សមាគម​ខ្មែរ​ក្រោម និង​គណបក្ស​សង្គ្រោះ​ជាតិ សោក​ស្ដាយ​ដែល​លោក ហ៊ុន សែន មិនបាន​ស្នើ​វៀតណាម ឱ្យ​ឈប់​ធ្វើបាប​​ខ្មែរ​ក្រោម និង​កុំ​បំពាន​ទឹកដី​ខ្មែរ

0:00 / 0:00

សមាគម​ខ្មែរ​កម្ពុជាក្រោម និង​គណបក្ស​សង្គ្រោះ​ជាតិ សំដែង​ការ​សោកស្ដាយ​ចំពោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មិនបាន​ស្នើ​ឲ្យ​មេដឹកនាំ​វៀតណាម បញ្ឈប់​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត និង​ទាមទារ​ឲ្យ​វៀតណាម​គោរព​បូរណភាពទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​យោធា​វៀតណាម​ទើបតែ​បាន​បំពាន​ជាថ្មី​ម្ដងទៀត កាលពី​ពេល​ថ្មី​ៗ នេះ។ ប្រតិកម្ម​នេះ​កើត​ឡើយ​ក្រោយ ពេល​ដែល​ក្រសួង​ការបរទេស​កម្ពុជា បាន​បញ្ចេញ​ខ្លឹមសារ នៃ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​មេដឹកនាំ​កម្ពុជា និង​វៀតណាម ដែល​បាន​ជជែក​គ្នា​ពី​ការ​បន្ត​បោះ​បង្គោល​ព្រំដែន ប៉ុន្តែ​លោក ហ៊ុន សែន មិនបាន​លើកឡើង​ពី​ការឈ្លានពាន​របស់​យោធា​វៀតណាម​មក​លើទឹក​ដី​កម្ពុជា​នោះ​ទេ។

អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ដើម្បី​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍ លោក សឺន ជុំ​ជួន មាន​ប្រសាសន៍​ថា លោក​អស់សង្ឃឹម​នឹង​រដ្ឋាភិបាល​កម្ពុជា ដែល​មិនបាន​លើកឡើង​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ជាមួយ ប្រធានាធិបតី និង​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​កុម្មុយនិស្ត វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) នៅ​ពេល​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី៩ ខែ កក្កដា​កន្លងទៅ។ លោក សឺន ជុំ​ជួន បន្ត​ថា សមាគម​របស់​លោក កាលពី​ពេល​ថ្មី​ៗ នេះ ធ្លាប់​បាន​ដាក់​លិខិត​ទៅ​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​អន្តរាគមន៍​ទៅ​វៀតណាម ឲ្យ​ឈប់​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ដែល​ជា​ជនជាតិ​ដើមកំណើត ដូច្នោះ​លោក​ថា លោក ហ៊ុន សែន គួរតែ​សាកសួរ​វៀតណាម​ជុំវិញ​បញ្ហា​នេះ។ នៅដើម​ឆ្នាំ២០២០ នេះ យ៉ាងហោចណាស់ ក៏​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ ត្រូវ​វៀតណាម ចាប់​ដាក់​ពន្ធនាគារ ក្រោយ​វៀតណាម​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ក្រោម ជាច្រើន​គ្រួសារ ពី​ដីស្រែ​ចម្ការ​ទាំង​បង្ខំ។ វៀតណាម ក៏បាន​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម​ពីរ​នាក់ ក្នុង​ម្នា​ក់ៗ ៣០០ដុល្លារ និង​ព្រមាន​យុវជន​ខ្មែរ​ក្រោម​ផ្សេងទៀត មិន​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម (Facebook​) ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន ស្ដីពី​ប្រវត្តិសាស្ត្រ​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម និង​ចែកចាយ​ព័ត៌មាន​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ដែល​មាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក។ លោក សឺន ជុំ​ជួន មានប្រសាសន៍​ថា លោក​មិន​ជឿ​ទាល់តែសោះ​ដែល​មេដឹកនាំ កម្ពុជា​មិនបាន​លើក​ករណី សំខាន់​ដើម្បី​ដោះស្រាយ​នឹង មេដឹកនាំ​វៀតណាម៖ « ពិតជា​មានការ​សោក​ស្ដាយ​មែនទែន ហើយ​រដ្ឋាភិបាល​គួរតែ​គិតពិចារណា​ឡើង​វិញ​ចំពោះ​ចំណុច​ទាំង​អស់​នេះ។ ជា​ពិសេស​ថ្មីៗ នេះ យើង​ក៏​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ផង​ពាក់ព័ន្ធ​បង​ប្អូន​កម្ពុជា​ក្រោម​នៅតែ​មាន ហើយ​មាន​បញ្ហា​ពូជសាសន៍​ជាដើម »

ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ កាលពី​ថ្ងៃ​ទី៩ កក្កដា បង្ហាញ​ពី​លទ្ធផល​នៃ​ជំនួប​រវាង​មេដឹកនាំ​កំពូល​កម្ពុជា និង​វៀតណាម។ សេចក្ដីប្រកាស​ព័ត៌មាន​ឲ្យដឹង​ថា មេដឹកនាំ​ទាំងពីរ បាន​ជជែក​ពី​កិច្ចសហការ​បង្ការ​ជំងឺ Covid​-19 បង្កើន​ទំនាក់ទំនង សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ឲ្យបាន​ដល់ ៧ពាន់​លាន​ដុល្លារ និង​បញ្ហា​បោះ​បង្គោល​ព្រំដែន​ជាដើម។ សេចក្ដីប្រកាស​ព័ត៌មាន​បន្ត​ទៀត​ថា ភាគី​កម្ពុជា​និង​វៀតណាម បាន​សម្រេច​បោះ​បង្គោល​ព្រំដែន បាន​សម្រេច ៨៤ភាគ​រយ ហើយ​នឹង​ពន្លឿន ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន ១៦ភាគ​រយ​ទៀត ដើម្បី​កសាង​ព្រំដែន សន្តិភាព។ ថ្វី​ត្បិត​តែ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​ប្ដឹង​ស្នើ​បារាំង​ឲ្យ​ជួយ​ធ្វើ​ភាគី​ទី៣ ដោះ​ស្រាយ​ព្រំដែន​កម្ពុជា​និង​វៀតណាម​ក៏ដោយ ក៏​លោក ហ៊ុន សែន មិនបាន​លើក​ឡើង​ពី​បញ្ហា​ព្រំដែន ដែល​កម្ពុជា​បាន​ចោទ​វៀតណាម​ថា បាន​បោះតង់​រំលោភ​ព្រំដែន​ខ្មែរ​នៅ​ខេត្ត​កណ្ដាល​ដែរ។ កាលពី​ពេល​ថ្មីៗ នេះ យោធា​វៀតណាម​បាន​ចូល​មក​បោះតង់​លើទឹក​ដីខ្មែរ រហូត​ដល់​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ផ្ញើ​លិខិត​តវ៉ា​ជា​ផ្លូវការ។ វៀតណាម​យក​លេស​ថា ការ​បោះតង់​នេះ​ដើម្បី​ការពារ​ការ​រាតត្បាត​នៃ​ជំងឺ covid-19។

ជុំវិញ​ជំនួប រវាង​មន្ត្រី​កំពូល​កម្ពុជា​និង​វៀតណាម​នេះ​ដែរ តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ងារ​ព្រំដែន​របស់​គណបក្ស លោក អ៊ុំ សំ​អាន មានប្រសាសន៍​ថា វៀតណាម កំពុង​បង្ខំ​ឲ្យ​​កម្ពុជា​បោះ​បង្គោល​ព្រំដែន ឲ្យ​ចប់​សព្វគ្រប់​ឲ្យបាន​ឆាប់រហ័ស ដោយសារតែ វៀតណាម​និង​កម្ពុជា​បាន​ប្រើប្រាស់​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ១៩៨៥ ពេល​ដែល​វៀតណាម​គ្រប់គ្រង​កម្ពុជា ធ្វើឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ឲ្យ​វៀតណាម៖ « គេ​ចង់​ធ្វើ​ឲ្យ​ហើយៗ ប្រសិនជា​លោក ហ៊ុន សែន​អត់​អំណាច​គឺ​គេ​បោះ​បង្គោល​ជាស្រេច​ហើយ »

គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុងខែ​មិថុនា បាន​ស្នើ​ជាថ្មី​ទៀត ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង ទៅ​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ ក្រុង​ឡាអេ ទាមទារ​កោះត្រល់ និង​កោះ​ក្រចក​សេះ ពី​ប្រទេស​វៀតណាម​មកវិញ។ គណបក្ស​នេះ សំអាង​តាមច្បាប់​សមុទ្រ (UNCLOS) និង​ឯកសារ​គតិយុត្តិ​នានា ក្នុង​ការ​ទាមទារ​កោះ​នេះ។ អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ១៩៨២ ស្ដីពី​ច្បាប់​សមុទ្រ ចែង​ថា រដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​បង្កើត​វិសាលភាព គ្រប់គ្រង​ដែន​សមុទ្រ​របស់​ខ្លួន មិន​លើស​ពី ១២ម៉ាយ​ល៍ ឬ ២២.២គីឡូម៉ែត្រ។

កម្ពុជា និង​វៀតណាម​បាន​ចាប់ផ្ដើម​បោះ​បង្គោល​ព្រំដែន ចាប់​តាំង​ពី​ឆ្នាំ២០០៦។ មកទល់​ពេល​នេះ ប្រទេស​ទាំងពីរ​បោះ​បង្គោល​ព្រំដែន​បាន ៨៤ភាគ​រយ​ហើយ​លើ​ព្រំដែន ១.២៧០គីឡូម៉ែត្រ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​អះអាង​ថា ភាគី​ទាំងពីរ​នឹង​ស្នើសុំ​បារាំង​ជួយ​ដោះស្រាយ​បញ្ហា​ព្រំដែន នៅ​សេសសល់​ចំនួន ១៦ភាគ​រយ​ទៀត។ ពាក់ព័ន្ធ​ករណី រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​វិញ លោក អ៊ុំ សំ​អាន បន្ត​ទៀត​ថា ការណ៍​ដែល​លោក ហ៊ុន សែន មិន​បាន​ស្នើសុំ​ឲ្យ​វៀតណាម កុំ​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ​គ្មាន​អ្វី​ចម្លែក​នោះ​ទេ ពីព្រោះ​លោក ហ៊ុន សែន​ធ្លាប់​ព្រមាន​ផ្ដល់​ក្ដារ​មឈូស ឲ្យ​នរណា​ដែល​ហ៊ាន​ប្រកាស​ទាមទារ​ទឹកដី​ខ្មែរ​ក្រោម​ពី​វៀតណាម​មកវិញ ហើយ​វៀតណាម​ក៏​ជា​អ្នកមានគុណ​របស់​លោក ដែល​បាន​លើក​បន្តុប​លោក​ឲ្យ​ឡើង​កាន់អំណាច​មកទល់​ហ្នឹង​សព្វថ្ងៃ​នេះ៖ « មាន​តែ​គំរាម​កំហែង​បន្ថែម​ទៀត តាម​ពិត​យើង​ជា​ខ្មែរ យើង​ត្រូវ​លើក​ចិត្ត​ខ្មែរ​ហ្នឹង​ទាមទារ​អ្វី​ជា​របស់​ខ្មែរ។ គាត់​មិន​ការពារ​ផលប្រយោជន៍​ខ្មែរ​តែ​ទៅជា​ការពារ​ផល​ប្រយោជន៍​យួន​ទៅ​វិញ »

ឆ្លើយតបទៅនឹង​សំណើ​របស់​អង្គការ​សមាគម​ខ្មែរ​ក្រោម​ស្នើ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​ឈប់​ធ្វើទុក្ខ​បុក​ម្នេញ​ខ្មែរ​ក្រោម​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ប្រាប់​អាស៊ី​សេរី​ម្ដង​ហើយ​ម្ដងទៀត​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​មិន​អាច​លូកដៃ​ចូល​កិច្ចការពារ​ផ្ទៃក្នុង​របស់​វៀតណាម​នោះ​ទេ។ ការ​មិន​ទទួលស្គាល់​ពលរដ្ឋ​ឯងនេះ បាន​បណ្ដាលឲ្យ អង្គការ​សមាគម​ខ្មែរ​ក្រោម​បាន​រិះគន់​រដ្ឋាភិបាល​យ៉ាង​ខ្លាំង។ អង្គការ​សមាគម​ខ្មែរ​ក្រោម​ថា ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ចាត់​ទុក​ខ្មែរ​ក្រោម ជា​ជនជាតិ​វៀតណាម និង​បោះបង់​ពួក​គេ​ចោល​នេះ​ថា ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​រដ្ឋធម្មនុញ្ញ​បញ្ជាក់​ច្បាស់​ថា ជនជាតិ​ខ្មែរ​នៅ​ទីណា ក៏​នៅតែ​ជាខ្មែរ​ដែរ ដូច្នោះ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​មាន​តួនាទី​ការពារ​ពលរដ្ឋ​របស់​ខ្លួន។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន បន្ត​ទៀត ប្រសិនបើ​លោក​ជានា​យក​រដ្ឋមន្ត្រី​វិញ ហើយ​មានឱកាស​បាន​និយាយ​នឹង​មេដឹកនាំ​វៀតណាម លោក​នឹង​ប្រាប់​វៀតណាម​ថា ខ្មែរ​នឹង​សើរើ​ព្រំដែន​កម្ពុជា​វៀតណាម​ឡើងវិញ ដោយ​យក កេរដំណែល​មរតក​បង្គោល​ព្រំ​ដែន​បារាំង​បន្សល់ទុក ធ្វើ​គោល​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន និង​ទាមទារ​សិទ្ធិស្វ័យសម្រេច​ជោគវាសនា​ដោយខ្លួន ឯង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។