អ្នក​ផលិត​ទឹក​ឃ្មុំ​ត្រូវ​ការ​ប្រាក់​បន្ថែម​សម្រាប់​បង្កើន​ផលិតផល​លើ​ទី​ផ្សារ

បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា ទឹក​ឃ្មុំ​ព្រៃ​កាន់តែ​សំបូរ​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​ផលិត​ទឹក​ឃ្មុំ​ព្រៃ​ក៏​កំពុង​តែ​ត្រូវការ​ប្រាក់​បន្ថែម​សម្រាប់​បង្កើន​ផលិតផល​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ទីផ្សារ​ផង​ដែរ។

ទាក់ទង​នឹង​ប្រការ​នេះ គម្រោង​ពង្រឹង​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម (MSME= micro Small Medium Enterprise) ដោយ​បាន​ជំនួយ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក (USAID) កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា បាន​រៀបចំ​វេទិកា​មួយ​ស្ដីពី​អាជីវកម្ម​ទឹក​ឃ្មុំ​ព្រៃ​នៅ​ខេត្ត​កំពង់ធំ។

អនុ​ប្រធាន​គម្រោង​ពង្រឹង​សហគ្រាស​ខ្នាត​តូច និង​ខ្នាត​មធ្យម លោក ស៊ុន ប៊ុណ្ណារិទ្ធ បាន​ថ្លែង​ថា វេទិកា​នេះ​គឺ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​សហព័ន្ធ​សហគ្រាស​ផលិត​ទឹក​ឃ្មុំ​ព្រៃ​នៅ​កម្ពុជា បាន​ជួប​ប្រាស្រ័យ​គ្នា​ឱ្យ​បាន​ជិតដិត​ជាមួយ​ម្ចាស់​ធនាគារ និង​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​កម្ចី ដើម្បី​ពង្រីក​មុខ​របរ​របស់​ខ្លួន និង​ជួប​ជាមួយ​អតិថិជន​ធំៗ ដើម្បី​ទាក់ទាញ​ពង្រីក​ទីផ្សារ​ផលិតផល​ទឹក​ឃ្មុំ​ព្រៃ​កម្ពុជា។

លោក ស៊ុន ប៊ុណ្ណារិទ្ធ បន្ត​ថា អ្នក​ផលិត​ទឹក​ឃ្មុំ​ព្រៃ​ជា​អ្នក​ការពារ​ព្រៃ​សហគមន៍​ដែល​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ថែទាំ​ព្រៃ​ផង និង​ប្រមូល​ទឹក​ឃ្មុំ​ផង ហើយ​វេទិកា​នេះ​ក៏​ដើម្បី​បង្ហាញ​ពី​គុណភាព​ទឹក​ឃ្មុំ​ព្រៃ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ៖ «ជា​វេទិកា​មួយ​ដើម្បី​ផ្សា​ភ្ជាប់​នូវ​អាជីវករ និង​អ្នក​ផលិត​ទាំង​អស់ ឬ​អ្នក​រក​ឃ្មុំ​ហ្នឹង​ទាំង​អស់ ដើម្បី​ឲ្យ​គាត់​មាន​ទំនាក់ទំនង​នឹង​គ្នា​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ទឹក​ឃ្មុំ»

អនុ​ប្រធាន​ទី​២​នៃ​សហព័ន្ធ​សហគ្រាស​ប្រមូល និង​អភិរក្ស​ទឹក​ឃ្មុំ​ព្រៃ​កម្ពុជា លោក អ៊ិត វុន មក​ពី​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ថា វេទិកា​ស្ដីពី​អាជីវកម្ម​ទឹក​ឃ្មុំ​ព្រៃ​កម្ពុជា​នេះ មាន​សារប្រយោជន៍​ដល់​សហព័ន្ធ​សហគ្រាស​ប្រមូល និង​អភិរក្ស​ទឹក​ឃ្មុំ​ព្រៃ​ដែល​អាច​បង្ហាញ​អតិថិជន​ពី​ភាព​សុទ្ធ​នៃ​ទឹក​ឃ្មុំ និង​ប្រភព​ប្រមូល​ទឹក​ឃ្មុំ​ព្រៃ។

លោក អ៊ិត វុន បាន​ឲ្យ​ដឹង​ថា សមាជិក​ប្រមូល​ទឹក​ឃ្មុំ​ព្រៃ​សុទ្ធ​មាន ១៦​ក្រុម និង ១៦​សហគមន៍ នៅ​តាម​ខេត្ត​ចំនួន ៦ គឺ​ខេត្ត​ព្រះវិហារ កោះកុង មណ្ឌលគិរី រតនគិរី ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។

លោក​អះអាង​ថា ទឹក​ឃ្មុំ​ព្រៃ​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​សព្វ​ថ្ងៃ​នេះ​សុទ្ធតែ​បាន​ឆ្លង​កាត់​ម៉ាស៊ីន​វាស់​គុណភាព​នៅ​មន្ទីរ​ពិសោធន៍​នៃ​ក្រសួង​ពាណិជ្ជកម្ម។ ​លោក​បញ្ជាក់​ថា ទុន​ដែល​នឹង​ខ្ចី​មក​នោះ​ គឺ​សម្រាប់​ចំណាយ​លើ​គម្រោង​ផលិត​ជា​ក្រមួន ក្រែម​សម្រាប់​លាប​ស្បែក សាប៊ូ ស្រា និង​ទឹក​ខ្មេះ​ជាដើម៕