អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch=HRW) ថ្លែងនៅថ្ងៃ៨ ធ្នូ នេះ ថា ការណ៍ ដែលរបបលោក ហ៊ុន សែន អះអាង ថាចង់កែប្រែការអនុវត្តច្បាប់ ឲ្យប្រសើរវិញ គឺគួរតែចាប់ផ្ដើម ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដ៏ស្មោះត្រង់មួយ គឺត្រូវលុបចោលវិញឲ្យអស់ នូវច្បាប់ទាំងឡាយណា ដែលប៉ះពាល់ដល់សកម្មភាពការងារសិទ្ធិមនុស្សជាមូលដ្ឋាន របស់ប្រជាពលរដ្ឋកម្ពុជា។
នាយករងរបស់អង្គការឃាំ្លមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួលបន្ទុកកិច្ចការតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ើតសិន (Phil Robertson) ចាត់ទុកការប្រកាសថ្មីៗរបស់របបលោក ហ៊ុន សែន ដែលអះអាងថា លុបចោលបម្រាម ដែលហាមឃាត់សិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល គឺគ្រាន់តែជាជំហ៊ានដ៏តិចតួចមួយប៉ុណ្ណោះ ក្នុងមាគ៌ាឆ្ពោះទៅរកផ្លូវត្រូវនោះ។ លោកបន្តថា ការណ៍គ្រាន់តែធ្វើប៉ុនណេះ នឹងមិនអាចបញ្ចប់ នូវការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែងសកម្មជនសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា បាននោះទេ។ លោកថា អ្វីដែលចាំបាច់ដែលរបបលោក ហ៊ុន សែន ត្រូវធ្វើនោះ គឺការតាំងចិត្តក្នុងការលុបចោលនូវច្បាប់នានា ដែលបានប្រើប្រាស់កន្លងមក ក្នុងការរារាំងគំរាមកំហែងដល់សកម្មភាពការងារនៃក្រុមសិទ្ធិមនុស្សឯករាជ្យនានា។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងមួយលុបចោលនូវគោលការណ៍ ដែលតម្រូវអោយអង្គការមិនមែនរដ្ឋាភិបាល ត្រូវសុំច្បាប់អាជ្ញាធរមូលដ្ឋានជាបីថ្ងៃមុនពេលធ្វើសកម្មភាពនានានៅក្នុងមូលដ្ឋាន។
ចាប់តាំងពីឆ្នាំ២០១៥មក របបលោក ហ៊ុន សែន បានដាក់ចេញនូវច្បាប់និងគោលការណ៍ជាច្រើន ក្នុងនោះក៏មានច្បាប់អង្គការក្រៅរដ្ឋាភិបាលនិងសមាគមន៏ សំដៅរាំងខ្ទប់និងរឹតបន្តឹងសកម្មភាពការងាររបស់អង្គការក្រៅរដ្ឋាភិបាលនិងអង្គការសិទ្ធិមនុស្ស ហើយដែលជាទូទៅត្រូវបានអាជ្ញាធរយកទៅបកស្រាយ និងអនុវត្តខុសគោលការច្បាប់មួយចំនួន។
អង្គការក្រៅរដ្ឋាភិបាលលើកឡើងថា ជារឿយៗអាជ្ញាធរមូលដ្ឋាន និងមន្ត្រីនគរបាល បានចូលទៅអុកឡុករំខានកិច្ចប្រជុំនិងវគ្គបណ្ដុះបណ្ដាលរបស់ពួកគេ ដោយពេលខ្លះអង្គុយស្ដាប់នៅខាងក្រោយ ថតរូបភាព សុំបញ្ជីឈ្មោះអ្នកចូលរួម និងពេលខ្លះទៀតបង្ខំអោយពួកគេបិទការប្រជុំឬវគ្គបណ្ដុះបណ្ដាលនោះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
