អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៤ សីហា ទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែង លោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញ ព្រោះលោកមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។ មន្ត្រីរបបលោក ហ៊ុន សែន ឆ្លើយតបថា សេចក្ដីថ្លែងការណ៍នេះ មិនមានឥទ្ធិពលលើស្ថាប័នតុលាការនោះឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆទាមទារឱ្យរបបក្រុងភ្នំពេញ ទម្លាក់ចោលបទចោទប្រកាន់លើលោក រ៉ុង ឈុន ជាបន្ទាន់ ព្រោះនេះជាការចោទប្រកាន់បែបប្រឌិត។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស វ៉ច្ឆលោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ថា ការចាប់ខ្លួនលោក រ៉ុង ឈុន គឺជាគំរូចុងក្រោយនៃការបង្ក្រាបឥតស្រាកស្រាន្តពីសំណាក់របបលោក ហ៊ុន សែន ប្រឆាំងនឹងក្រុមសកម្មជន ដែលបានព្យាយាមជួយការពារសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរ៖ « រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់ និងទម្លាក់ចោលបទចោទញុះញង់ប្រឆាំងនឹងរូបគាត់ ព្រោះគាត់មិនបានធ្វើអ្វីខុសនោះទេ។ តាមពិត ការដែលលោក រ៉ុង ឈុន លើកឡើងពីបញ្ហា ហើយឱ្យពលរដ្ឋបញ្ចេញទុក្ខកង្វល់របស់ខ្លួនបែបនេះ គឺជួយដល់រដ្ឋាភិបាលទៅវិញទេ។ គាត់បង្ហាញអំពីបញ្ហាដែលតម្រូវឱ្យមានការដោះស្រាយ ហើយបើខ្លួនជារដ្ឋាភិបាលប្រជាធិបតេយ្យដូចការអះអាងមែន គឺត្រូវតែស្ដាប់ទុក្ខកង្វល់របស់ពលរដ្ឋ មិនមែននៅធ្វើព្រងើយ ហើយទៅចាប់អ្នកបញ្ចេញមតិរឿងនេះទេ » ។
កាលពីថ្ងៃទី៣១ កក្កដា អាជ្ញាធរបានចាប់ខ្លួនលោក រ៉ុង ឈុន ទាំងយប់នៅគេហដ្ឋានរបស់លោក ក្រោមហេតុផលថា លោកប្រព្រឹត្តបទល្មើសជាក់ស្ដែងទាក់ទងនឹងការបំភ្លៃព័ត៌មានរឿងព្រំដែននៅខេត្តត្បូងឃ្មុំ។ តុលាការបានចោទប្រកាន់លោក រ៉ុង ឈុន ពីបទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" ដែលប្រឈមការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ។
ការចាប់ខ្លួនលោក រ៉ុង ឈុន នេះ បានធ្វើឱ្យក្រុមពលរដ្ឋ កម្មករ និងយុវជនមួយចំនួន ផ្ទុះកំហឹង ហើយនាំគ្នាប្រមូលផ្តុំស្រែកតវ៉ា សុំឱ្យតុលាការដោះលែងលោក រ៉ុង ឈុន វិញ។ ចំណែកអង្គការសង្គមស៊ីវិល និងសហជីពជាតិ-អន្តរជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសករណីនេះជាបន្តបន្ទាប់ដែរ ព្រោះពិនិត្យឃើញថា នេះជាការរំលោភបំពានលើសិទ្ធិសេរីភាពបញ្ចេញមតិ។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថា ការតវ៉ា និងសេចក្ដីថ្លែងការណ៍ទាំងឡាយជុំវិញរឿងនេះ គ្រាន់តែជាការបញ្ចេញមតិ មិនមានឥទ្ធិពលលើតុលាការនោះឡើយ៖ « ក្រែងយើងទាំងអស់គ្នា អស់លោកទាំងអស់គ្នាចង់បានតុលាការឯករាជ្យហ្អេ ? ហើយបើទាមទារឱ្យតុលាការធ្វើតាមការទាមទារ ម្ដេចតុលាការឯករាជ្យកើត ? តុលាការគេហៅថា លម្អៀងទៅតាមការទាមទារហើយ។ អ៊ីចឹងគេមើលអង្គហេតុ អង្គច្បាប់ច្បាស់លាស់ តើសាមីជនហ្នឹងមានពិរុទ្ធភាពយ៉ាងម៉េច។ គេមិនដោះស្រាយតាមការទាមទារទេ » ។
ជារឿយៗ មន្ត្រីរដ្ឋាភិបាល ឬមន្ត្រីគណបក្សប្រជាជនកម្ពុជា តែងអះអាងថា តុលាការកម្ពុជាជាស្ថាប័នឯករាជ្យ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ឃ្លាំមើលវិស័យយុត្តិធម៌នៅកម្ពុជា មើលឃើញថា នេះគ្រាន់តែជាលេសប៉ុណ្ណោះ ដែលការពិតនោះតុលាការកម្ពុជា គឺជាឧបករណ៍នយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
លោក រ៉ុង ឈុន គឺជាមេដឹកនាំសហជីព និងជាសកម្មជននយោបាយដ៏លេចធ្លោមួយរូប ដែលបានតស៊ូយ៉ាងស្វិតស្វាញដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា អស់រយៈពេលរាប់សិបឆ្នាំមកហើយ។ ក្រៅពីនេះ លោកជាតួអង្គដ៏សកម្មមួយរូបសម្រាប់គណបក្សនយោបាយប្រឆាំង ដោយលោកធ្លាប់ត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កូតាគណបក្សសង្គ្រោះជាតិ។ លើសពីនេះ លោកជាអ្នកឃ្លាំមើលព្រំដែន និងតែងរិះគន់របបលោក ហ៊ុន សែន ឥតសំចៃមាត់ជុំវិញការបោះបង្គោលព្រំដែនដែលលោកថា ធ្វើឱ្យកម្ពុជាបាត់បង់ដីទៅប្រទេសវៀតណាម។
លោក រ៉ុង ឈុន ធ្លាប់ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងផ្ដន្ទាទោសជាច្រើនលើកមកហើយ ទាក់ទងនឹងករណីញុះញង់ និងបរិហារកេរ្តិ៍ ហើយដើមហេតុនៃសំណុំរឿងទាំងនេះ គឺដោយសារលោកបានចេញមុខការពារសិទ្ធិកម្មករ និងបញ្ចេញមតិរឿងព្រំដែន។
ដោយឡែក ករណីចុងក្រោយនេះវិញ ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជឿថា មូលហេតុសំខាន់នៃការចាប់ខ្លួនលោក រ៉ុង ឈុន គឺពាក់ព័ន្ធនឹងរឿងសិទ្ធិការងារ ជាជាងរឿងព្រំដែន ព្រោះលោក រ៉ុង ឈុន បន្តនិយាយរឿង EBA ផ្ទុយពីបំណងរបស់លោក ហ៊ុន សែន។
ជាពិសេសថ្មីៗ នេះ លោកបានដឹកនាំកម្មកររោងចក្រវ៉ាយអូលែត (Violet) រាប់រយនាក់ ដើរតវ៉ា និងដាក់ញត្តិទៅក្រសួងការងារ និងខុទ្ទកាល័យលោក ហ៊ុន សែន ស្នើសុំដំណោះស្រាយវិវាទការងារ។ ដូច្នេះក្រុមអ្នកអ្នកឃ្លាំមើលជឿថា របបលោក ហ៊ុន សែន ចាប់លោក រ៉ុង ឈុន ដើម្បីកុំឱ្យលោកដឹកនាំកម្មករតវ៉ាជាថ្មីទៀត និងជាការគំរាមដល់មេដឹកនាំសហជីពដទៃ។
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន មានប្រសាសន៍ថា ទាំងនេះហើយគឺជាហេតុផលដែលរបបលោក ហ៊ុន សែន ចាប់ខ្លួនលោក រ៉ុង ឈុន៖ « ជាក់ស្ដែងណាស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា មិនសប្បាយចិត្តនឹងលោក រ៉ុង ឈុន ជាយូរមកហើយ ដោយសារតែរឿងរ៉ាវជាច្រើន។ លោក រ៉ុង ឈុន ជាមេដឹកនាំសហជីពដែលរិះគន់រដ្ឋាភិបាលឥតសំចៃមាត់ ជាសកម្មជនសង្គមស៊ីវិល និងជាអ្នកហ៊ាននិយាយការពិតជាចំហដោយឥតលាក់លៀម។ វាពិបាកសម្រាប់របបក្រុងភ្នំពេញក្នុងការចាប់ខ្លួនអ្នកណាម្នាក់ដោយសារតែនិយាយរឿង EBA ព្រោះពួកគេដឹងច្បាស់ថា បើធ្វើបែបនេះ សហភាពអឺរ៉ុបនឹងផ្ទុះកំហឹង។ ដូច្នេះ ពួកគេរង់ចាំដល់ពេលដែលលោក រ៉ុង ឈុន និយាយរឿងផ្សេងទៀត ហើយករណីនេះ គឺគាត់បាននិយាយរឿងព្រំដែន » ។
លោក ហ្វីល រ៉ូបឺតសុន អំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបញ្ឈប់ទង្វើបំបិទមាត់មេដឹកនាំសហជីព អ្នកការពារសិទ្ធិមនុស្ស និងអ្នករិះគន់របបរបស់លោក។ លោកបន្ថែមថា រដ្ឋាភិបាលបរទេសត្រូវតែលើកយកបញ្ហាលោក រ៉ុង ឈុន នេះ មកនិយាយជាសាធារណៈ និងរួមគ្នាទាមទាររដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបញ្ឈប់ទង្វើរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្សបែបនេះតទៅទៀត។ ជាពិសេស លោកស្នើឱ្យសហភាពអឺរ៉ុបដាក់បញ្ចូលករណីលោក រ៉ុង ឈុន នេះទៅក្នុងបញ្ជីរំលោភសិទ្ធិមនុស្ស ដែលត្រូវជម្រះជាមួយរបបលោក ហ៊ុន សែន នៅក្នុងការចរចាអំពីរឿងប្រព័ន្ធអនុគ្រោះពន្ធ EBA។
ទាក់ទងនឹងករណីនេះដែរ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ឆាដ រ៉ូដេមៀរ (Chad Roedemeier) ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកនៅថ្ងៃទី៤ សីហាថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់ ចំពោះការចាប់ខ្លួនមេដឹកនាំសហជីព លោក រ៉ុង ឈុន។ លោកបន្តថា ជាទៀងទាត់ សហរដ្ឋអាមេរិក តែងតែលើកយកពីកង្វល់នានា ប្រាប់ទៅរដ្ឋាភិបាលកម្ពុជា ឲ្យចាត់វិធានការប្រកបដោយអត្ថន័យក្នុងការបើកចំហឡើងវិញ នូវលំហនយោបាយ និងសង្គមស៊ីវិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។