សមាគម​អាដហុក​​នឹង​បញ្ជូន​ប៉ែនប៊ុណ្ណារ៍​ឲ្យ​ទៅ​បំពេញ​ការងារ​នៅ​រតនគិរី​វិញ

សមាគម​អាដហុក​បាន​សម្រេច​រួច​ហើយ​ថា នឹង​បញ្ជូន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ លោក ប៉ែន ប៉ុណ្ណារ៍ ឲ្យ​ត្រឡប់​ទៅ​បំពេញ​ការងារ​នៅ​ខេត្ត​រតនគិរី​វិញ។

ការ​សម្រេច​ខាង​លើ​នេះ គឺ​បន្ទាប់​ពី​មាន​រឿង​ក្តី​តាម​ផ្លូវ​តុលាការ​កោះ​ហៅ​លោក​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​រឿង​ចោទ​ប្រកាន់​ថា ញុះញង់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ប៉ាតាង ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​ជម្លោះ​ដីធ្លី​៣០០​ហិកតា​ជាមួយ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ឌី.អឹម.ហ្គ្រូប។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ នឹង​ត្រូវ​វិល​ទៅ​បំពេញ​ភារកិច្ច​ជា​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​រតនគិរី​បន្ត​ទៀត​នៅ​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០០៩​នេះ បន្ទាប់​ពី​លោក​បាន​ផ្លាស់​ឲ្យ​មក​បំពេញ​ភារកិច្ច​នៅ​ស្នាក់ការ​កណ្តាល​សមាគម​អាដហុក​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ខែ​កក្កដា កន្លង​ទៅ​នេះ។

ប្រធាន​សមាគម​អាដហុក លោក ធន សារាយ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០០៩​ថា មាន​អ្នក​ភូមិ​ជនជាតិ​ដើម​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​ថា លោក ប៉ែន ប៊ុណ្ណារ៍ មិន​មាន​កំហុស​ពី​រឿង​ចោទ​ប្រកាន់​ថា ជា​អ្នក​ញុះញង់​អ្នក​ភូមិ​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ​ទេ៕