព្រះអង្គ​ទ្រង់​យាង​ត្រឡប់​ទៅ​គង់​នៅ​ហរិហរាល័យ គឺ​រលួស​វិញ ទ្រង់​នាំ​យក​ទាំង​លិង្គ​ទេវរាជ ទៅ​ជាមួយ​ផង។ គឺ​នៅ​ហរិហរាល័យ នេះ​ហើយ​ដែល​ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​៨៥០ ឬ ៨៥៤ នៃ​គ្រិស្ដសករាជ ដោយ​ទ្រង់​ទទួល​ព្រះមរណនាម​ថា បរមេស្វរៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

គា​​ ឧត្តម

ពី ភ្នំពេញ

សម័យអង្គរសត្សវត្តន៌ទី០៩ ដល់ទី១៥ ចាប់ផ្តើមពីព្រះបាទជយវម្ម័ទី០២​ ដល់​​ ព្រះបាទពញ្ញាយ៉ាត​ ពីឆ្នាំ(៨០២ដល់១៤៣២)

Jul 25, 2016 12:15 AM

រស្មី ទេវី

ពី ភ្នំពេញ

តាមការស្រាវជ្រាវថ្មីៗកន្លងមកឃើញថាព្រះបាទជ័យវ្ម័នទី២ មិនមែនសោយទីវង្គតនៅឆ្នាំ៨៥០ ឬ៨៥៤ ទេព្រះអង្គរសោយទីវង្គតនៅឆ្នាំ៨៣៤។

Mar 21, 2015 02:53 AM

គេហទំព័រ​ទាំងមូល