សង្គ្រាម​ដណ្ដើម​រាជ្យ​គ្នា​របស់​ព្រះរាជា​មួយ​ចំនួន​នៅ​សម័យ​អង្គរ (ភាគ​១១)

ដោយ ជុន ច័ន្ទបុត្រ
2014-04-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក​អ្នក​នាង​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ព្រះរាជា​ខ្មែរ​សម័យ​អង្គរ សង់​ប្រាសាទ​ច្រើន​ម្ល៉េះ? ការ​សង់​ប្រាសាទ​របស់​ព្រះរាជា​ខ្មែរ​នៅ​សម័យ​អង្គរ ភាគ​ច្រើន គឺ​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​អាទិទេព​ទាំង​ឡាយ​ផង និង​ដើម្បី​លើក​តម្កើង​ខ្លួន​ឯង​អោយ​ទៅ​ជា​ទេវរាជ គឺ​ជា​ស្ដេច​ផង និង​ជា​ទេវ​ផង។ នេះ គឺ​ជា​សកម្មភាព​មួយ​ដណ្ដើម​ភាព​ស្រប​ច្បាប់​នៃ​ការ​កាន់​អំណាច​របស់​ខ្លួន បន្ទាប់​វាយ​ដណ្ដើម​រាជ្យ​បាន​ពី​ព្រះរាជា​ណា​មួយ​បាន​ហើយ។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​នូវ​សកម្មភាព និង​សង្គ្រាម​ដណ្ដើម​រាជ្យ​គ្នា​របស់​ព្រះរាជា​មួយ​ចំនួន​ទៀត​នៅ​សម័យ​អង្គរ។

ក៥. ព្រះបាទ​ហស៌វរ្ម័នទី១ (៩០០-៩២២)

ក្រោយ​ពី​ព្រះបាទ​យសោវរ្ម័នទី១ ទ្រង់​ចូល​ទិវង្គត​ទៅ ព្រះរាជ​បុត្រ​ច្បង​របស់​ព្រះអង្គ​ព្រះ​នាម ហស៌វរ្ម័នទី១ ទ្រង់​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះ​បិតា​នៅ​ឆ្នាំ​៩០០ នៃ​គ្រិស្ដសករាជ។ តែ​ឯកសារ​ខ្លះ​ថា​នៅ​ឆ្នាំ​៩០៨ ឬ ៩១០ ទៅ​វិញ។ ព្រះអង្គ​ទ្រង់​គង់​នៅ​រាជធានី​យសោធបុរៈ គឺ​ក្រុង​អង្គរ​ដដែល ហើយ​ទ្រង់​បាន​កសាង​ប្រាសាទ​ភ្នំ​តូច​មួយ គឺ​ប្រាសាទ​បក្សី​ចាំ​ក្រុង នៅ​ក្បែរ​ជើង​ភ្នំ​បាខែង ជា​ភ្នំ​កណ្ដាល​នៃ​រាជធានី។ គេ​មិន​បាន​ដឹង​ពិត​ប្រាកដ​ថា តើ​ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​ណា​ទេ គេ​គ្រាន់​តែ​ប៉ាន់ស្មាន​ថា ព្រះអង្គ​ប្រហែល​ជា​ចូល​ទិវង្គត​នៅ​ក្រោយ​ឆ្នាំ​៩២២ តែ​ប៉ុណ្ណោះ ដោយ​ទ្រង់​បាន​ទទួល​ព្រះមរណនាម​ថា រុទ្រលោក។

ក៦. ព្រះបាទ​ឥសាណវរ្ម័នទី២ (៩២៥-៩២៨)

ក្រោយ​ពី​ព្រះបាទ​ហស៌វរ្ម័នទី១ ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះអនុជ​របស់​ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​នៅ​ឆ្នាំ​៩២៥ នៃ​គ្រិស្ដសករាជ ដែល​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះបាទ​ឥសាណវរ្ម័នទី២។ ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ព្រះបាទ​ឥសាណវរ្ម័នទី២ ត្រូវ​ប្រឈម​មុខ​នឹង​ការ​បះបោរ​ដណ្ដើម​រាជ្យ​របស់​ស្ដេច​មា​ជា​ស្វាមី​ព្រះនាង​ជ័យទេវី ដែល​ជា​ប្អូន​ស្រី​របស់​ព្រះ​បិតា​ព្រះអង្គ ហើយ​ដែល​ជា​អនាគត​ព្រះបាទ​ជ័យវរ្ម័នទី៤។ ព្រះបាទ​ឥសាណវរ្ម័នទី២ ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​៩២៨ ដោយ​មាន​ព្រះមរណនាម​ថា បរមរុទ្រលោក។

ក៧. ព្រះបាទ​ជ័យវរ្ម័នទី៤ (៩២៨-៩៤១) និង​ការ​លើក​រាជធានី​ទៅ​កោះ​កេរ្តិ៍

នៅ​ក្នុង​រាជ្យ​ព្រះបាទ​ឥសាណវរ្ម័នទី២ ជា​ក្មួយ​ដែល​សោយរាជ្យ​មុន​ព្រះអង្គ ព្រះបាទ​ជយ័វរ្ម័នទី៤ ដែល​ជា​ប្អូន​ថ្លៃ​របស់​ព្រះបាទ​យសោវរ្ម័ន បាន​បះបោរ​ប្រឆាំង​នឹង​ក្មួយ​របស់​ព្រះអង្គ ហើយ​បាន​ឆក់​ប្លន់​យក​រតនសម្បត្តិ​ផ្សេងៗ ហើយ​ចាក​ចេញ​ពី​យសោធបុរៈ គឺ​ក្រុង​អង្គរ ទៅ​គង់​នៅ​គោកគគី គឺ​កោះ​កេរ្តិ៍ ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ ទិស​ឦសាន​ក្រុង​អង្គរ ដោយ​នាំ​យក​ទាំង​លិង្គ​ទេវរាជ​ទៅ​ជាមួយ​ផង។ ព្រះបាទ​ជ័យវរ្ម័នទី៤ បាន​ឡើង​សោយរាជ្យ​នៅ​រាជធានី​កោះ​កេរ្តិ៍​នៅ​ឆ្នាំ​៩២៨ គឺ​ជា​ឆ្នាំ​ដែល​ព្រះបាទ​ឥសាណវរ្ម័នទី២ ដែល​សោយរាជ្យ​នៅ​អង្គរ ទ្រង់​សោយ​ទិវង្គត​នោះ​ឯង។

ដើម្បី​អោយ​ប្រជារាស្ត្រ​ទទួល​ស្គាល់​ថា ព្រះអង្គ​ជា​ស្ដេច​មាន​មហិទ្ធិឫទ្ធិ ព្រះបាទ​ជ័យវរ្ម័នទី៤ ទ្រង់​បាន​ខិតខំ​កសាង​សមិទ្ធផល​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ធំ​សម្បើម​ទៀត​ផង ដូច​ជា នៅ​ក្នុង​រាជធានី​កោះ​កេរ្តិ៍ ជា​រាជធានី​ថ្មី​នេះ។

ព្រះអង្គ​បាន​សាង​ប្រាសាទ​ភ្នំ​មួយ​ដែល​មាន​ខឿន ៧​ជាន់ កម្ពស់ ៣៥​ម៉ែត្រ ឈ្មោះ​ប្រាសាទ​ធំ សម្រាប់​តម្កល់​លិង្គ​ទេវរាជ​ត្រិភូវនេស្វរៈ ប្រមាណ​ក្នុង​ឆ្នាំ​៩៣១។ ក្រៅ​ពី​នេះ ព្រះអង្គ​បាន​សាង​ប្រាសាទ​ជាច្រើន​ទៀត ព្រម​ទាំង​បារាយណ៍​មួយ គឺ​បារាយណ៍​រហាល ហើយ​នៅ​រយៈ​កាល​ចុង​ក្រោយ​នៃ​រាជ្យ​របស់​ព្រះអង្គ ព្រះបាទ​ជ័យវរ្ម័នទី៤ បាន​វាយ​រុញ​ច្រាន​ការ​លុក​លុយ​របស់​ចាម អោយ​ដក​ថយ​ទៅ​វិញ។

ព្រះបាទ​ជ័យវរ្ម័នទី៤ ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​៩២៨ ហើយ​សោយ​ទិវង្គត​នៅ​ឆ្នាំ​៩៤១ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះមរណនាម​ថា បរមសិវបល្តិ។

ក៨. ព្រះបាទ​ហស៌វរ្ម័នទី២ (៩៤១-៩៤៤)

ក្រោយ​ពេល​ដែល​ព្រះបាទ​ជ័យវរ្ម័នទី៤ ទ្រង់​ចូល​ទិវង្គត​ទៅ ព្រះរាជ​បុត្រ​របស់​ព្រះអង្គ​ដែល​នៅ​មាន​វ័យ​ក្មេង​ណាស់​នៅ​ឡើយ ទ្រង់​បាន​ឡើង​សោយរាជ្យ​ស្នង​ព្រះ​បិតា​នៅ​រាជធានី​កោះ​កេរ្តិ៍ ហើយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​ហស៌វរ្ម័នទី២។

ព្រះបាទ​ហស៌វរ្ម័នទី២ ទ្រង់​សោយរាជ្យ​បាន​តែ​ពីរ ឬ​បី​ឆ្នាំ ក៏​បាត់​ខ្លួន ឬ​ក៏​ទ្រង់​សុគត​ទៅ។ ឯកសារ​ខ្លះ​បាន​បញ្ជាក់​ថា ព្រះបាទ​ហស៌វរ្ម័នទី២ ទ្រង់​សោយរាជ្យ​បាន​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ គឺ​នៅ​គ្រិស្ដសករាជ​៩៤៤ ព្រះអង្គ​ត្រូវ​ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ ជា​ព្រះរៀម​ជីដូន​មួយ​នឹង​ព្រះអង្គ ច្បាំង​ដណ្ដើម​រាជ​សម្បត្តិ​បាន ហើយ​ឡើង​សោយរាជ្យ​បន្ត​ពី​ព្រះអង្គ។ ក្នុង​ពេល​ដែល​សោយ​ទិវង្គត​ទៅ​នោះ ព្រះបាទ​ហស៌វរ្ម័នទី២ ទ្រង់​មាន​ព្រះមរណនាម​ថា ព្រហ្មលោក។

ក៩. ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) និង​ការ​វិល​ត្រឡប់​មក​យសោធបុរៈ​វិញ

ក្រោយ​ពី​ព្រះបាទ​ហស៌វរ្ម័នទី២ ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ ដែល​ជា​ព្រះរាជ​បុត្រ​របស់​ព្រះនាង​មហេន្ទ្រទេវី ដែល​ត្រូវ​ជា​ប្អូន​ស្រី​មួយ​អង្គ​ទៀត​របស់​ព្រះបាទ​យសោវរ្ម័នទី១ ដែរ ក៏​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអនុជ​នៅ​ឆ្នាំ​៩៤៤។ ព្រះអង្គ​មិន​គង់​នៅ​រាជធានី​កោះ​កេរ្តិ៍ ទៀត​ទេ គឺ​ព្រះអង្គ​ទ្រង់​នាំ​យក​លិង្គ​ទេវរាជ​ត្រឡប់​ទៅ​យសោធបុរៈ​ក្រុង​អង្គរ បាន​ជួសជុល និង​រៀប​ចំ​កសាង​បន្ថែម ធ្វើ​អោយ​រាជធានី​យសោធបុរៈ នេះ​កាន់​តែ​រុងរឿង​ឡើង​ថែម​ទៀត។

នៅ​ចំ​កណ្ដាល​ទីក្រុង​នេះ គេ​ចាប់​ផ្ដើម​កសាង​ប្រាសាទ​ភិមាន​អាកាស​ដ៏​ល្អ​ឆើតឆាយ ហើយ​នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង​នៅ​ឆ្នាំ​៩៥២ ព្រះអង្គ​ទ្រង់​បាន​សាង​ប្រាសាទ​មេ​បុណ្យ​ខាង​កើត ដែល​មាន​ប្រាង្គ​ចំនួន​៥ នៅ​ចំ​កណ្ដាល​បារាយណ៍​យសោធរៈតដាក ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះ​មាតា​ព្រះ​បិតា បុព្វការី​ជន​ផ្សេង​ទៀត និង​សិវលិង្គ។ នៅ​ឆ្នាំ​៩៦១ ព្រះអង្គ​ទ្រង់​បាន​សាង​ប្រាសាទ​មួយ​ទៀត​ដែល​មាន​រូបរាង និង​ប្រាង្គ​ចំនួន​៥ ដូច​គ្នា​នឹង​ប្រាសាទ​មេ​បុណ្យ​ខាង​កើត​ដែរ ឈ្មោះ​ថា ប្រាសាទ​ប្រែ​រូប ស្ថិត​នៅ​ខាង​ត្បូង​យសោធរៈតដាក ដើម្បី​តម្កល់​លិង្គ​ទេវរាជ និង​ឧទ្ទិស​ចំពោះ​ព្រះ​ញាតិ​ព្រះអង្គ​ផង។

ហេតុ​ដែល​បណ្ដាល​អោយ​ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ សាង​ប្រាសាទ​ប្រែ​រូប​ដែល​មាន​រូបរាង និង​សណ្ឋាន​ដូច​គ្នា​នឹង​ប្រាសាទ​មេ​បុណ្យ​ខាង​កើត​នោះ គឺ​មក​ពី​ប្រាសាទ​មេ​បុណ្យ​ខាង​កើត​នេះ​បាន​ត្រូវ​សាងសង់​ឡើង​នៅ​កណ្ដាល​បារាយណ៍ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​បុណ្យ​ទាន។

ក្នុង​រាជ្យ​របស់​ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ សាសនា​ទាំងអស់​មាន​ការ​រីក​ចម្រើន ហើយ​រួម​រស់​ដោយ​សុខដុម​ជាមួយ​គ្នា។ នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ​នេះ​ដែរ មាន​វីរជន ឬ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ព្រះបរមរាជវាំង​ជាច្រើន បាន​រួម​ចំណែក​កសាង​សមិទ្ធផល​ផ្សេងៗ ដូច​ជា​នៅ​ឆ្នាំ​៩៤៦ កវិន្ទ្រារឹមថន ជា​ស្ថាបត្យករ​បាន​សាង​ប្រាសាទ​បាតជុំ ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ពោធិសត្វ​មួយ​អង្គ​នៃ​ពុទ្ធសាសនា​មហាយាន និង​ព្រះនាង​ប្រាជ្ញាបារមីតា។ នៅ​ឆ្នាំ​៩៦៧ ព្រះរាជ​គ្រូ​ព្រាហ្មណ៍យជ្ជនៈវរហៈ ចាប់​ផ្ដើម​សាង​ប្រាសាទ​បន្ទាយស្រី ត្រីភូវនមហេស្វរៈ ស្ថិត​ខាង​ជើង​ក្រុង​យសោធបុរៈ។

ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ ទ្រង់​ជា​ស្ដេច​សឹក​មួយ​អង្គ​ដ៏​អង់​អាច​ក្លាហាន ព្រះអង្គ​ទ្រង់​បាន​លើក​ទ័ព​ទៅ​វាយ​នគរ​ចំប៉ា វិញ ក្រោយ​ពី​ចំប៉ា​បាន​មក​លុក​លុយ​ប្រទេស​កម្ពុជា នៅ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័នទី៤ នោះ។ នៅ​ឆ្នាំ​៩៤៥-៩៤៦ ព្រះអង្គ​ទ្រង់​បាន​ឡោមព័ទ្ធ​រាជធានី​នៃ​ប្រទេស​ចំប៉ា បាន ហើយ​បាន​នាំ​បដិមា​ទេពធិតា​រក្សា​នគរ ដែល​ធ្វើ​អំពី​មាស និង​រឹប​យក​នគរ​ចំប៉ា ដាក់​ជា​ចំណុះ​នគរ​ខ្មែរ​មួយ​រយៈ​ថែម​ទៀត​ផង។ ព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​៩៤៤ ហើយ​ទ្រង់​សុគត​នៅ​ឆ្នាំ​៩៦៨។ ទ្រង់​មាន​ព្រះមរណនាម​ថា សិវលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

សិហៈ

ពី ខេត្តកំពង់ធំ

អរគុណ លោក ច័ន្ទបុត្រ ដែលបានចែករំលែកនូវឯកសារប្រវត្តិសាស្ត្រនេះ។ តែខ្ញុំចង់បានបន្ថែមទៀតពីភាគទី១ ដល់ ទី១០។

Jul 02, 2014 06:32 AM

គេហទំព័រ​ទាំងមូល