តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានស្នងការអឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) រម្លឹកលោក ហ៊ុន សែន ឲ្យស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុប កាលពីថ្ងៃទី១៩ ខែតុលា នេះ បញ្ជាក់ថា នៅក្នុងជំនួបរវាងអ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី ជាមួយលោក ហ៊ុន សែន ក្នុងឱកាសនៃជំនួបកំពូលអាស៊ី-អឺរ៉ុប (ASEM) នៅទីក្រុងប្រ៊ុចសែល (Brussels) ប្រទេសប៊ែលហ្ស៊ិក អ្នកស្រីសង្កត់ធ្ងន់ លើបញ្ហាធ្លាក់ចុះដុនដាប នៃលទ្ធិប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្ស និងបញ្ហានីតិរដ្ឋនៅកម្ពុជា។
អ្នកស្រី ហ្វេដេរីកា ម៉ូហ្គេរីនី គូសបញ្ជាក់ប្រាប់លោក ហ៊ុន សែន ថា សហភាពអឺរ៉ុបពិតជាប្ដេជ្ញា និង មានឆន្ទៈ ជួយគាំទ្រឲ្យមានប្រជាធិបតេយ្យ និងស្ថិរភាពសង្គមកម្ពុជា ដើម្បីប្រយោជន៍ពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ។ ក្នុងន័យនេះ អ្នកស្រីដាស់តឿនលោក ហ៊ុន សែន អំពីភាពចាំបាច់ ដែលរបបនេះ ត្រូវតែស្ដារស្ថានការនយោបាយអាក្រក់បច្ចុប្បន្ននេះឡើងវិញ បើមិនចង់បាត់ការផ្ដល់ការអនុគ្រោះពន្ធ ពីសហភាពអឺរ៉ុប ក្រោមកិច្ចព្រមព្រៀង “អ្វីៗទាំងអស់ លើកលែងតែអាវុធ (EBA)។
សហភាពអឺរ៉ុប កាលពីដើមខែតុលានេះ ជូនដំណឹងរួចទៅហើយ ទៅរបបលោក ហ៊ុន សែន អំពីចំណាត់ការឈានទៅរកការលុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយសារតែ ពុំមានការកែប្រែស្ថានភាពវិបត្តិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។
សហភាពអឺរ៉ុបទុករយៈពេលឲ្យរបបលោក ហ៊ុន សែន ពី៦ ខែ ទៅ ១ ឆ្នាំគឺចាប់ពីតុលានេះតទៅ មុននឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ជាផ្លូវការពីកម្ពុជា។ ក្នុងរយៈពេល៦ខែដំបូងនេះ សហភាពអឺរ៉ុបនឹងទុកពេលឲ្យរបបលោក ហ៊ុន សែន គោរពកិច្ចសន្យា និងកែប្រែឥរិយាបថរបស់ខ្លួនឡើងវិញ លើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ប្រសិនបើលក្ខខណ្ឌទាំងនេះ មិនត្រូវបានអនុវត្តនោះទេ ក្នុងរយៈពេល៦ខែបន្ទាប់ទៀត សហភាពអឺរ៉ុប នឹងសម្រេចឈប់ផ្ដល់ការអនុគ្រោះពន្ធនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។