ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងថា សភាសហភាពអឺរ៉ុប វាយតម្លៃសភាពការណ៍នៅកម្ពុជា ដោយផ្អែកលើព័ត៌មានមិនពិតជាច្រើន។ នេះគឺជាការឆ្លើយតបផ្លូវការរបស់ក្រសួងការបរទេសកម្ពុជា ទៅនឹងសេចក្តីសម្រេចរបស់សភាសហភាពអឺរ៉ុប កាលពីថ្ងៃទី៩ មិថុនា ដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ឈប់ធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង និងមន្ត្រីការពារសិទ្ធិមនុស្ស។
ក្រសួងការបរទេស អះអាងថា រដ្ឋាភិបាលកម្ពុជា ភ្ញាក់ផ្អើលក្រោយពីបានអានឯកសាររបស់សភាសហភាពអឺរ៉ុប ជុំវិញសភាពការណ៍នៅកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍ចំនួន ៤ទំព័រចុះថ្ងៃទី១២ មិថុនា ហើយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៣ មិថុនា ក្រសួងការបរទេស បានពន្យល់ទៅកាន់សហភាពអឺរ៉ុប វិញនូវរឿងរ៉ាវទាំងឡាយពាក់ព័ន្ធនឹងផ្លូវតុលាការរបស់ប្រធាន និងអនុប្រធានបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងដំណើររឿងជុំវិញការចាប់ខ្លួនសមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំង លោក ហុង សុខហួរ និងតំណាងរាស្ត្រ លោក អ៊ុំ សំអាន។ ក្រៅពីនោះ ក្រសួងការបរទេស ក៏លើកឡើងពីរឿងរ៉ាវរបស់សកម្មជនការពារសិទ្ធិមនុស្ស ៤រូប និងមន្ត្រី គ.ជ.ប ១រូបដែលកំពុងជាប់ឃុំដោយសារពាក់ព័ន្ធក្នុងករណីរបស់លោក កឹម សុខា។
ក្រសួងការបរទេស ហាក់ឌឺដងទៅកាន់សហភាពអឺរ៉ុប ថា ក្នុងនាមជាបណ្ដុំនៃប្រទេសអភិវឌ្ឍន៍ ការវិនិច្ឆ័យណាមួយអាចធ្វើទៅបាន ត្រូវផ្អែកលើការពិតជាក់ស្តែង និងការស៊ើបអង្កេតយ៉ាងហ្មត់ចត់ មិនមែនសំអាងលើប្រភពលម្អៀង ពាក្យចចាមអារ៉ាម និងព័ត៌មានដែលមានលក្ខណៈបំភ័ន្តនយោបាយនោះឡើយ។

ក្រសួងការបរទេស ក៏មិនភ្លេចវាយប្រហារលើអង្គការក្រៅរដ្ឋាភិបាល ដោយចោទថា អង្គការមួយចំនួនជាប់ពាក់ព័ន្ធនៅក្នុងសកម្មភាពនយោបាយក្រោមការឧបត្ថម្ភពីស្ថាប័នបរទេស។ ក្រសួងការបរទេស អះអាងថា ដោយសារតែមានអង្គការប្រភេទនេះហើយ ទើបរដ្ឋាភិបាលកម្ពុជា បង្កើតឲ្យមានច្បាប់មួយដើម្បីគ្រប់គ្រងអង្គការ គឺច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល។
ជារួម នេះមិនមែនជាលើកទីមួយទេដែលរដ្ឋាភិបាលមានប្រតិកម្មដូចនេះចំពោះសហគមន៍អន្តរជាតិ ដែលរិះគន់លើរដ្ឋាភិបាលកម្ពុជា។ កន្លងមក ឲ្យតែមានការរិះគន់លើសកម្មភាព ឬសភាពការណ៍នៅកម្ពុជា ម្តងៗ មន្ត្រីបក្សកាន់អំណាចតែងឆ្លើយតបថា ជាការរិះគន់មិនផ្អែកលើស្ថានភាពជាក់ស្តែង ឬទទួលព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ឬមិនឆ្លុះបញ្ចាំងពីការពិត ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយចុះ ភាពជាក់ស្តែងនៅត្រង់ថា ចំពោះសភាពការណ៍នៅកម្ពុជា បច្ចុប្បន្ន ដែលមេបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលកំពុងប្រឈមនឹងការចោទប្រកាន់ និងការចាប់ខ្លួន មិនថារដ្ឋាភិបាលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិ ឬអគ្គលេខាធិការអង្គការសហប្រជាជាតិ នោះទេ គឺសុទ្ធតែកំពុងសម្ដែងការបារម្ភពីសភាពការណ៍ក្នុងពេលបច្ចុប្បន្ន និងទទូចឲ្យរដ្ឋាភិបាលឈប់ធ្វើបាបបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស និងឲ្យរដ្ឋាភិបាលចាប់ផ្ដើមការចរចាជាមួយបក្សប្រឆាំងដោយសន្តិវិធីឡើងវិញ។
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរពិចារណាលើសំណើរបស់សហគមន៍អន្តរជាតិ ព្រោះថា បើកម្ពុជា ចេះតែទុកឲ្យស្ថានការណ៍បន្តនៅដូចសព្វថ្ងៃ វាអាចធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា លើឆាកអន្តរជាតិ ប៉ះពាល់ដល់ជំនួយដែលបរទេសផ្តល់ឲ្យសម្រាប់អភិវឌ្ឍប្រទេសកម្ពុជា ឬប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា ជាពិសេសទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដូចជាអង្ករ និងសម្លៀកបំពាក់ ជាដើម បើសហភាពអឺរ៉ុប សម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា មែននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។