មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន អំពាវនាវឱ្យអ្នកសារព័ត៌មានគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់សន្តិសុខសង្គម។ អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយគាំទ្រការលើកឡើងនេះ ក៏ប៉ុន្តែស្នើឱ្យរបបក្រុងភ្នំពេញបើកសិទ្ធិសេរីភាពឱ្យបានពេញលេញដល់ស្ថាប័នព័ត៌មានឯករាជ្យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅថ្ងៃទី១២ មិថុនាថា អ្នកសារព័ត៌មានត្រូវតែពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌ ដោយមិនត្រូវផ្សព្វផ្សាយព័ត៌មានបែបក្លែងបន្លំ គំនុំគំកួន ការជេរប្រមាថ និងការញុះញង់បញ្ឆេះកំហឹងនោះឡើយ។ លោកបន្តថា អ្នកសារព័ត៌មានក៏មិនត្រូវផ្សព្វផ្សាយព័ត៌មានបែបស្អប់ខ្ពើម រើសអើង និងបង្កជម្លោះរវាងជាតិសាសន៍ ឬសាសនានោះដែរ ជាពិសេស គឺកុំបំផ្លើសព័ត៌មានខុសពីការពិត ដែលនាំឱ្យមានភាពវឹកវរនៅក្នុងសង្គម៖ «ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយទំនាស់នៃការផ្សាយព័ត៌មាន ដែលបង្កឱ្យកើតមានភាពវឹកវរ និងប៉ះពាល់ដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល»។
លោក ហ៊ុន សែន ផ្ដល់ដំបូន្មានបែបនេះដល់តំណាងរដ្ឋាភិបាល ស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណ ៥០០នាក់ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ស្របពេលរបបរបស់លោកកំពុងជាប់ឈ្មោះថា ជារបបដែលបានវាយកម្ទេចសំឡេងឯករាជ្យ និងសំឡេងរិះគន់ ដោយឥតត្រាប្រណី។ ជាពិសេស គឺនៅចំពេលដែលសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងធ្លាក់ចុះដុនដាបខ្លាំង ចាប់ពីចុងឆ្នាំ២០១៧ រហូតមកដល់ពេលបច្ចុប្បន្ន។
នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី គាំទ្រការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ក៏ប៉ុន្តែលោកស្នើឱ្យរដ្ឋាភិបាលបើកលំហសេរីភាពសារព័ត៌មានឱ្យបានពេញលេញ។ ជាពិសេសលោកស្នើឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអាចបើកដំណើរការនៅកម្ពុជាឡើងវិញបាន និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាន។
លោកបន្ថែមថា ចំណុចដែលលោក ហ៊ុន សែន លើកឡើងនេះ គឺជាអ្វីដែលអ្នកសារព័ត៌មានវិជ្ជាជីវៈ បានអនុវត្តជាហូរហែរួចមកហើយ ហើយអ្វីដែលអ្នកសារព័ត៌មានចង់បានបន្ថែមទៀតនោះ គឺយន្តការគាំពារតាមផ្លូវច្បាប់ពីសំណាក់រដ្ឋាភិបាល៖ «ការបើកលំហសេរីភាពសម្រាប់ការផ្សព្វផ្សាយព័ត៌មានពីស្ថាប័នសារព័ត៌មានឯករាជ្យទាំងអស់ទៅតាមគ្រប់មធ្យោបាយ ដូចជា ស្ថានីយវិទ្យុអេហ្វអឹម (FM Radio) និងការប្រើមធ្យោបាយផ្សេងៗ ទៀតហ្នឹង គឺរដ្ឋាភិបាលគួរតែផ្ដល់ការគាំពារ និងផ្ដល់ការសម្របសម្រួលឱ្យច្រើនថែមទៀត ដើម្បីធានាយ៉ាងណាឱ្យលំហូរព័ត៌មានពីកម្រិតជាតិហ្នឹងបានទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទីជនបទដាច់ស្រយាល»។
ការវាយបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយដោយរបស់របបក្រុងភ្នំពេញនោះ មានជាអាទិ៍ ការបិទកាសែតភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ការបិទហ្វ្រេកង់ (Frequency) វិទ្យុជាង៣០ ដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់ស្ថាប័នព័ត៌មានឯករាជ្យ ការធ្វើទុកបុកម្នេញលើវិទ្យុអាស៊ីរហូតដល់បិទការិយាល័យនៅភ្នំពេញ ការចាប់ឃុំខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបដោយបំពាន និងការចាប់ខ្លួនអ្នកបង្ហោះសាររិះគន់តាមហ្វេសប៊ុក ជាដើម។ ស្ថានភាពធ្លាក់ចុះដុនដាបនេះ នៅមិនទាន់ត្រូវបានស្ដារឡើងវិញ ដូចអ្វីដែលរបបក្រុងភ្នំពេញបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីចុងឆ្នាំ២០១៨ កន្លងទៅនោះទេ។
ក្រៅពីបានណែនាំអ្នកសារព័ត៌មានឱ្យគោរពច្បាប់ និងក្រមសីលធម៌ហើយ លោក ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើរឿងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាផងដែរ។ លោកបានថ្លែងថា ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដូចជា ការហែកចូលបំផ្លាញឯកសារសាធារណៈ ការជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ និងការរំលោភលើសិទ្ធិឯកជនជាដើម កំពុងតែគំរាមកំហែងដល់សន្តិសុខតំបន់ និងពិភពលោកទាំងមូល។ លោកស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្មព័ត៌មានបច្ចេកវិទ្យានេះ៖ «ត្រូវរួមគ្នាកសាងក្របខណ្ឌគោលនយោបាយ យុទ្ធសាស្ត្រ បទបញ្ញត្តិច្បាប់សម្រាប់ប្រជែងផ្សព្វផ្សាយព័ត៌មាន និងបទបញ្ញត្តិស្តង់ដារសុវត្ថិភាពឌីជីថល ដែលជាកត្តាចាំបាច់សម្រាប់ការគ្រង់គ្រងសុវត្ថិភាពទិន្នន័យក្នុងការធ្វើពាណិជ្ជកម្ម ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងសន្តិសុខតាមប្រព័ន្ធអ៊ិនធើណិត ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា»។
តាមរយៈសុន្ទរកថានេះ លោក ហ៊ុន សែន ហាក់ដូចជាមានបំណងចង់ឱ្យច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា លេចចេញជារូបរាងក្នុងពេលឆាប់ៗ ខណៈលោកធ្លាប់បានជំរុញឱ្យមន្ត្រីជំនាញគិតគូរពីការតាក់តែងច្បាប់នេះចំនួនពីរដងរួចមកហើយ។
អ្នកជំនាញខាងសារព័ត៌មានលោក ណុប វី ថ្លែងថា ច្បាប់ប្រភេទនេះអាចនឹងរឹតត្បិតបន្ថែមទៀតលើសិទ្ធិសេរីភាពលើប្រព័ន្ធអ៊ិនធើណិត ប្រសិនបើមិនមានការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទេនោះ៖ «ប្រសិនបើច្បាប់ត្រូវបានបង្កើតឡើងដើម្បីរឹតត្បិតដល់សេរីភាពនៃអ្នកប្រើប្រាស់អ៊ីនធើណិតថែមទៀត ខ្ញុំគិតថា អាហ្នឹងវាធ្វើឱ្យរូបភាពនៃស្ថានភាពសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេសយើងហ្នឹង វាកាន់តែមានសភាពយ៉ាប់យ៉ឺនជាងពេលបច្ចុប្បន្ននេះទៀត»។
ថ្វីត្បិតតែកម្ពុជាមិនទាន់មានច្បាប់ស្ដីពីការគ្រប់គ្រងប្រព័ន្ធអ៊ិនធើណិតក្ដី ក៏អាជ្ញាធររបបក្រុងភ្នំពេញបានចាត់វិធានការលើអ្នកប្រើប្រាស់ហ្វេសប៊ុក ដែលហ៊ានរិះគន់ ឬវាយប្រហាររបបនេះ អស់ជាច្រើននាក់រួចមកហើយ។ ជាឧទាហរណ៍ របបក្រុងភ្នំពេញបានចាប់ខ្លួន និងចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង លោក គង់ ម៉ាស់ ដែលបានសរសេរសាររិះគន់របបលោក ហ៊ុន សែន ជុំវិញរឿងអសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ជាតិ។ បទចោទដ៏ពេញនិយមបំផុតដែលអាជ្ញាធររបបក្រុងភ្នំពេញប្រើប្រាស់ដើម្បីចាត់ការអ្នកដែលហ៊ានបញ្ចេញមតិរិះគន់នោះ គឺបទញុះញង់ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ។
ទាក់ទងនឹងរឿងនេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចាត់ទុកការរៀបចំកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ីលើកទី១៦ នេះ ថា ជាការចំអកឡកឡឺយដល់សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ យូមែន រ៉ៃត៍ វ៉ច្ឆ វាយតម្លៃយ៉ាងដូច្នេះ ដោយសារតែរដ្ឋាភិបាលកម្ពុជាដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់អន្តរជាតិនេះ គឺជាអ្នកដែលបានវាយបង្ក្រាបឥតស្រាកស្រាន្តទៅលើស្ថាប័នព័ត៌មានឯករាជ្យ និងបំបិទមាត់អ្នកហ៊ានរិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ការផ្សព្វផ្សាយ (AIBD) ដែលទទួលបានជំនួយឧបត្ថម្ភពីអង្គការយូណេស្កូ (UNESCO) ដែលជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ មានអាណត្តិការងារមួយផ្នែកផ្ដោតលើការការពារសេរីភាពសារព័ត៌មាន។
យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញឱ្យសហគមន៍អន្តរជាតិ ដាក់ចេញនូវវិធានការច្បាស់លាស់លើរបបលោក ហ៊ុន សែន ដើម្បីទាមទារឱ្យរបបនេះបញ្ឈប់ទង្វើយាយីលើអ្នកសារព័ត៌មាន និងអនុញ្ញាតឱ្យស្ថាប័នព័ត៌មានឯករាជ្យ អាចបើកដំណើរការឡើងវិញបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
