អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រកឃើញថា រដ្ឋាភិបាលកម្ពុជាបរាជ័យក្នុងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដខ្លាំង ឆ្នាំ២០១២ ដោយបណ្ដោយឲ្យជនល្មើសរួចខ្លួនពីសំណាញ់ច្បាប់ និងបរាជ័យក្នុងការធានាផ្ដល់ការព្យាបាល និងសំណងគ្រប់គ្រាន់ដល់ជនរងគ្រោះបណ្ដាលឲ្យពួកគេទទួលរងផលវិបាកអស់មួយជីវិត។
អង្គការនេះ បានជួបសម្ភាសន៍ជនរស់រានមានជីវិតពីការវាយប្រហារដោយអាស៊ីដចំនួន ១៧នាក់ និងសាច់ញាតិរបស់ពួកគេ។
អតីតតារាសម្ដែងខារ៉ាអូខេអ្នកនាង តាត ម៉ារីណា បានរងគ្រោះដោយភរិយារបស់មន្ត្រីជាន់នៅគណៈរដ្ឋមន្ត្រី ដែលជាមនុស្សស្និទ្ធនឹងប្រមុខរបបក្រុងភ្នំពេញ និងបក្សពួកវាយធ្វើបាបរហូតដល់សន្លប់ហើយស្រោចអាស៊ីដលើផ្ទៃមុខរបស់នាង ឲ្យដាច់រលេះរលួយស្ទើរបាត់បង់ជីវិត ក្នុងឆ្នាំ១៩៩៩។ រហូតមកដល់ពេលនេះគ្មានបុគ្គលណាម្នាក់ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារព្រោះតែរឿងនេះឡើយ។ នាងថា អំពើអយុត្តិធម៌នេះបានបំផ្លាញជីវិតនាងទាំងស្រុង៖ « ការវាយប្រហារដោយទឹកអាស៊ីដទៅលើនរណាម្នាក់ គឺដូចជាការបំផ្លាញជីវិតអ្នកនោះដែរ ព្រោះអ្នកបានឆក់យកអ្វីៗ គ្រប់យ៉ាងពីឆាកជីវិតរបស់ជនរងគ្រោះនោះ។ រស់នៅក្នុងស្ថានភាពបែបនេះ គឺមិនខុសពីមនុស្សរស់ តែរូបកាយស្លាប់នោះទេ » ។
ជនរងគ្រោះម្នាក់ អ្នកស្រី មួង ស្រីមុំ រៀបរាប់ថា បើទោះជានាងនៅមានជីវិត ប៉ុន្តែរស់នៅដោយការឈឺចាប់ទាំងផ្លូវកាយទាំងផ្លូវចិត្ត ពីព្រោះនាងមិនដែលបានទទួលសំណង ហើយជនល្មើស ដែលជះទឹកអាស៊ីដទៅលើនាងក៏មិនត្រូវបានផ្ដន្ទាទោស ពីព្រោះតែអំពើពុករលួយក្នុងប្រព័ន្ធច្បាប់។ នៅពេលនឹកដល់ជីវិតក្រោយរងការវាយប្រហារដោយទឹកអាស៊ីដម្តងៗ នាងហាក់ដូចជា «រស់នៅក្នុងឋាននរក» ដែលក្ដៅក្រហល់ក្រហាយ៖ « ជីវិតមួយៗ តែងតែចង់រស់។ ប៉ុន្តែដល់ដំណាក់កាលហ្នឹងខ្ញុំអត់ចង់រស់ទេ។ សុំអង្វរគាត់ ឲ្យគាត់ហ្នឹងចាក់ថ្នាំឲ្យខ្ញុំទៅឲ្យហួសទៅ ព្រោះអីកុំឲ្យខ្ញុំរស់ទៀត ខ្ញុំឈឺមាំណាស់។ តែអ្នកគ្រូពេទ្យគាត់ថា គាត់ខំទៅយកដល់ស្រុកហើយ ត្រូវតែខំរស់ » ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មិនទាន់អាចវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដខ្លាំងនៅកម្ពុជានេះបានយ៉ាងណាទេ ព្រោះរដ្ឋាភិបាលមិនទាន់សិក្សាបែបវិទ្យាសាស្ត្រអំពីរឿងនេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តច្បាប់ដោយធានាដាក់ទោសទណ្ឌដល់អ្នកប្រព្រឹត្ត និងផ្ដល់ជំនួយផ្នែកច្បាប់ សង្គមកិច្ច និងសុខាភិបាលដល់ជនរងគ្រោះពីការវាយប្រហារដោយអាស៊ីដឲ្យបានពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
