សហព័ន្ធសហជីពសាកល (Global Union Federations) ដែលតំណាងឲ្យសហជីពធំៗមកពីបណ្តាវិស័យឧស្សាហកម្ម និងការងារជាក់លាក់នៅទូទាំងពិភពលោក រួមទាំងសាខារបស់ខ្លួនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ថ្កោលទោសការចាប់ខ្លួនប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន។ សហព័ន្ធសហជីពសាកល អំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់ចោលរាល់បទចោទនានាប្រឆាំងនឹងលោក រ៉ុង ឈុន និងឲ្យដោះលែងរូបលោកជាបន្ទាន់។
សហព័ន្ធសហជីពសាកលដដែលនេះថា លោក រ៉ុង ឈុន តែងតែឈរនៅជួរមុខគេក្នុងការតស៊ូទាមទារឲ្យមានការការពារសិទ្ធិរបស់កម្មករនិយោជិត។ អង្គការនេះថា ការយាយី និងការបង្ក្រាបនារយៈពេលចុងក្រោយនេះ មកលើការប្រមូលផ្តុំដោយសន្តិវិធី និងសេរីភាពនៃការសម្ដែងមតិ ធ្វើឲ្យខ្លួនមានកង្វល់ជាខ្លាំង ជុំវិញការបន្តរំលោភសិទ្ធិសហជីព និងសិទ្ធិមនុស្សនៅកម្ពុជា ដែលស្តែងឲ្យឃើញតាមរយៈការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញមកលើសកម្មភាពរបស់សហជីព។ អង្គការនេះសង្កត់ធ្ងន់ថា ការចាប់ខ្លួនលោក រ៉ុង ឈុន នៅពីក្រោយរឿងរ៉ាវនៃសកម្មភាពសហជីពរបស់លោក និងការរិះគន់របស់លោក ជុំវិញផលប៉ះពាល់នៃគោលនយោបាយរបស់រដ្ឋាភិបាលឆ្លើយតបទៅនឹងការធ្លាក់ចុះសេដ្ឋកិច្ចដោយសារតែវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩ គឺជាការវាយប្រហារយ៉ាងច្បាស់ក្រឡែតរបស់រដ្ឋាភិបាលកម្ពុជាមកលើរូបលោក។
សហព័ន្ធសហជីពសាកល ស្នើរដ្ឋាភិបាលកម្ពុជា បំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការការពារ និងលើកកម្ពស់គោលការណ៍នានា ដូចមានចែងក្នុងអនុសញ្ញាអង្គការអន្តរជាតិស្ដីពីការងារ សន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងអនុសាសន៍នានា ដាក់ចេញដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ សហព័ន្ធសហជីពសាកលថា លោក រ៉ុង ឈុន ព្រមទាំងសកម្មជនសហជីពដទៃទៀត ដែលត្រូវឃុំខ្លួន និងកាត់ទោសដោយសារតែការអនុវត្តសិទ្ធិ និងសេរីភាពរបស់ពួកគេក្នុងការបញ្ចេញមតិ ត្រូវតែទទួលបាននូវការដោះលែងជាបន្ទាន់ និងទម្លាក់ចោលរាល់បទចោទនានា ប្រឆាំងនឹងពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។