អង្គការសមាគមខ្មែរក្រោមនៅក្នុង និងនៅក្រៅស្រុក គ្រោងនឹងធ្វើបុណ្យខួប ៧៣ឆ្នាំថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម
2022.06.02

សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គ្រោងនឹងធ្វើពិធីនេះនៅថ្ងៃទី៤ ខែមិថុនា នៅវត្តខេមរង្ស៊ី ទីក្រុង សាន់ហូសេ (San Jose) រដ្ឋ កាលីហ្វ័រញ៉ា (California)។ ដោយឡែកសហគមន៍ខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅកម្ពុជាវិញ ក៏នឹងធ្វើពិធីនេះដែរ នៅថ្ងៃអាទិត្យទី៣ ខែកក្កដា ដោយសារតែកម្ពុជាមានការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនាខាងមុខ។
សហព័ន្ធខ្មែរកម្ពុជាក្រោម និងសហគមន៍ខ្មែរកម្ពុជាក្រោមលើកឡើងថា ពិធីនេះធ្វើឡើង ដើម្បីឲ្យពលរដ្ឋខ្មែរក្រោមចងចាំថ្ងៃបាត់បង់ទឹកដី ដែលជាថ្ងៃប្រវត្តិសាស្ត្រនិងដើម្បីដាស់ស្មារតីខ្មែរក្រោម ឲ្យងើបឡើងទាមទារសិទ្ធិស្វ័យសម្រេច ដែលរដ្ឋាភិបាលវៀតណាមកំពុងបដិសេធមិនផ្តល់ឲ្យពួកគេ។ អាណានិគមនិយមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឱ្យស្ថិតក្រោមអាណានិគមវៀតណាមគ្រប់គ្រងបន្តទាំងខុសច្បាប់ កាលថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ចាប់តាំងពីបានគ្រប់គ្រងទឹកដីខ្មែរកម្ពុជាក្រោមមក អាណានិគមវៀតណាមបានប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីរំលាយពូជសាសន៍ខ្មែរក្រោម។ កត្តានេះហើយ ទើបជំរុញឲ្យខ្មែរកម្ពុជាក្រោម ចាប់ផ្ដើមតស៊ូពលីជីវិត ដើម្បីការពារអត្តសញ្ញាណ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។