នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ឱ្យដឹងថា អ្នកស្រី នឹងចូលខ្លួនឆ្លើយបំភ្លឺ ជាសាក្សីនៅថ្ងៃទី៧ ខែមិថុនា ខាងមុខ ប្រសិនបើទទួលបានដីកាកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ ទាក់ទងសំណុំរឿង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវរបបលោក ហ៊ុន សែន រំលាយ។
សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅថ្ងៃអាទិត្យ ទី ២៧ ខែឧសភានេះ បញ្ជាក់ថា អ្នកស្រី ចក់ សុភាព នៅពុំទាន់ទទួលបានដីកាកោះនោះនៅឡើយទេ រហូតមកដល់ពេលនេះ។
ការបញ្ជាក់នេះធ្វើឡើងក្រោយដែលប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានចុះផ្សាយអត្ថបទមួយ កាលពីថ្ងៃទី២៦ ខែឧសភាថា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះ បុគ្គល៨រូប ជាសាក្សី ក្នុងករណី លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ឬសន្ទិដ្ឋិភាព ជាមួយបរទេស។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានចេញដីកាកោះហៅ សាក្សី៨រូបនោះ រួមមាន នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ប្រធានអង្គការសមាគមធាងត្នោត លោក មាស គឹមសេង លោក ប៉ាង ងួនទៀង ប្រធានមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អតីតប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ និងសាក្សីមួយចំនួនទៀត។ ដីកាកោះ របស់ លោក គី ឬទ្ធី នេះ ចុះកាលបរិច្ឆេទ ថ្ងៃទី១៧ ឧសភា តែទើបត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២៦ ឧសភា។
គិតត្រឹមថ្ងៃនេះ យ៉ាងហោចណាស់ មានមនុស្ស១០នាក់ ត្រូវបានចៅក្រមស៊ើបសួរ កោះហៅឱ្យចូលខ្លួនធ្វើជាសាក្សី ក្នុងសំណុំរឿងចោទប្រកាន់ មេបក្សប្រឆាំង លោក កឹម សុខា។ កន្លងមក លោក គី ឬទ្ធី ធ្លាប់កោះហៅសាក្សីយ៉ាងតិច២រូបហើយ ឱ្យចូលឆ្លើយបំភ្លឺ ករណីបទចោទលោក កឹម សុខា គឺអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលរវុណ និងប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ។ លោក ឈឹម ផលវរុណ បានចូលខ្លួនឆ្លើយបំភ្លឺ កាលពីថ្ងៃទី០៦ កុម្ភៈ ប៉ុន្តែ លោក ម៉ម សូណង់ដូ បានបដិសេធដីកាកោះហៅរបស់ លោក គី ឬទ្ធី ៣ដង ដោយមិនព្រមចូលខ្លួន ធ្វើជាសាក្សីទេ ដោយសារ លោកបារម្ភថា លោកនឹងត្រូវចាប់ខ្លួននៅពេលចូលធ្វើជាសាក្សី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។