មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ថា​​ សាលាឧទ្ធរណ៍​មិន​បាន​ធានា​សិទ្ធិ​ទទួល​បាន​ការជំនុំ​ជម្រះ ​ដោយ​យុត្តិធម៌​របស់​ជនជាប់​ចោទ

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ​រកឃើញ​ថា​សាលាឧទ្ធរណ៍​ខកខាន​មិនបាន​ធានា​អោយ​បាន​ពេញពេញ​នូវ​សិទ្ធិ​ជាមូលដ្ឋាន​នៃ​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះដោយ​យុត្តធម៌​របស់​ជនជាប់​ចោទ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ។

មជ្ឈមណ្ឌល​នេះ​ស្នើ​សាលាឧទ្ធរណ៍​កែប្រែ​ចំណុច​មួយចំនួន ដែល​ខ្លួន​បាន​រក​ឃើញ ដើម្បី​ធានា​សិទ្ធិ​ជនជាប់ចោទ​អោយ​បានពេញ ដែល​រួមមាន៖ ការធានា​ថា​ជនជាប់ចោទ​មិនត្រូវ​បង្ខំ​អោយ​សារភាព សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ជា​សាធារណៈ សិទ្ធិ​មាន​មេធាវី និង​ការសន្មត់​ទុក​ថា​គ្មាន​ទោស ជាដើម។

លើស​ពី​នេះ​ចំពោះ​រឿងក្ដី ដែល​មាន​ជនជាប់ចោទ​ជា​អនីតិជន ឬកុមារ ក៏នៅមិនទាន់មានវិធានការ​ពិសេស ដើម្បី​ការពារសិទ្ធិ​ពួកគេ​នៅ​ឡើយ។

ក្នុង​របាយការណ៍​សង្កេត​សវនាការ​របស់​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី៧ ខែ​តុលា អោយដឹង​ថា ការរកឃើញ​នេះ​គឺលទ្ធផល​នៃ​ការសង្កេត​សវនាការ​នៅ​សាលាឧទ្ធរណ៍​ក្នុង​រយៈពេល​ពេល​ជិត១ឆ្នាំ​គឺ​ពីខែ​វិច្ឆិកា ឆ្នាំ២០១៨ ដល់​ខែតុលា ឆ្នាំ២០១៩។

មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​បញ្ជាក់​ថា​បាន​សង្កេត​សវនាការ​នៅ​សាលាឧទ្ធរណ៍​ចំនួន​២៣៩​ករណី ដោយ​រកឃើញ​ថា​ជនជាប់ចោទ​ជាច្រើន​បាន​លើកឡើងថា​ពួកគេ​រងទារុណកម្មនៅពេល​នគរបាលសួរចម្លើយ ដើម្បី​បង្ខំ​អោយសារភាព​ទៅតាមបទល្មើស​ដែល​ត្រូវ​ចោទប្រកាន់ (១៥​នាក់​ក្នុង​ចំណោម ៣៥២នាក់)។ សាលាឧទ្ធរណ៍​បាន​ខកខាន​បិទប្រកាស​ជាសាធារណៈ​នៅ​លើក្ដារខៀន​នៅខាងក្រៅ​បន្ទប់​សវនាការ នូវ​ដំណឹង​អំពី​សវនាការ​ករណី​ទាំង​២៣៥ ដែល​ជា​ការមិនគោរព​តាម​សិទ្ធិ​ជាមូលដ្ឋាន​ក្នុង​ការទទួលបាន​ការជំនុំជម្រះ​ជាសាធារណៈ។ ជាមួយគ្នានេះ​មាន​ករណី​មួយចំនួន (២៥%នៃជនជាប់ចោទ) ​គឺ​ជនជាប់ចោទ​ថាបាន​ប្រព្រឹត្ត​បទល្មើស​មជ្ឈឹម​ពុំ​មាន​មេធាវីតំណាង​ឡើយ​ដែល​ផ្ទុយពី​បទដ្ឋាន​ច្បាប់​អន្តរជាតិ។ បន្ថែមពីនេះ​ជានជាប់ចោទ​ភាគច្រើន​មិន​បាន​យល់ដឹង​ពី​ប្រភេទ និង​មូលហេតុ​នៃ ការចោទ​ប្រកាន់​ទៅ​លើ​ពួកគេ​នោះទេ។ ចំណែក​នៅ​ក្នុង​សវនាការ​ទៀត​សោត ចៅក្រម​ក៏​ពុំ​បាន​ប្រាប់​ជនជាប់ចោទ​ថា​ពួកគាត់​ជាជន​ជាប់ចោទ​មានសិទ្ធិ​មានមេធាវី​ថែមទៀត។ មួយវិញ​ទៀត​ការសម្មត់​ទុក​ជា​មុន​ថា​គ្មានទោស​ក៏​មិនត្រូវ​បាន​អនុវត្ត​ពេញលេញ​ដែរ ដោយសារ​ចៅក្រម មិន​បាន​ប្រាប់​ជនជាប់ចោទជាច្រើន (៦៦%)​ ពី​សិទ្ធិនៅ​ស្ងៀម​របស់​ពួកគេ​ឡើយ ហើយពួកគេ​បាន​ចូល​ទៅ​ក្នុង​សវនាការ​ក្នុង​សម្លៀកបំពាក់​ដូចគ្នា​ទៅនឹង​ទណ្ឌិត​ឬអ្នកមានទោស​ដែរ (២១,៨%)។ ចំពោះ​ការប្រកាស​សាលដីកា​របស់​សាលាឧទ្ធរណ៍​នេះ​វិញ ជិតពាក់​កណ្ដាល​នៃ​ករណីដែល​បាន​អង្កេត​គឺ​ចៅក្រម​ពុំបាន​លើក​មាត្រាច្បាប់ និង​ភស្ដុតាង​ដែល​ប្រើប្រាស់​ក្នុង​ការសម្រេចក្ដី​នោះ​ទេ ដែល​មិនគោរព​សិទ្ធិ​ទទួល​បាន​សេចក្ដី​សម្រេច ដែល​មាន​សំអាង​ហេតុ​ពេញលេញ។

អ្នកសម្របសម្រួល​គម្រោង​សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ហ៊ុន ស៊ាងហាក់ ប្រាប់​អាស៊ីសេរី​ថា ចំណុច​ការបង្ខំ​អោយ​សារភាព​កើតឡើង​នៅ​ដំណាក់កាល​ដំបូង​នៃ​ការកសាង​សំណុំរឿង ពោល​គឺមិន​នៅ​ក្នុងដៃ​សាលា​ឧទ្ធរណ៍​ទេ ប៉ុន្តែ​ស្ថាប័ន​នេះ​អាច​ចាត់វិធានការ​ឡើងវិញ ដើម្បី​ធានា​សិទ្ធិជនជាប់ចោទ៖ «អ៊ីញ្ចឹង​នៅកន្លែង​នេះ យើង​ឃើញ​ថា​​សាលាឧទ្ធរណ៍ លោក​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ ហើយ​ភាគ​ច្រើន​ចៅក្រម​លោក​នៅតែ​រក្សា​នូវ​សេចក្ដីសម្រេច​របស់​សាលាដំបូង ហើយ​បាន​ចេញ​ដីកា​សម្រេច​ដាក់​ទោស​ជនជាប់​ចោទ។ ភាគច្រើន​គឺ​ចៅក្រមមិនបានពិចារណា​ ហើយ​នឹង​ស៊ើបអង្កេតឡើងវិញ​ ឬចាត់របៀបឡើងវិញ​នូវអ្វីដែល​ជនជាប់ចោទ​លោកបាន​លើកឡើង​ថា​ត្រូវ​គេ​ធ្វើ​ទារុណកម្ម ឬ​ប្រើ​ហិង្សា​នៅពេល​ផ្ដល់​ចម្លើយ​សារភាព​ហ្នុង។»

លោក ស៊ាងហាក់​បន្តថា លើសពីនេះ​ចំពោះ​ជនចាប់ចោទ​ជា​អនីតិជន ឬ​ជាកុមារវិញ សាលាឧទ្ធរណ៍​ពុំ​បាន​ចាត់វិធានការ​ចាំបាច់​នានា ដែល​មានចែង​ក្នុង​ច្បាប់​ជាតិ និង​​អន្តរជាតិ​ស្ដីពី​យុត្តិធម៌​អនីតិជន​នោះ​ឡើយ៖ «សវនាការ​មួយចំនួន​របស់​ជនជាប់ចោទ​ជា​អនីតិជន​ត្រូវ​បាន​ធ្វើ​ជាសាធារណៈ​គឺ​វាប៉ះពាល់​ដល់​ឯកជនភាព​របស់​ជនជាប់​ចោទ ព្រោះ​នៅ​ក្នុង​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន​មិនថា​ពេល​សវនាការ និង​ការប្រកាស​សាលដីកា​ឬ​សេចក្ដី​សម្រេច​ឡើយ​គឺត្រូវ​ធ្វើ​ជា​អសាធារណៈ ដើម្បី​រក្សា​ឯកជនភាព​របស់​គាត់ ហើយ​ត្រូវធានាថា​ សវនាការ​ប្រព្រឹត្ត​ទៅ​ដោយ កុមារ​មេត្រី​ជាដើម។»

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព បាន​លើកឡើង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​នៅថ្ងៃទី៧ ខែតុលា​ថា​មាន​ចំណុច​ជាច្រើន​ដែល​សាលាឧទ្ធរណ៍​បាន​កែប្រែអោយ​ប្រសើ​ជាងមុន​រួចទៅហើយ ដែល​អ្នកស្រី​រំពឹង​ថា​សាលាឧទ្ធរណ៍​នឹង​បន្ត​កែលម្អ​តាមអ្វីដែល​មជ្ឈមណ្ឌល​បាន​រកឃើញ​នេះ​បន្ត​ទៀត។

នៅ​ក្នុង​ហ្វេសប៊ុក​របស់​សាលាឧទ្ធរណ៍​បាន​អោយដឹង​ថា ប្រធាន​សាលាឧទ្ធរណ៍ លោក យូ ប៊ុនឡេង​ធ្លាប់​បាន​បើក​កិច្ចប្រជុំ​កាលពីថ្ងៃទី៣១ ខែ​កក្កដា​កន្លងទៅ ដើម្បី​ពិភាក្សា​លើរបាយការណ៍​ឃ្លាំមើល​សវនាការ​ស្ដីពី​សិទ្ធិទទួលបានការជំនុំជម្រះ​ដោយ​យុត្តិធម៌នេះ ប៉ុន្តែ​ពុំមាន​ព័ត៌មាន​លំអិត​ណាមួយ​ដាក់បង្ហាញ​ឡើយ។ អាស៊ីសេរី​នៅ​មិនទាន់អាច​ទាក់ទង​ប្រធាន​សាលាឧទ្ធរណ៍ លោក យូ ប៊ុនឡេង ដើម្បី​សាកសួរ​បន្ថែម​បាន​នៅឡើយទេ។

នារសៀលថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០...

Posted by សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ on Friday, July 31, 2020

ប៉ុន្តែ លោក ហ៊ុន ស៊ាងហាក់ ប្រាប់​អាស៊ីសេរី​ថា​សាលាឧទ្ធរណ៍​ថា​នឹង​បិទប្រកាសព័ត៌មាន​ពីសវនាកា​អោយបានខ្ជាប់ខ្ជួន និង​បង្កើត​រួចហើយនូវបញ្ជី​សិទ្ធិជនជាប់ចោទ​ដែល​ចៅក្រម​ត្រូវប្រាប់​ទៅ​ជនជាប់ចោទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។