សមាគមខ្មែរក្រោម ព្រួយបារម្ភថា យុវជនខ្មែរក្រោមដែលឈឺឆ្អាលបញ្ហាសង្គម និងសិទ្ធិការងារម្នាក់ អាចប្រឈមនឹងការចាប់ខ្លួន ក្រោយពីអាជ្ញាធរវៀតណាម កោះហៅទៅបំភ្លឺម្ដងហើយម្ដងទៀត ក្រោយយុវជនរូបនោះ ចូលរួមចុះហត្ថលេខាលើញត្តិមួយទាមទារឱ្យក្រុមហ៊ុន និងរោងចក្រវៀតណាម ទទួលយកពលរដ្ឋខ្មែរក្រោមអាចចូលធ្វើការបានដោយគ្មានការរើសអើង។
យុវជន យឿង ភុក រស់នៅនៃខេត្តចង្វាត្រពាំង ដែលវៀតណាមប្តូរមកជាឈ្មោះខេត្តដូនណៃ (Dong Nai) ត្រូវអាជ្ញាធរក្នុងខេត្តនេះ កោះហៅសាកសួរចំនួនពីរលើក គឺនៅថ្ងៃទី២០ និងថ្ងៃទី២៣ ក្នុងខែតុលានេះ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំប្រទេសកម្ពុជា លោក តាំង សារៈ ព្រួយបារម្ភថា ប្រសិនអង្គការសិទ្ធិមនុស្សអន្តរជាតិធ្វើអន្តរាគមន៍មិនទាន់ពេលវេលា គឺយុវជន យឿង ភុក អាចប្រឈមនឹងការត្រូវចាប់ខ្លួន។ លោកឱ្យដឹងថា អាជ្ញាធរវៀតណាមតែងតែប្រើសិទ្ធិអំណាចរបស់ខ្លួនធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោមណា ដែលហ៊ានចេញមុខទាមទារសិទ្ធិសេរីភាព។ លោក ថា សមាគមរបស់លោក នឹងធ្វើសេចក្តីរាយការណ៍ពីករណីនេះ ទៅសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីឲ្យសហព័ន្ធស្វែងរកកិច្ចអន្តរាគមន៍ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
សារព័ត៌មានព្រៃនគររបស់ខ្មែរក្រោមចុះផ្សាយថា យុវជន យឿង ភុក មានបងប្រុសម្នាក់ឈ្មោះ យឿង ខាយ ជាតំណាងឲ្យកម្មករខ្មែរក្រោមបានចុះហត្ថលេខាលើញត្តិរួមមួយដាក់ទៅក្រសួងពលកម្មវៀតណាម ស្នើធ្វើអន្តរាគមន៍ជួយដល់កម្មករខ្មែរក្រោមករណីក្រុមហ៊ុន និងរោងចក្រវៀតណាមមិនទទួលយកកម្មករជាខ្មែរក្រោមចូលធ្វើការ ដោយសារតែការរើសអើងជាតិសាសន៍។
លោក តាំង សារៈ ព្រួយបារម្ភថា វិធានការរបស់អាជ្ញាធរវៀតណាមគឺជាការគំរាមកំហែង សងសឹកនិងចង់បំបាក់ស្មារតីមកលើយុវជនខ្មែរក្រោមដែលហ៊ានចេញមុខទាមទារយុត្តិធម៌ និងសិទ្ធិការងារ។
តាមរបាយការណ៍របស់អង្គការសមាគមខ្មែរកម្ពុជាក្រោមឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ នេះមានសកម្មជនខ្មែរក្រោមជាង ១០នាក់ ដែលត្រូវបានអាជ្ញាធរវៀតណាមកោះហៅទៅសួរចម្លើយជាបន្តបន្ទាប់និងពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរ ដោយសារតែពួកគេប្រើប្រាស់បណ្ដាញសង្គម ដើម្បីបញ្ចេញមតិសិទ្ធិសេរីភាព និងប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។