សង្គម​ស៊ីវិល​ថ្កោល​ទោស​ការ​ដក​មេ​ប៉ុស្តិ៍​នៅ​ប៉ៃលិន

ដោយ ម៉ម មុនីរតន៍
2013-03-29
Share
ព្រំដែន ប៉ៃលិន ៣០៥ មេ​ប៉ុស្តិ៍​បរថ្មី ច្រក​អូរអែម សង្កាត់​បរយ៉ាខា ខេត្ត​ប៉ៃលិន ដែល​ត្រូវ​បញ្ឈប់​ពី​តួនាទី លោក មួន ទឹម ហៅ ញ៉ន (ស្ដាំ) អង្គុយ​ក្បែរ​បង្គោល​ឡាក់​លេខ ៦៤ កាល​ពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៣។
RFA/Morm Moniroth

អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដែល​បាន​បញ្ឈប់​មេ​ប៉ុស្តិ៍​បរថ្មី កាល​ពី​ពេល​ថ្មីៗ​នេះ។ អង្គការ​ដដែល​នេះ ក៏​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល ដែល​គំរាម​ប្ដឹង​វិទ្យុ​អាស៊ីសេរី ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​ព័ត៌មាន​ស្ដីពី​បញ្ហា​ព្រំដែន។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី អះអាង​ថា នេះ​ពុំ​មែន​ជា​ការ​ដក ឬ​បញ្ឈប់​ទេ គឺ​គ្រាន់​តែ​ផ្លាស់​ប្ដូរ​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ​ប៉ុណ្ណោះ។

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ថ្កោល​ទោស​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដែល​សម្រេច​ដក​តួនាទី​មេ​ប៉ុស្តិ៍​បរថ្មី នៃ​វរព្រំដែន​៨២១ បញ្ឈប់​ពី​ការងារ និង​ការ​គំរាម​ប្ដឹង​វិទ្យុ​អាស៊ីសេរី ដោយ​ចាត់​ទុក​ថា នេះ​គឺ​ជា​សារ​គំរាម​កំហែង​ដល់​សិទ្ធិ​បញ្ចេញ​មតិ និង​សេរីភាព​អ្នក​សារព័ត៌មាន​ដែល​ធានា​ដោយ​ច្បាប់។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ចុះ​ថ្ងៃ​ទី២៩ មីនា ឲ្យ​ដឹង​ថា ខ្លួន​ពុំ​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដែល​សម្រេច​ដក​តួនាទី​លោក មួន ទឹម ចេញ​ពី​មេ​ប៉ុស្តិ៍​នៅ​ចំណុច​បរថ្មី នៃ​ខេត្ត​ប៉ៃលិន នោះ។ លិខិត​បន្ត​ថា អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​គំរាម​ប្ដឹង​ថែម​ទៀត​ទៅ​តុលាការ​យោធា ចំពោះ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ជុំវិញ​សេចក្ដី​រាយការណ៍​ថា ថៃ បាន​រំលោភ​ព្រំដែន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា នោះ គឺ​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​បញ្ចេញ​មតិ និង​សេរីភាព​អ្នក​សារព័ត៌មាន។

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ចេតនា​ទាំង​នេះ ដោយ​ចាត់​ទុក​ថា នេះ​គឺ​ជា​សារ​ដើម្បី​បិទ​បាំង​ការ​ពិត និង​អសមត្ថភាព​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ជិត​ខាង។

លិខិត​បន្ត​ថា ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា យល់​ឃើញ​ថា អ្នក​ដឹកនាំ​រដ្ឋ​ត្រូវ​ឲ្យ​ពលរដ្ឋ​បាន​ដឹង​យ៉ាង​ទូលាយ​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ជិត​ខាង។ ពោល គឺ​មិន​ត្រូវ​លាក់​បាំង​ជាមួយ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​នោះ​ទេ ហើយ​រដ្ឋាភិបាល​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី ដោយ​មិន​ត្រូវ​គំរាម និង​ប្ដឹង​ចំពោះ​អ្នក​ដែល​គិត​អំពី​បញ្ហា​ព្រំដែន​ឡើយ។

បន្ថែម​លើ​នេះ​ទៀត សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា រដ្ឋាភិបាល​គួរ​លើក​ទឹក​ចិត្ត​អ្នក​ដែល​គិត​អំពី​បញ្ហា​អធិបតីភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន ហើយ​រដ្ឋាភិបាល​ពុំ​គួរ​ប្រតិកម្ម​ប្រឆាំង​ចំពោះ​ការ​រក​ឃើញ​កំហុស ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នោះ​ឡើយ៖ «បញ្ហា​អស់​ទាំង​ហ្នឹង យើង​គិត​ថា រដ្ឋាភិបាល​កំពុង​តែ​បិទ​បាំង​នូវ​ទង្វើ​អសកម្ម​របស់​ខ្លួន​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​នៃ​កម្ពុជា»

ក៏ប៉ុន្តែ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​កាល​ពី​ថ្ងៃ​ទី២៨ មីនា នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា មេ​ប៉ុស្តិ៍​បរថ្មី មិន​ត្រូវ​បញ្ចប់​តួនាទី​ទេ គឺ​គ្រាន់​តែ​ផ្លាស់​ប្ដូរ​ការ​ទទួល​ខុស​ត្រូវ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ចំណែក​ការ​គំរាម​ប្ដឹង​វិទ្យុ​អាស៊ីសេរី ក៏​ព្រោះ​ស្ថាប័ន​នេះ​ផ្សាយ​ព័ត៌មាន​អំពី​ការ​បាត់បង់​ដី​នៅ​តំបន់​ព្រំដែន​ភាគ​ខាង​លិច​ទៅ​ភាគី​ថៃ ហើយ​លោក​ចាត់​ទុក​ថា ព័ត៌មាន​នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។

លោក ផៃ ស៊ីផាន៖ «គាត់​ធ្វើ​ជា​របៀប​អ្នក​យុទ្ធនាការ​ក្នុង​ការ​វាយ​ប្រហារ ឬ​ក៏​បំផុស​ចលនា​មួយ ដើម្បី​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន។ ដូច​ខ្ញុំ​បាន​ជម្រាប​ហើយ បញ្ហា​ព្រំដែន​គឺ​វា​ជា​បញ្ហា​សន្តិសុខ​ជាតិ ហើយ​យើង​ឃើញ​ជា​បន្តបន្ទាប់​ទៀត​ហ្នឹង គឺ​វិទ្យុ​អាស៊ីសេរី ហ្នឹង បាន​ធ្វើ​ការ​វាយ​ប្រហារ មិន​មែន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ បញ្ចូល​នូវ​គំនិត​ខ្លួន​ឯង ហាក់​បី​ដូច​ជា​ការ​និយាយ​មួយ​មិន​សមស្រប​ក្នុង​វិជ្ជាជីវៈ ក៏​ដូច​ជា​ក្រម​សីលធម៌​ដែល​ទទួល​ខុស​ត្រូវ»

ទោះ​ជា​បែប​ណា លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​ថា អ្វី​ដែល​វិទ្យុ​អាស៊ីសេរី ផ្សាយ​ពី​ការ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង មិន​រាប់​ថា​ជា​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ឡើយ៖ «យុទ្ធសាស្ត្រ​របស់​កងទ័ព​យើង ឬ​ក៏​ចំនួន​កម្លាំង​កងទ័ព​យើង​អីៗ​អ៊ីចឹង​ផ្សព្វផ្សាយ​ឲ្យ​គេ​ដឹង អា​ហ្នឹង​ប៉ះពាល់​ដល់​សន្តិសុខ​អ្ហា អីចេះ។ ក៏ប៉ុន្តែ ថា​យក​ព័ត៌មាន​រឿង​ព្រំ​ប្រទល់​ដែន រឿង​អី​គ្មាន​អី​ឲ្យ​ប៉ះពាល់ ប៉ុន្តែ​បើ​ថា​រឿង​ហ្នឹង​វា​មិន​ពិត យើង​បដិសេធ​វិញ​ទៅ បើ​មិន​អ៊ីចឹង​ទេ ចាំបាច់​គំរាម​កំហែង​គេ​ប្ដឹង​ផ្ដល់»

ប្រតិកម្ម​របស់​រដ្ឋាភិបាល ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី អំពី​ការ​ការ​បាត់បង់​អធិបតីភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដែល​ពលរដ្ឋ​នៅ​ទីនោះ​បាន​អះអាង​ថា ថៃ លួច​រំកិល​ព្រំដែន​ចូល​មក​កម្ពុជា ក្រោយ​ពី​ប្រទេស​កម្ពុជា ធ្វើ​សមាហរណកម្ម​ជាមួយ​ភាគី​ម្ខាង​ទៀត​ដែល​តស៊ូ​នៅ​តំបន់​ជាយ​ដែន​កម្ពុជា-ថៃ នៅ​ឆ្នាំ​១៩៩៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល