សមាជិកសភា​អាស៊ាន​ថា ការ​ចាប់​លោក រ៉ុង ឈុន ជា​ការ​បង្ក្រាប​លើ​សំឡេង​ឯករាជ្យ និង​សំឡេង​ប្រឆាំង

ក្រុម​សមាជិកសភា​អាស៊ាន ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី៥ សីហានេះ ដោយ​ថ្កោលទោស​របប​ក្រុងភ្នំពេញ​ចំពោះ​ការ​ចាប់ខ្លួន​មេដឹកនាំ​សហជីព និង​ជា​អ្នកការពារ​សិទ្ធិមនុស្ស គឺ​លោក រ៉ុង ឈុន។ សមាជិកសភា​អាស៊ាន​ថា របប​លោក ហ៊ុន សែន គួរតែ​ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​ពលរដ្ឋ មិនមែន​ចាប់ខ្លួន​អ្នកការពារ​សិទ្ធិពល​រដ្ឋ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា ក្រសួង​យុត្តិធម៌​ថា ករណី​នេះ​ជា​ការអនុវត្ត​ច្បាប់។

អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក រ៉ុង ឈុន ជាបន្ទាន់ និង​ទម្លាក់​ចោលការ​ចោទប្រកាន់​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព​រូប​នេះ​ដោយ​ឥត​លក្ខខណ្ឌ។ អង្គការ​ដែល​ប្រមូល​ផ្តុំ​ដោយ​សមាជិកសភា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ក៏​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន​បញ្ឈប់​ការ​បង្រ្កាប​លើ​អ្នក​ទាំងឡាយ​ណា​ដែល​លើកឡើង​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​ដែរ។

សមាជិក​សភា​ហ្វីលីពីន អ្នកស្រី សារ៉ា អេឡាហ្គូ (Sarah Elago) លើកឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា លោក រ៉ុង ឈុន ទទួល​រង​ទណ្ឌកម្ម​ដោយសារ​តែ​គាត់​បាន​ធ្វើ​អ្វី ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ធ្វើ គឺ​ការ​ដោះ​ស្រាយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​រឿង​ដីធ្លី និង​ជីវភាព​រស់​នៅ៖ « ការ​ចាប់ និង​ឃុំខ្លួន​លោក រ៉ុង ឈុន ឆ្លុះ​បញ្ចាំង​ពី​បរិយាកាស​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស ដែល​បំពេញ​ការងារ​របស់​ខ្លួន​នៅ​ក្រោម​របប​លោក ហ៊ុន សែន។ ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ត្រូវ​តែ​មាន​សិទ្ធិ​បញ្ចេញ​ទុក្ខ​កង្វល់​របស់​ពួក​គេ ដោយ​មិន​ភ័យ​ខ្លាច​ការ​សក​សឹក។ លោក រ៉ុង ឈុន ត្រូវ​តែ​ទទួល​បាន​ការ​ដោះ​លែង និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ជា​បន្ទាន់ »

ចំណែក​សមាជិក​អង្គការ APHR និង​ជា​អតីត​សមាជិក​សភា​ថៃ លោក ចាំណាន ច័ន្ទរឿង (Chamnan Chanruang) មានប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​ក្រីក្រ និង​ងាយ​រងគ្រោះ កំពុង​ប៉ះពាល់​ខ្លាំង​ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ-១៩ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ទៅ​ចាប់​អ្នក​ដែល​ចេញមុខ​ជួយ​ពលរដ្ឋ​រង​គ្រោះ ដូច​ជា លោក រ៉ុង ឈុន នេះ​ទេ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ធានា​សន្តិសុខ​សង្គម​ដល់​ពលរដ្ឋ និង​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​កូវីដ-១៩។

អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ចាត់​ទុក​ករណី​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ​ថា ជា​និន្នាការ​គួរ​ឱ្យ​ព្រួយបារម្ភ​នៃ​ការ​បង្ក្រាប​ឥត​ឈប់ឈរ​លើ​សង្គម​ស៊ីវិល ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ និង​អ្នកនយោបាយ​ប្រឆាំង​នៅ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​តប​ថា វិធាន​ច្បាប់​លើ​លោក រ៉ុង ឈុន មាន​មូលដ្ឋាន​ច្បាស់លាស់ ផ្អែក​លើ​អង្គហេតុ និង​អង្គច្បាប់។ លោក​បញ្ជាក់​ថា ការ​តវ៉ា និង​ការ​ទាមទារ​ទាំងឡាយ នឹង​មិន​មាន​ឥទ្ធិពល​លើ​តុលាការ​នោះ​ទេ៖ «

ទោះ​បី​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​បក​ស្រាយ​បែប​នេះ​ក៏​ដោយ ក៏​ក្រុម​ពលរដ្ឋ យុវជន គ្រូបង្រៀន និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នៅតែ​ជឿ​ថា ករណី​នេះ​ជា​ការ​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ មិនមែន​ជា​ការ​អនុវត្ត​តាមច្បាប់​នោះ​ឡើយ។ ពួក​គេ​បន្ត​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​លោក រ៉ុង ឈុន ជា​បន្ទាន់ ព្រោះ​ការ​ចាប់ខ្លួន​លោក មាន​ន័យ​ស្មើនឹង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​ទឹក​ដី និង​យុត្តិធម៌​សង្គម​យ៉ាង​ដូច្នេះ​ដែរ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា ថ្លែង​ថា ទង្វើ​របស់​លោក រ៉ុង ឈុន មិន​មាន​អ្វី​ខុស​ច្បាប់ ឬ​ដល់​ថ្នាក់​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ដោយសារ​លោក​ជាច​លក​រន​យោ​បាយ​ដែល​អាច​ទាញ​ទម្លាក់​ប្រជាប្រិយ​ភាព​របស់​រដ្ឋាភិបាល ទើប​អាជ្ញាធរ​ចាប់​ខ្លួន​លោក៖ «

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ជា​អ្នក​ការពារ​សិទ្ធិ​កម្មករ គ្រូបង្រៀន និង​ប្រជាពលរដ្ឋ​រងគ្រោះ រាប់​សិប​ឆ្នាំ​មក​ហើយ។ លោក​ក៏​ជា​ជា​សកម្ម​ជន​នយោបាយ​ដ៏​លេចធ្លោ​មួយ​រូប ដែល​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ ដើម្បី​បុព្វហេតុ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​តែងតែ​ចេញ​មុខ​រិះគន់​រឿង​ព្រំដែន និង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​នានា ប្រព្រឹត្ត​ដោយ​អាជ្ញាធរ ហើយ​ទាមទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ស្រប​តាម​ច្បាប់ និង​ឈរ​លើ​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ។

ទោះ​ជា​បែប​នេះ​ក្ដី លោក​មិន​ទទួល​បាន​ការ​កោត​សរសើរ ឬ​គាំទ្រ​ពី​រដ្ឋាភិបាល​នោះ​ទេ។ អ្វី​ដែល​លោក​តែង​ទទួល​បាន គឺ​ការ​ប្រមាថ ការ​គំរាមកំហែង ការ​ចាប់​ខ្លួន ការ​ចោទ​ប្រកាន់ និង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។