មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថាសារជាចំណាប់ខ្មាំងនយោបាយរបស់លោក ហ៊ុន សែន កាន់តែបង្រៀនមនុស្សឲ្យចេះរើបម្រះ
2020.10.26

មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថាសារជាចំណាប់ខ្មាំងនយោបាយរបស់ដែលលោក ហ៊ុន សែន ប្រើដើម្បីគំរាមគេឯងនោះ គឺកាន់តែបង្រៀនមនុស្សឲ្យចេះរើបម្រះ ពីការដឹកនាំបែបអាណាធិបតេយ្យ និងផ្តាច់ការ។ ចំណែកឯអ្នកវិភាគ និងឃ្លាំមើលសង្គមវិញ យល់ថា លោក ហ៊ុន សែន កំសាក និងខ្វះគុណធម៌ ដែលប្រើវិធីគំរាមកំហែងបែបនេះ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថាការណ៍ដែលលោក ហ៊ុន សែន លួចស្តាប់សារសន្ទនាគ្នាជាឯករជនរបស់អ្នកដទៃតាមទូរស័ព្ទ រួចហើយយកសារនោះមកគម្រាមពួកគាត់ជាសាធារណៈ និងគម្រាមដល់ក្រុមគ្រួសារពួកគាត់ទៀតនោះ គឺជាល្បិចមិនថ្លៃថ្នូរជាមេដឹកនាំប្រទេសនោះទេ។
ជាងនេះទៅទៀត លោក ប្រ៊ែដ អាដាម ថាល្បិចបែបនេះ វាបែរជាធ្វើឲ្យពលរដ្ឋ ចេះប្រឹងប្រែង រកវិធីសន្ទនាគ្នាដោយសម្ងាត់ និងមានសុវត្ថិភាពជាងនេះទៅវិញទេ <<យើងដឹងហើយ ពលរដ្ឋអាចមានមធ្យោបាយជាច្រើន ក្នុងការទាក់ទងគ្នាដោយសម្ងាត់ និងគ្មាននរណាលួចស្ដាប់បានទេ។ ដូច្នេះលោក ហ៊ុន សែន កំពុងតែបង្ហិនពេលឥតប្រយោជន៍ ក្នុងការលួចស្ដាប់គេនិយាយគ្នាជាឯកជន។ តាមពិតពេលដែលគាត់ប្រាប់ដោយចំហរ ថាគាត់លួចស្តាប់គេនិយាយគ្នាជាឯកជនបែបនេះ គឺដូចជាជួយអ្នកឯទៀត ឲ្យប្រុងប្រយ័ត្នខ្ពស់ ដោយសារតែលោក ហ៊ុន សែន បង្ហាញអំពីមធ្យោបាយក្នុងការលួចស្តាប់ការសន្ទនានេះ>>។
ប្រតិកម្មរបស់មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ធ្វើឡើងក្រោយលោក ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែ តុលា គំរាមប្រពន្ធកូនតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ ដោយសារតែលោក ហ៊ុន សែន អះអាងថា បានចាប់បានសំឡេងលោក ហូរ វ៉ាន់ ជជែកគ្នារឿងរៀបចំឲ្យពលរដ្ឋដាក់ញត្តិ នៅមុខទូតចិន ក្នុងថ្ងៃគម្រប់ខួបទី ២៩ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី ២៣ ខែ តុលា <<ហើយខ្ញុំគួរតែយកឱកាសនេះ ផ្ដាំទៅអាវ៉ាន់បន្តិច! អាវ៉ាន់ហ្នឹង គឺ ហូរ វ៉ាន់។ ចាស់ជាងខ្ញុំមែន តែខ្ញុំហៅអាវ៉ាន់។ អាវ៉ាន់អើយល្មមបានហើយ! ឈប់បានក៏ឈប់ទៅអាវ៉ាន់។ កូនប្រពន្ធអ្ហែងនៅភ្នំពេញនេះទេ។ អ្ហែងកុំជ្រុលពេក! សម្ដីអ្ហែងបញ្ជា នៅក្នុងទូរស័ព្ទ។ ពួកអ្ហែងឆ្កួត! ប្រយ័ត្នប្រពន្ធអ្ហែង កូនអ្ហែងដេកអត់សុខទេ។ កំពុងតែភ័យ! អ្ហែងឈប់បាន ឈប់ទៅ>>។
មិនត្រឹមតែគំរាមកំហែងដល់កូនប្រពន្ធលោក ហូរ វ៉ាន់ទេ លោក ហ៊ុន សែន បានគំរាមកំហែងដល់កូនប្រពន្ធរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិម្នាក់ទៀត ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិផង គឺលោក អេង ឆៃអ៊ាង <<មានអាមួយនោះ ដែលមានប្រពន្ធដូរលុយនៅនឹងផ្សារ ក៏ត្រូវប្រយ័ត្នដែរអ្ហែង! ប្រពន្ធកូនអ្ហែងនៅភ្នំពេញនៅឡើយ>>។
លោក ហូរ វ៉ាន់ និងលោក អេង ឆៃអ៊ាង ជាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិពីររូប ក្នុងចំណោមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងមន្រ្តីជាន់ខ្ពស់គណបក្សនេះចំនួន ១១៨ រូប ដែលត្រូវបានរបបក្រុងភ្នំពេញហាមឃាត់សិទ្ធិនយោបាយ និងគំរាមមចាប់ខ្លួន។ ពួកគាត់បាននិរទេសខ្លួនទៅក្រៅប្រទេស ដើម្បីគេចផុតពីការធ្វើទុក្ខបុកម្នេញនេះ។ ប៉ុន្តែ ក្នុងចំណោមតំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាច្រើនទៀត ដែលបាននិរទេសទាំងក្រុមគ្រួសារទៅក្រៅប្រទេស គ្រួសាររបស់អ្នកទាំងពីរ កំពុងរស់នៅប្រទេសកម្ពុជានៅឡើយ ដោយប្រកបរបរបន្តិចបន្តួច ដូចជាដូរលុយ ដើម្បីចិញ្ចឹមជីវិត។
ទង្វើរបស់លោក ហ៊ុន សែន ក្នុងការខឹងគោវាយរទេះនេះ ធ្វើឲ្យបញ្ញវន្តខ្មែរហួសចិត្ត នឹងស្មានមិនដល់ថាលោក ហ៊ុន សែន ប្រើប្រាស់វិធីបែបនេះទៅរួច។ អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ អាសូរសីលធម៌មេដឹកនាំខ្មែរ ហេតុដូចម្តេចបានធ្លាក់ចុះដល់ថ្នាក់ហ្នឹង។ លោកថា ធ្វើបាបឳពុកគេមិនបាន បែរទៅជាធ្វើបាបប្រពន្ធកូនគេ ដែលអត់ដឹងអ្វីសោះ។
លោក ឡៅ ម៉ុងហៃ បានត្រឹមតែបង្ហោះរូបថតពីរសន្លឹក ដែលលោកក្រាបថ្វាយបង្គំរូបចម្លាក់ព្រះបាទជ័យវរ្ម័នទី ៧ និងរូបចូលគាល់ព្រះមរមរតនកោដ្ឋ សម្ដេចព្រះនរោត្តមសីហនុ ដោយលោកបួងសួង សូមព្រលឹងនៃបុព្វបុរសខ្មែរអ្នកកសាងអារ្យធម៌ដ៏ខ្ពស់ត្រដែតមួយក្នុងលោក មេត្តាជួយទប់ស្កាត់ផង កុំឲ្យខ្មែរសម័យឥឡូវឈានដល់ខឹងធ្វើអីគេមិនកើត ទៅគម្រាមធ្វើបាបប្រពន្ធកូនគេដូច្នេះនោះ។
នេះមិនមែនជាលើកទីមួយទេ ដែលលោក ហ៊ុន សែន ប្រើប្រាស់សារគំរាមជាចំណាប់ខ្មាំងនយោបាយបែបនេះ ដើម្បីធ្វើឲ្យមន្រ្តីបក្សប្រឆាំង និងអ្នកដទៃទៀត បញ្ឈប់សកម្មភាពប្រឆាំងលោក ឬចុះចូលទៅខាងលោក។
លោក អេង ឆៃអ៊ាង ដែលមានភរិយាប្រកបរបរប្តូរប្រាក់បន្តិចបន្តួចនៅក្នុងប្រទេស ចាត់ទុកទង្វើគំរាមកំហែងរបស់លោក ហ៊ុន សែន បែនបេះ ថាខ្វះគុណធម៌ និងកំសាក ដែលខឹងគោវាយរទេះ។ លោកថា ល្បិចនយោបាយលោក ហ៊ុន សែន មិនខុសពីអ្វីដែលកម្មាភិបាលខ្មែរក្រហម ដែលធ្លាប់ធ្វើមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ កាលក្នុងសម័យខ្មែរក្រហមនោះឡើយ គឺពេលនោះ ឲ្យតែខ្មែរក្រហមចោទនរណាម្នាក់ថាជាខ្មាំង គឺពួកគេយកប្រពន្ធកូនទាំងពូជរបស់អ្នកនោះ ទៅសម្លាប់ចោលទាំងអស់ បើទោះបីជាគ្នាគ្មានកំហុសអ្វីទាំងអស់ក៏ដោយ។
ប៉ុន្តែលោកថា ទីណាមានការគាបសង្កត់ ទីនោះនឹងមានការរើបម្រះជាក់ជាមិនខាន <<អ៊ីចឹងអ្វីដែលលោក ហ៊ុន សែន គាត់បានបង្ហាញនូវរបៀបនៃការគំរាមកំហែង គាបសង្កត់ បំភិតបំភ័យបែបហ្នឹង វាមិនអាចធ្វើឲ្យជនរងគ្រោះហ្នឹង គេសុខចិត្តទេ ព្រោះអ្វីៗដែលបានធ្វើសម្រាប់តស៊ូមតិ ដោយសន្តិវិធី ដោយអហិង្សាហ្នឹង វាស្ថិតនៅក្នុងការធានាដោយច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ហើយក៏ធានាដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ។ អ៊ីចឹងពួកយើងដែលជាជនរងគ្រោះហ្នឹង មិនអាចទទួលយកបានទេ>>។
លោក ប្រ៊ែដ អាដាម យល់ស្របថា ក្នុងស្ថានភាពដែលប្រទេសមួយដឹកនាំដោយមេដឹកនាំបែបផ្តាច់ការ អាណាធិបតេយ្យ រំលោភសិទ្ធិមនុស្ស បំផ្លាញប្រជាធិបតេយ្យ និងធ្វើអ្វីតាមតែអំពើចិត្តបែបនេះ គឺចៀសមិនផុត ពីការក្រោកតវ៉ារបស់ពលរដ្ឋជាយថាហេតុនោះទេ។
ប៉ុន្តែលោកថា វិធីដែលមានប្រសិទ្ធភាព និងជោគជ័យលើរបបផ្តាច់ការបែបនេះ គឺមានតែបន្តការតស៊ូតាមមធ្យោបាយអហិង្សាតទៅទៀត។ លោកបន្ថែមថា សហគមន៍អន្តរជាតិ ស្ងើចសរសើរយ៉ាងខ្លាំង ដល់ពលរដ្ឋខ្មែរ និងសកម្មជន ដែលនៅបន្តតស៊ូដោយសន្តិវិធី ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ លោកបន្តថា លោក ហ៊ុន សែន នឹងធ្លាក់ពីអំណាចនៅថ្ងៃណាមួយជាក់ជាមិនខាន។
លោកចង់ឃើញរដ្ឋាភិបាលថ្មីមួយ ដែលជារដ្ឋាភិបាលដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ និង គោរពសិទ្ធិមនុស្ស ដែលជាទំព័រថ្មីនៃប្រវត្តិសាស្រ្តកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។