សកម្មភាព​របស់​ព្រះរាជា​សម័យ​អង្គរ​ចំនួន​៤​អង្គ (ភាគ​១២)

ដោយ ជុន ច័ន្ទបុត្រ
2014-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មករា-២០១២៖ ប្រាសាទ​អង្គរវត្ត ស្ថិត​ក្នុង​ខេត្ត​សៀមរាប
មករា-២០១២៖ ប្រាសាទ​អង្គរវត្ត ស្ថិត​ក្នុង​ខេត្ត​សៀមរាប
RFA/Hang Savyouth

នៅ​សម័យ​អង្គរ ព្រះរាជា​ខ្មែរ​ទាំង​ឡាយ​បាន​ច្បាំង​គ្នា​ដណ្ដើម​រាជ្យ រួច​រុះរើ​រាជធានី​ចុះ​ឡើង​ជាច្រើន​លើក​ច្រើន​សា។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​នូវ​សកម្មភាព​របស់​ព្រះរាជា​សម័យ​អង្គរ​ចំនួន ៤​អង្គ គឺ​ព្រះបាទ​ជ័យវរ្ម័នទី៥ ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី១ និង​ព្រះបាទ​ជ័យវិរៈវរ្ម័ន។

ក១០. ព្រះបាទ​ជ័យវរ្ម័នទី៥ (៩៦៨-១០០១)

ក្រោយ​ពី​ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ដែល​ទ្រង់​នៅ​មាន​វ័យ​ក្មេង​ណាស់​នៅ​ឡើយ ទ្រង់​បាន​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​ជ័យវរ្ម័នទី៥។ ក៏ប៉ុន្តែ ប្រហែល ៦​ឆ្នាំ​ក្រោយ ទើប​ព្រះអង្គ​កាន់​អំណាច​ពិត​ប្រាកដ។ ព្រះបាទ​ជ័យវរ្ម័នទី៥ ទ្រង់​ជា​ស្ដេច​ដែល​មាន​ចំណេះ​វិជ្ជា​ជ្រៅជ្រះ ដោយ​បាន​ទទួល​ការ​អប់រំ​ពី​សំណាក់​ព្រះ​គ្រូ​បាធ្យាយ​ព្រះអង្គ គឺ​ព្រាហ្មណ៍យជ្ជនៈវរហៈ ហើយ​ទ្រង់​មាន​ព្រះទ័យ​សន្តោស​ប្រោសប្រណី និង​យុត្តិធម៌​ណាស់។

ថ្វី​ត្បិត​តែ​ព្រះអង្គ និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​កាន់​សាសនា​ព្រះ​ឥសូរ ក៏ប៉ុន្តែ​រជ្ជកាល​នេះ​ក៏​ដូច​ជា​រជ្ជកាល​មុនៗ​ដែរ ព្រះអង្គ​ទ្រង់​បាន​ជួយ​ឧបត្ថម្ភ​ព្រះពុទ្ធ​សាសនា ដូចជា​ទ្រង់​បាន​បញ្ជា​អោយ​មន្ត្រី​ជាន់​ខ្ពស់​របស់​ព្រះអង្គ​ម្នាក់​ឈ្មោះ គតិ ខិតខំ​ខ្នះខ្នែង​ជួសជុល និង​កសាង​បន្ថែម​ថ្មី​នូវ​ព្រះពុទ្ធ​បដិមា​ជាច្រើន ហើយ​បាន​ជាវ​ពី​បរទេស​នូវ​ក្បួន​ខ្នាត​គម្ពីរ​ដីកា​ផ្សេងៗ​ខាង​ព្រះពុទ្ធ​សាសនា​មហាយាន ថែម​ទៀត​ផង។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ព្រះបាទ​ជ័យវរ្ម័នទី៥ ទ្រង់​បាន​កសាង​ប្រាសាទ​តាកែវ ដែល​ចាត់​ទុក​ថា ជា​ភ្នំ​ហេមគិរី នៅ​ចំ​កណ្ដាល​ក្រុង​ថ្មី ជយេន្ទ្រនគរី ដែល​ព្រះអង្គ​ទ្រង់​បាន​បង្កើត​ឡើង។ ឯ​ព្រះ​គ្រូ​យជ្ជនៈវរហៈ វិញ បាន​បង្កើត​ស្នាដៃ​ដ៏​ប្រណីត​បន្ទាយស្រី​ផង​ដែរ។ ព្រះបាទ​ជ័យវរ្ម័នទី៥ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​៩៦៨ ហើយ​សោយ​ទិវង្គត​នៅ​ឆ្នាំ​១០០១ ដែល​មាន​ព្រះ​មរណនាម​ថា បរមៈវិរលោក។

ក១១. ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី១ (១០០១-១០០២)

ក្រោយ​ពី​ព្រះបាទ​ជ័យវរ្ម័នទី៥ ទ្រង់​សោយ​ទិវង្គត​ទៅ ក្មួយ​ខាង​ព្រះ​មាតា​របស់​ព្រះអង្គ​ព្រះនាម​ឧទ័យាទិត្យាវរ្ម័នទី១ ទ្រង់​បាន​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ។ ប៉ុន្តែ​ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី១ សោយរាជ្យ​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ព្រះអង្គ​ក៏​ទ្រង់​ដាក់​រាជ្យ ឬ​ក៏​ទ្រង់​សោយ​ទិវង្គត​ទៅ​នៅ​ក្នុង​ឆ្នាំ​១០០២។ ក្រោយ​ពី​ពេល​នោះ​មក សង្គ្រាម​ស៊ីវិល​មួយ​ក៏​បាន​ផ្ទុះ​ឡើង​មាន​រយៈពេល ៩​ឆ្នាំ។

ក១២. ព្រះបាទ​ជ័យវិរៈវរ្ម័ន (១០០២-១០១០)

ក្រោយ​ពី​ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី១ ទ្រង់​សោយ​ទិវង្គត​ទៅ​នៅ​ឯ​រាជធានី​យសោធបុរៈ គឺ​ក្រុង​អង្គរ​ក្នុង​ឆ្នាំ​១០០២ មាន​ការ​ជ្រើស​រើស​ព្រះមហាក្សត្រ​មួយ​អង្គ​ថ្មី​ដែល​គេ​មិន​បាន​ស្គាល់​ប្រវត្តិ​ច្បាស់ អោយ​ឡើង​សោយរាជ្យ​បន្ត ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​ជ័យវិរៈវរ្ម័ន។ ក្នុង​រាជ្យ​របស់​ព្រះអង្គ មាន​ការ​បះបោរ​ច្បាំង​ដណ្ដើម​រាជ្យ​គ្នា​រវាង​ព្រះអង្គ និង​ក្សត្រ​មួយ​អង្គ​ទៀត ដែល​យាង​មក​ពី​ទិស​ខាង​លិច​ដែល​ជា​អនាគត​ព្រះបាទ​សូរ្យវរ្ម័នទី១។ ក្នុង​ចំបាំង​ដណ្ដើម​រាជ្យ​គ្នា​នេះ ក្នុង​ឆ្នាំ​១០០៦ រាជធានី​យសោធបុរៈ គឺ​ក្រុង​អង្គរ ក៏​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ដណ្ដើម​រាជ្យ។ ក៏ប៉ុន្តែ​សង្គ្រាម​ស៊ីវិល​នៅ​តែ​បន្ត​អស់​រយៈពេល ៤​ឆ្នាំ​ក្រោយ​មក​ទៀត ពោល​គឺ​រហូត​ដល់​ឆ្នាំ​១០១០ ទើប​ព្រះបាទ​ជ័យវិរៈវរ្ម័ន ទទួល​បរាជ័យ​ទាំង​ស្រុង ហើយ​ក៏​ទ្រង់​សុគត​ក្នុង​សង្គ្រាម​នោះ​ទៅ។

ដូច្នេះ​ឃើញ​ថា ព្រះបាទ​ជ័យវិរៈវរ្ម័ន សោយរាជ្យ​ពី​ឆ្នាំ​១០០២ ដល់​ឆ្នាំ​១០១០ នៃ​គ្រិស្ដសករាជ ប៉ុន្តែ​ដល់​ពេល​ទ្រង់​សុគត​ទៅ គេ​មិន​បាន​ដឹង​ពី​ព្រះ​មរណនាម​របស់​ព្រះអង្គ​ឡើយ។

ក១៣. ព្រះបាទ​សូរ្យវរ្ម័នទី១ (១០០២-១០៥០)

ព្រះបាទ​សូរ្យវរ្ម័នទី១ ដែល​ទ្រង់​បាន​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​ជ័យវិរៈវរ្ម័ន នេះ​បាន​អះអាង​ថា ព្រះអង្គ​ទ្រង់​ជាប់​ព្រះ​ញាតិ​ខាង​មាតា​ព្រះបាទ​ឥន្ទ្រវរ្ម័នទី១ និង​ជាប់​ញាតិ​ទៅ​នឹង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ គឺ​យសោវរ្ម័នទី១ ហើយ​ទំនង​ជា​មាន​កំណើត​កើត​ជា​នៅ​តម្រា​លិង្គ (នគរ​ស្រី​ធម្មរាជ) ដែល​មាន​តំបន់ Ligor ជា​មណ្ឌល​កណ្ដាល គឺ​ដែន​ដី​នៅ​ភាគ​ខាង​ជើង​ជ្រោយ​ម៉ាឡេស៊ី។ ដែន​ដី​នេះ​ជា​សម្បត្តិ​របស់​អាណាចក្រ​នគរ​ភ្នំ រួច​បន្ត​មក​ចេនឡា​ទឹក ហើយ​ស្ថិត​នៅ​ជា​របស់​ខ្មែរ​រហូត​ដល់​ឆ្នាំ​១២២០ ទើប​បាត់​បង់។

នៅ​ក្នុង​ការ​វាយ​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​ជ័យវិរៈវរ្ម័ន ព្រះអង្គ​រៀប​ចេញ​ដំណើរ​រៀប​ចំ​ទ័ព​ពី​ខេត្ត​នគររាជ ហើយ​នាំ​ទ័ព​វាយ​ទន្ទ្រាន​យក​បាន​ក្រុង​អង្គរ​នៅ​ឆ្នាំ​១០០៦ ហើយ​ថ្វី​ត្បិត​តែ​រហូត​ដល់​ឆ្នាំ​១០១០ ទើប​ព្រះអង្គ​ទ្រង់​វាយ​ឈ្នះ​ជា​ស្ថាពរ​ក៏ដោយ ក៏​ព្រះបាទ​សូរ្យវរ្ម័នទី១ ទ្រង់​ចាត់​ទុក​ថា ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​តាំង​ពី​ឆ្នាំ​១០០២ គឺ​ដំណាល​គ្នា​នឹង​ព្រះបាទ​ជ័យវិរៈវរ្ម័ន ម្ល៉េះ។ ក្រោយ​ពី​បាន​ជ័យ​ជម្នះ​ហើយ ព្រះអង្គ​ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​នឹង​អតីត​អគ្គមហេសី​របស់​ព្រះបាទ​ជ័យវិរៈវរ្ម័ន ថែម​ទៀត​ផង។ នៅ​ឆ្នាំ​១០១១ ព្រះអង្គ​ទ្រង់​បាន​បញ្ជា​អោយ​នាម៉ឺន​សព្វ​មុខ​មន្ត្រី ធ្វើ​ការ​ស្បថ​សច្ចា​ថា ស្មោះ​ត្រង់​នឹង​ព្រះអង្គ​ក្នុង​គ្រប់​កាលៈទេសៈ ពោល​គឺ​ទោះ​ស្ថិត​ក្នុង​ពេល​សង្គ្រាម​ក្តី ឬ​ក៏​ក្នុង​ពេល​មាន​សុខ​សន្តិភាព​ក្តី។ អត្ថបទ​សច្ចាប្រណិធាន​នេះ​មាន​ចារ​នៅ​ខ្លោងទ្វារ​ចូល​ទៅ​ព្រះបរមរាជវាំង។

ព្រះបាទ​សូរ្យវរ្ម័នទី១ ទ្រង់​ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន​បំផុត។ ព្រះអង្គ​ទ្រង់​បាន​លើក​ទ័ព​ទៅ​វាយ​ពួក​មន​នៅ​ហរិបុញ្ជ័យឡាំហ៊ន់ ហើយ​និង​យុទ្ធនាការ​ដោយ​ជោគជ័យ​ជាច្រើន​លើក​ទៀត ធ្វើ​អោយ​ព្រះអង្គ​អាច​ត្រួតត្រា​បាន​គ្រប​ដណ្ដប់​លើ​វាល​ទំនាប​ទន្លេ​មេណាម ទាំង​មូល និង​វាល​ទំនាប​ទន្លេ​មេគង្គ​រហូត​ដល់​ហ្លួង​ព្រះ​បាង។ ក្នុង​វិស័យ​សំណង់ ព្រះបាទ​សូរ្យវរ្ម័នទី១ ទំនង​ជា​បាន​ស្ថាបនា​បង្ហើយ​ប្រាសាទ​ភិមាន​អាកាស ប្រាសាទ​តាកែវ និង​គោបុរៈ នៃ​រាជវាំង។ ក្រៅ​ពី​នេះ ព្រះអង្គ​បាន​កសាង​ប្រាសាទ​ភ្នំ​ជីសូរ ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ព្រះវិហារ និង​ព្រះ​ខ័ន​កំពង់ស្វាយ។

គឺ​ព្រះបាទ​សូរ្យវរ្ម័នទី១ នេះ​ហើយ​ដែល​បាន​រៀប​ចំ​គម្រោង​ប្លង់​ទីក្រុង​អង្គរ​ទី​២ ដែល​មាន​ប្រាសាទ​បាពួន ជា​ស្នូល ហើយ​ដែល​ត្រូវ​បាន​កសាង​អោយ​សម្រេច​ដោយ​ព្រះរាជបុត្រ ឬ​ចៅ​ក្មួយ​របស់​ព្រះអង្គ ដែល​សោយរាជ្យ​បន្ត​ពី​ព្រះអង្គ។

ក្នុង​ផ្នែក​សាសនា​វិញ ព្រះបាទ​សូរ្យវរ្ម័នទី១ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដំបូង​គេ​បង្អស់ ដែល​កាន់​ព្រះពុទ្ធ​សាសនា​មហាយាន។ ក្នុង​រាជ្យ​ព្រះអង្គ​ក៏​ដូច​ជា​រាជ្យ​មុនៗ​ដែរ ថ្វី​ត្បិត​តែ​ព្រះអង្គ​កាន់​ពុទ្ធ​សាសនា ព្រះអង្គ​បាន​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ព្រហ្មញ្ញសាសនា និង​សាសនា​ឯ​ទៀត​ដូច​គ្នា។

ជាក់ស្តែង ព្រះអង្គ​ទ្រង់​ចាត់​ចែង​អោយ​មន្ត្រី​របស់​ព្រះអង្គ​ជួស​ជុល​បូជនីយដ្ឋាន និង​បដិមា​ផ្សេងៗ​ខាង​ព្រហ្មញ្ញសាសនា ក្នុង​រាជធានី​ដែល​ខូចខាត​ដោយ​សង្គ្រាម​ស៊ីវិល ជាដើម។ ហើយ​ក៏​មាន​ចំណារ​នៃ​សិលាចារឹក​ខ្លះ​បាន​អោយ​ដឹង​ថា ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ពួក​កាន់​សាសនា​ព្រាហ្មណ៍ និង​កាន់​សាសនា​ព្រះពុទ្ធ​នៃ​យាន​ទាំង​ពីរ បាន​រួម​រស់​ដោយ​សុខសាន្ត​ជាមួយ​គ្នា​ទៀត​ផង។ ព្រះបាទ​សូរ្យវរ្ម័នទី១ ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​១០៥០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា និវាន៌បទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Thank you so much,Mr chon chan bort express our history. i am so proud born as khmer and die as khmer,

Apr 23, 2014 09:07 PM

Sonnara

ពី Phnom Penh

You should read new documents that can receive new datas for all Khmer people.

Apr 23, 2014 11:56 AM

គេហទំព័រ​ទាំងមូល