អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវឲ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលបទចោទប្រឆាំងលោក កឹម សុខា ដោះលែងអ្នកជាប់ឃុំ និងអ្នកទោសនយោបាយ ព្រមទាំងបញ្ឈប់ការគាបសង្កត់ផ្នែកនយោបាយគ្រប់រូបភាព ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅពេលខាងមុខ។ ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៦ កញ្ញា។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ហៅការជំនុំជម្រះបទព្រហ្មទណ្ឌលើលោក កឹម សុខា ថាជាផ្នែកមួយនៃយុទ្ធនាការហិង្សារបស់រដ្ឋាភិបាលកម្ពុជា ដើម្បីរារាំងមិនឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ២០១៨ ខាងមុខ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា ករណីនេះជាការគាបសង្កត់ផ្នែកនយោបាយលើគណបក្សប្រឆាំង៖ «ករណីលោក កឹម សុខា គឺជាការជំនុំជម្រះចុងក្រោយមួយដែលមានចរិតនយោបាយ សំដៅគណបក្សប្រឆាំង អ្នក ការពារសិទ្ធិ មនុស្ស សកម្មជនសង្គម និងបញ្ញវន្តសាធារណៈ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង ប្រើប្រាស់ល្បិច កលគ្រប់បែប យ៉ាងក្នុង សៀវភៅ ដើម្បីបន្សាបក្រុមប្រឆាំងនៅ មុនការ បោះឆ្នោត ឆ្នាំ២០១៨ ក្រោយពេលគណបក្សរបស់គាត់ធ្លាក់ចុះការគាំទ្រក្នុងការបោះឆ្នោតជាតិអាណត្តិមុន»។
ក្រៅពីនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកការសម្ញែងកងកម្លាំងយោធាដើម្បីអនុវត្តបទបញ្ជាចាប់ខ្លួន ឬចូលរួមក្នុងការអនុវត្តច្បាប់លើមេដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះ ថាជាការប្រព្រឹត្តផ្ទុយនឹងនិយាមអន្តរជាតិ និងជាការរំលោភបំពានសិទ្ធិមនុស្ស។
លោក ប៊្រែដ អាដាម អះអាងថា នេះជាសកម្មភាពបំភិតបំភ័យដ៏ឃោរឃៅ និងជាសញ្ញាបង្ហាញពីការប្ដេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីរក្សាអំណាច។ លោកអំពាវនាវដល់រដ្ឋាភិបាលបរទេស និងម្ចាស់ជំនួយ ឲ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីឲ្យប្រជាធិបតេយ្យនៅកម្ពុជា ដើរទៅមុខ ដោយពួកគេត្រូវធ្វើកិច្ចការនេះរួមគ្នា និងជាបន្ទាន់។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រានចោលការលើកឡើងរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ។ លោកថាករណីលោក កឹម សុខា ជាការអនុវត្តច្បាប់របស់កម្ពុជា ហើយថាការថ្លែងរបស់លោក ប៊្រែដ អាដាម ជារឿងដែលមិនឆ្លុះបញ្ចាំងការពិត៖ «ការពិតហ្នឹង គឺច្បាប់កម្ពុជា ហាមមិនឲ្យអ្នកណាធ្វើអំពើពុករលួយដែលយើងកំពុងតែពង្រឹង ហើយទីពីរ គឺរឿងត្រូវតែឆ្លើយតបចំពោះការកោះហៅរបស់តុលាការ។ អាហ្នឹងជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ដូច្នេះកុំយកសាច់រឿងហ្នឹងទៅជារឿងនយោបាយ»។
ទាក់ទងនឹងការស្នើឲ្យអន្តរជាតិដាក់សម្ពាធលើកម្ពុជា លោក ផៃ ស៊ីផាន ថារាល់កិច្ចព្រមព្រៀងផ្តល់ ឬទទួលជំនួយ កើតឡើងដោយការស្ម័គ្រចិត្តពីភាគីទាំងសងខាង ដែលជាទំនាក់ទំនងដៃគូស្មើមុខគ្នា។
តុលាការក្រុងភ្នំពេញ នឹងបើកសវនាការជំនុំជម្រះករណីលោក កឹម សុខា នៅថ្ងៃទី៩ កញ្ញា ខាងមុខ។ ប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ ត្រូវបានចោទប្រកាន់ពីបទបដិសេធក្នុងការចូលខ្លួនក្នុងនាមជាសាក្សី ក្នុងរឿងសញ្ចារកម្មតាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។ អយ្យការហៅការមិនចូលខ្លួនតាមដីកាកោះរបស់លោក កឹម សុខា ថាជាបទល្មើសជាក់ស្តែង។
មាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌចែងថា រាល់បុគ្គលណាដែលត្រូវបានកោះហៅឲ្យមកធ្វើជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះដោយគ្មានមូលហេតុសមស្រប ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ១លានរៀល។
សមាជិកក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា គឺលោក សំ សុគង់ ថ្លែងថា កាលពីថ្ងៃទី៦ កញ្ញា ក្រុមមេធាវីបានដាក់ពាក្យស្នើសុំពន្យារពេលសវនាការនៅថ្ងៃទី៩ កញ្ញា ទៅពេលក្រោយវិញ ដោយរង់ចាំការសម្រេចពីតុលាការកំពូល ចំពោះបណ្ដឹងសារទុក្ខរបស់ក្រុមមេធាវី ទៅនឹងសាលដីការបស់សភាស៊ើបសួរសាលាឧទ្ធរណ៍។ លោកថា បើសិនជាមិនមានការឆ្លើយតបពីតុលាការនោះទេ ក្រុមមេធាវីនឹងមិនចូលរួមក្នុងសវនាការនោះឡើយ៖ «វាជារឿងនីតិវិធីសុទ្ធសាធ។ បើសិនជាកុំឲ្យការកាត់សេចក្តីទៅមានការរិះគន់ គួរតែរង់ចាំតុលាការកំពូលសម្រេចសិនទៅ វាមិនជាការយឺតយូរ ឬក៏ហួសពេលអី ដែលតុលាការរាជធានីភ្នំពេញត្រូវចាំបាច់កាត់ថ្ងៃ៩ ( កញ្ញា ) ដែរ»។
ក្រុមមេធាវីអះអាងថា ករណីលោក កឹម សុខា មិនមែនជាបទល្មើសជាក់ស្តែងនោះទេ ហើយថាលោក កឹម សុខា មានមូលហេតុសមស្របដែលមិនចូលខ្លួនទៅបំភ្លឺនៅតុលាការ ព្រោះលោកជាអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។