អភិបាលខេត្តកំពង់ឆ្នាំង ចោទមន្ត្រីអង្គការក្រៅរដ្ឋាភិបាលខ្លះធ្វើការលើវិស័យសិទ្ធិមនុស្ស ថាបានរុញច្រានឲ្យពលរដ្ឋតវ៉ារឿងដីធ្លីរហូតដល់មានទោសទណ្ឌ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្ស ប្រតិកម្មតបវិញថា ការសង្ស័យ ឬចោទប្រកាន់ថា មន្ត្រីសង្គមស៊ីវិលនៅពីក្រោយខ្នងនៃការតវ៉ាអ្វីមួយរបស់ពលរដ្ឋនោះ គឺជាការយល់ខុសរបស់អភិបាលខេត្ត និងចង់បិទសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទាមទាររកយុត្តិធម៌។ បញ្ហាជម្លោះដីធ្លីនៅខេត្តកំពង់ឆ្នាំង មានករណីខ្លះអាជ្ញាធរខេត្តនៅមិនទាន់បានដោះស្រាយនៅឡើយ។
ការថ្លែងរិះគន់របស់អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ទៅលើមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងអ្នករាយការណ៍ព័ត៌មាន ធ្វើឡើងក្នុងជំនួបរវាងក្រុមគណៈអភិបាលខេត្តជាមួយគណៈកម្មការទី១ នៃព្រឹទ្ធសភា នៅថ្ងៃទី៤ ខែសីហា នាសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។ លោករិះគន់ថា បញ្ហាខ្លះតូចតាច ប៉ុន្តែមានអ្នកញុះញង់នៅពីក្រោយខ្នង ដែលធ្វើឲ្យបញ្ហាកាន់តែរីកធំពិបាកនឹងដោះស្រាយ។
លោក ឈួរ ច័ន្ទឌឿន បានប្រាប់ទៅប្រតិភូគណៈកម្មការទី១ នៃព្រឹទ្ធសភា អំពីការលំបាករបស់អាជ្ញាធរក្នុងការអភិវឌ្ឍ និងអនុវត្តច្បាប់ ដោយពលរដ្ឋខ្លះបង្កើតការតវ៉ា និងមិនយល់ពីច្បាប់។ លោកក៏ឆ្លៀតរិះគន់អ្នកសារព័ត៌មានដោយមិនចំឈ្មោះដែរថា អ្នកយកព័ត៌មានខ្លះបានរាយការណ៍ភូតកុហក និងប៉ាន់ស្មានយកតែម្ដង ដែលបញ្ហានេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសិទ្ធិរបស់បុគ្គល៖ «ចំណុចទី២ ខ្ញុំចង់និយាយពីអង្គការសមាគមមួយចំនួនៗទេ គាត់ញុះញង់ឲ្យមានភាពអនាធិបតេយ្យ មិនគោរពច្បាប់ មិនគោរពអាជ្ញាធរមូលដ្ឋានដែលបង្កើតដោយច្បាប់ ហើយរុញប្រជាជនមួយចំនួនឲ្យមានទោស គឺមានទោសតាមរយៈប្រព្រឹត្តហ្នឹងឯង ព្រោះច្បាប់គេចែងមកសម្រាប់ដាក់ទោសហ្នឹងឯង»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តកំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី ថ្លែងថា ប្រសាសន៍ដែលបានលើកឡើង គឺជាការភាន់ច្រឡំ និងផ្ទុយពីអ្វីដែលអង្គការក្រៅរដ្ឋាភិបាលបានអនុវត្តដោយអព្យាក្រឹត្យ ក្នុងទិសដៅលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់មនុស្ស៖ «កុំឲ្យអាជ្ញាធរសន្មត ហៅថាបុរេនិច្ឆ័យថា អង្គការនៅពីក្រោយវានាំឲ្យការខុសឆ្គង ព្រោះសង្គមស៊ីវិលធ្វើការដើម្បីជនរងគ្រោះ ហើយប្រឹក្សាយោបល់ផ្នែកសិទ្ធិ និងច្បាប់»។

ចំណែកមន្ត្រីការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សំ ច័ន្ទគា ថ្លែងរិះគន់តបវិញថា ប្រសាសន៍ ឬទស្សនៈដែលលោកអភិបាលខេត្តលើកឡើង គេគប្បីប្រើកាលពីឆ្នាំ១៩៨០ ដែលកាលណោះប្រជាពលរដ្ឋមិនស្គាល់អ្វីទៅជាសិទ្ធិមនុស្ស និងអ្វីជាច្បាប់ទាល់តែសោះនោះ។ លោកថា ផ្ទុយពីអ្វីដែលអាជ្ញាធរលើកឡើង មន្ត្រីសិទ្ធិមនុស្សបានខិតខំពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីច្បាប់ និងបញ្ចៀសការប្រើអំពើហិង្សា ដែលបេសកកម្មទាំងអស់នេះជាផ្នែកមួយជួយរដ្ឋាភិបាលទៅវិញទេ៖ «គាត់ (លោក ឈួរ ច័ន្ទឌឿន) មិនយល់ឃើញថា ប្រជាជនឥឡូវគេយល់ដឹងពីច្បាប់ទម្លាប់បានប៉ុណ្ណាទេ គាត់គិតថា ប្រទេសនៅស្ថានភាពព្រៃដែលមិនយល់ដឹងពីច្បាប់ដូចឆ្នាំ១៩៨០ ទើបគាត់គិតយ៉ាងហ្នឹង»។
គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតរបស់ព្រឹទ្ធសភា ដឹកនាំដោយ លោក គង់ គាំ បានចុះប្រមូលព័ត៌មានពីសង្គមស៊ីវិល និងក្រុមពលរដ្ឋរងគ្រោះដីធ្លីក្នុងខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី៣ ខែសីហា។ ក្រោយពីប្រមូលព័ត៌មាន និងចុះពិនិត្យដល់ទីតាំងមានជម្លោះមួយចំនួន ក្រុមការងាររបស់គណៈកម្មការ បានយកបញ្ហាដែលប្រមូលបានមកជជែកជាមួយក្រុមគណៈអភិបាលខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្ន អាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាល មិនទាន់អាចបញ្ចេញតួលេខជាក់លាក់លើករណីជម្លោះដីធ្លីនៅទូទាំងខេត្តនៅឡើយទេ ប៉ុន្តែទំនាស់ដីធ្លីក្នុងខេត្តកំពង់ឆ្នាំង ភាគច្រើន គឺកើតនៅស្រុកទឹកផុស ស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
