អ្នកកាសែតក្នុងស្រុកចំនួន ៣រូប ចោទប្រកាន់កងសន្តិសុខរបស់ភរិយាម្ចាស់កាស៊ីណូកាឡាក់ស៊ី ហ្គោល (GALAXY Gold) គំរាមសម្លាប់ និងបង្ខំឲ្យលុបរូបភាពចោល ខណៈពួកគេចុះយកព័ត៌មានដែលបុគ្គលិកតវ៉ានៅមុខកាស៊ីណូនេះ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ប៉ុន្តែមន្ត្រីកងសន្តិសុខរបស់កាស៊ីណូ បដិសេធចំពោះការចោទប្រកាន់នេះ។
ក្រុមអ្នកកាសែតទាំងនោះ សម្ដែងការមិនពេញចិត្តទៅនឹងកម្លាំងកងសន្តិសុខ ព្រមទាំងភរិយាម្ចាស់កាស៊ីណូកាឡាក់ស៊ី ហ្គោល ថាជាទង្វើមួយគំរាមកំហែង បិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
អ្នកយកព័ត៌មានឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រចាំខេត្តបាត់ដំបង លោក សុខ ផានិត ឲ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ថា កងសន្តិសុខ ព្រមទាំងស្ត្រីម្នាក់ដែលអះអាងប្រាប់លោកថា រូបគាត់ជាភរិយារបស់លោកឧកញ៉ា ជា ពា ម្ចាស់ភាគហ៊ុនកាស៊ីណូកាឡាក់ស៊ី ហ្គោល បានគំរាមសម្លាប់ និងលុបរូបភាពរបស់អ្នកកាសែតចំនួន ៣រូបចោល។ អ្នកយកព័ត៌មានទាំងបីរូបនោះរួមមាន លោក ឈុន លាង អ្នកយកព័ត៌មានឲ្យទូរទស្សន៍ អឹម.អេស.ហ៊្សេ (MSG TV) លោក រៀម សាលី អ្នកយកព័ត៌មានឲ្យទូរទស្សន៍អប្សរា អេ.អិន.អិន (APSARA ANN) ប្រចាំខេត្តបាត់ដំបង និងលោក សុខ ផានិត អ្នកយកព័ត៌មានឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ ខណៈពួកគាត់យកព័ត៌មានដែលក្រុមបុគ្គលិកកាស៊ីណូនេះ តវ៉ាអំពីការរំលោភសិទ្ធិការងារពីសំណាក់ថៅកែ ធ្វើការច្រើនម៉ោងតែទទួលប្រាក់ខែតិច តវ៉ានៅមុខកាស៊ីណូកាឡាក់ស៊ី ហ្គោល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី២ មករា កន្លងទៅ។
លោក សុខ ផានិត អំពាវនាវសុំឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់លើកងសន្តិសុខ និងភរិយាម្ចាស់កាស៊ីណូនេះឲ្យបានឆាប់រហ័ស៖ «ខ្ញុំបានប្រាប់ទៅលោកស្នងការនគរបាលខេត្តប៉ៃលិន អំពីបញ្ហានេះដែរ ថាពួកយើងថតព័ត៌មានដើម្បីសាកសួរហេតុការណ៍ដែលកើតឡើងនោះ ប៉ុន្តែបុគ្គលិកកាស៊ីណូគាត់អត់ផ្ដល់ព័ត៌មានឲ្យខ្ញុំទេ ហើយបែរទៅជាគំរាមកំហែងពួកខ្ញុំ និងប្រជាពលរដ្ឋទៅវិញ»។
ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានសន្តិសុខកាស៊ីណូកាឡាក់ស៊ី ហ្គោល សុំមិនឲ្យបញ្ចេញឈ្មោះ មានប្រសាសន៍ថា ជនដែលគំរាមកំហែងអ្នកកាសែតទាំង ៣នាក់នោះ ពុំមែនជាកងសន្តិសុខកាស៊ីណូរបស់លោក ដូចការចោទប្រកាន់របស់អ្នកកាសែតទាំងនោះឡើយ៖ «កាលពីព្រឹកមិញ អ្នកសារព័ត៌មានទាំងនោះគាត់បានមកសួរនាំខ្ញុំដែរ តែខ្ញុំបានប្រាប់គាត់ហើយថា អត់មែនកងសន្តិសុខរបស់ខ្ញុំទេ ព្រោះកងសន្តិសុខរបស់ខ្ញុំមានឯកសណ្ឋានសម្គាល់ត្រឹមត្រូវ»។
ស្នងការនគរបាលខេត្តប៉ៃលិន លោក ជា ច័ន្ទឌិន មានប្រសាសន៍ថា បញ្ហាដែលកើតឡើងនោះ ដោយសារកងសន្តិសុខរបស់កាស៊ីណូស្រវឹងស្រា ហើយថា លោកចុះទៅសម្របសម្រួលគ្នារវាងអ្នកកាសែត និងកងសន្តិសុខដល់ទីកន្លែងរួចរាល់ហើយ៖ «បាទ! ពីដំបូងកងសន្តិសុខអត់ដឹងថាអ្នកទាំងនោះជាអ្នកកាសែត ព្រោះពួកគាត់អត់មានពាក់កាតសម្គាល់ខ្លួនអ្នកយកព័ត៌មានទេ ប៉ុន្តែប្រសិនបើអ្នកកាសែតមិនសុខចិត្ត ឲ្យគាត់ដាក់ពាក្យប្ដឹងមកប៉ូលិស ខ្ញុំនឹងធ្វើការងារនេះបន្ត»។
កន្លងទៅ អង្គការសង្គមស៊ីវិលបានចេញសេចក្ដីថ្លែងការណ៍រួមមួយបង្ហាញថា អ្នកសារព័ត៌មាន គឺជាជនរងគ្រោះច្រើនជាងគេក្នុងចំណោមជនរងគ្រោះដទៃទៀត ក្នុងករណីនិទ្ទណ្ឌភាព នៅពេលអ្នកសារព័ត៌មាននៅកម្ពុជា លើកឡើងចំណុចខុសឆ្គងរបស់រដ្ឋាភិបាល និងវិស័យឯកជន។ អ្នកទាំងនោះ តែងប្រឈមនឹងការគំរាមដល់អាយុជីវិត និងសម្លាប់ ហើយចាប់តាំងពីឆ្នាំ១៩៩៤ មក អ្នកសារព័ត៌មានចំនួន ១៣នាក់ហើយត្រូវបានសម្លាប់។ ក្នុងចំណោម ១៣ករណីនោះ មានតែ ២ករណីប៉ុណ្ណោះ ដែលបានដោះស្រាយតាមផ្លូវច្បាប់ រីឯជនល្មើសដទៃទៀត មិនត្រូវបាននាំខ្លួនមកផ្ដន្ទាទោសនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។