តើ​លោក គន់ គីម ដែល​រង​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​​ជានរណា ហើយ​​បាន​ធ្វើ​អ្វីខ្លះ​នា​ពេល​កន្លង​ទៅ?

0:00 / 0:00

នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែល​ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​បាន​ជាប់​ក្នុង​បញ្ជី​អ្នក​រង​ទណ្ឌកម្ម​ពី​អាមេរិក​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ក្រសួង​រតនាគារ​អាមេរិក​កាលពី​ថ្ងៃ​ទី​៩ ធ្នូ ជា​ទិវា​ប្រឆាំង​អំពើពុករលួយ​បាន​ប្រើ​ច្បាប់ គ្លូបល មែគនីតស្គី អ៊ែកថ៍ (Global Magnitsky Act) ដាក់ទណ្ឌកម្ម​បង្កក ឬ​រាំង​ខ្ទប់​ទ្រព្យសម្បត្តិ អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រូប​នេះ និង​សមាជិក​គ្រួសារ​៣​នាក់​ទៀត។

តើ​នាយ​ឧត្ដមសេនីយ៍ គន់ គីម ជា​នរណា? ហើយ​លោក​បាន​ធ្វើ​អ្វីខ្លះ​កន្លង​ទៅ?

នៅ​ក្រោម​ទណ្ឌកម្ម​ពី​ច្បាប់​គ្លូបប៊ល ម៉ែកនីតស្គី (the Global Magnitsky Act) របស់​អាមេរិក លោក គន់ គីម ជួប​ទណ្ឌកម្ម​មួយ​ចំនួន ដែល​រួមមាន​ការ​បិទ​ទិដ្ឋាការ​មិន​ឱ្យ​ចូល​ទឹកដី​អាមេរិក បង្កក​ទ្រព្យសម្បត្តិ​របស់​លោក​ប្រសិនបើ​មាននៅ​អាមេរិក ឬ​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​រាល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក ហើយ​ច្បាប់​ពិសេស​មួយ​នេះ​ក៏​ហាមប្រាម​ជនជាតិ ឬ​ក្រុមហ៊ុន​អាមេរិក មិន​ឱ្យ​រកស៊ី​ជាមួយ​លោក​ដែរ។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក ម៉ៃ ផុមភីអូ (Mike Pompeo) លើកឡើង​ថា ទណ្ឌកម្ម​របស់​អាមេរិក​នេះ​គឺ​ប្រឆាំង​នឹង​ជន​ពុករលួយ រំលោភ​សិទ្ធិ​មនុស្ស និង​ជិះជាន់​អ្នកដទៃ​។ លោក​បញ្ជាក់​ថា វិធានការ និង​ទណ្ឌកម្ម​ទាំងឡាយ​ជា​វិធានការណ៍​ប្រវត្តិសាស្ត្រ ដើម្បី​ជួយ​ដល់​អ្នក​ដែល​រង​ការជិះជាន់ និង​ដើម្បី​ប្រឆាំង​នឹង​ជន​ជិះជាន់​គេ៖ «ដូច​គ្រប់គ្នា​បាន​ដឹង​ហើយ​ថា ច្បាប់​នេះ​ផ្ដល់​អំណាច​ឱ្យ​រដ្ឋាភិបាល​អាមេរិក ថ្កោលទោស​ទង្វើ​ពុករលួយ និង​ក្រុម​ឧក្រិដ្ឋជន​រំលោភ​សិទ្ធិ​មនុស្ស បង្កក​ទ្រព្យសម្បត្តិ និង​ហាមឃាត់​ជន​ទាំងនោះ​មិន​ឱ្យ​ចូល​ប្រទេស​ដ៏​អស្ចារ្យ​របស់​យើង​ថែម​ទៀត»។

ក្នុង​ដំណើរការ​ដាក់ទណ្ឌកម្ម​នេះ​ក្រសួង​ការបរទេស​អាមេរិក មាន​ភារកិច្ច​ក្នុង​ការ​ប្រមូល​ភស្តុតាង​រួច​បញ្ជូន​ទៅ​ក្រសួង​រតនាគារ​។ ភស្តុតាង​ទាំងនេះ​បាន​មក​ពី​ប្រភព​ផ្សេងៗ​របស់​រដ្ឋាភិបាល​អាមេរិក រួម​ទាំង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ដូចជា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)​ផង​ដែរ។

នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch) បាន​បង្ហាញ​ពី​ជីវប្រវត្តិ​សង្ខេប​របស់​លោក គន់ គីម ដែល​លេច​មុខ​ក្នុង​ក្នុង​តួនាទី​សំខាន់ៗ​មួយ​ចំនួន​។ តាម​ប្រវត្តិ​នេះ​លោក គន់ គីម កើត នៅ​ឆ្នាំ​១៩៥៤ ក្នុង​ភូមិ​ចាន់ទូង ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ដែល​បច្ចុប្បន្ន​ឋិត​ក្នុង​ភូមិ​សាស្ត្រ​នៃ​ខេត្ត​ត្បូងឃ្មុំ។ លោក​បាន​ចូលរួម​ជាមួយ​ខ្មែរក្រហម​តាំងតែ​ពីមុន​ឆ្នាំ​១៩៧៥ ដោយមាន​តួនាទី​ជា​កងឈ្លប និង​បន្ទាប់​មក​ជា​អង្គរក្ស​អោយ​លេខា​បក្ស​ស្រុក​ត្បូងឃ្មុំ​នៅ ភូមិភាគ​បូព៌ា​តំបន់​២១។ អង្គការ​ដដែល​នេះ​បន្តទៀត​ថា នៅ​ពេល​ដែល​របប​ខ្មែរក្រហម​គ្រប់គ្រង​អំណាច​លោក គន់ គីម មាន​តួនាទី​ជា​ប្រធាន​មន្ទីរ​សន្តិសុខ​ស្រុក​ត្បូងឃ្មុំ ដែល​នៅ​ទីនោះ​លោក​ទំនង​ជា​មាន ជាប់​ពាក់ព័ន្ធ​ដល់​ការ​បញ្ជា​ឱ្យ​ចាប់ខ្លួន ការ​ធ្វើ​ទារុណកម្ម និង​សម្លាប់​អ្នក​ដែល​ត្រូវ​បាន​ចោទ​ថា ក្បត់​បដិវត្តន៍ ក្នុង​នោះ​ក៏​អាច​រួមបញ្ចូល​ទាំង​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​ចាម​ផង​ដែរ។

ក្នុង​ចលនា​តស៊ូ​ផ្ដួល​រំលំ​របប​ខ្មែរក្រហម ដែល​ជ្រោមជ្រែង​ដោយ​កង​ទ័ព​វៀតណាម លោក គន់ គីម ក៏បាន​ទទួល​តំណែង​ដែរ​នៅ​ពេល​ចលនា​នេះ​បាន​ជោគជ័យ​ក្នុង​ឆ្នាំ​១៩៧៩ ប៉ុន្តែ​លោក​ត្រូវ​គេ​ប្តូរ​ចេញពី​ស្រុក​ត្បូងឃ្មុំ ទៅ​ធ្វើ​ប្រធាន​មន្ទីរ​សន្តិសុខ​ខេត្ត​កណ្ដាល​វិញ។ នៅ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក គន់ គីម បាន​ធ្វើជា​អភិបាលរង​ខេត្ត​កណ្ដាល និង​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ក្នុង​ខេត្ត​កណ្ដាល​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា គណបក្ស​របស់​លោក មិន​ប្រកាន់​ពី​អតីតភាព​របស់​មន្ត្រី​ឡើយ​។ ហេតុនេះ​ហើយ​ដែល​ធ្វើ​អោយ​គណបក្ស​នេះ​មាន​មន្ត្រី​មកពី​គ្រប់​ភាគី រួម​ទាំង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ជាច្រើន​រាប់មិនអស់​នៅ​ក្នុង​បក្ស៖ «ក្រោយ​ធ្វើ​សមាហរណកម្ម​ឆ្នាំ​១៩៩៨ យើង​ឃើញ​ហើយ​មាន​មេដឹកនាំ​ខ្មែរក្រហម​ថ្នាក់​កណ្ដាល​ខ្លះ​បាន​ធ្វើ​ចៅហ្វាយស្រុក ខ្លះ​ធ្វើ​ចៅហ្វាយខេត្ត​ដល់​សព្វថ្ងៃ​នេះ​ផង​។ បងប្អូន​ខ្មែរក្រហម ដែល​អតីត​ខ្មែរក្រហម​មែន ប៉ុន្តែ​គាត់​បាន​បោះបង់ចោល​គោលជំហរ​ខ្មែរក្រហម​បាត់​ទៅ​ហើយ»។

បើ​តាម​របាយការណ៍​របស់​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ លោក គន់ គីម ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ហិង្សា​នយោបាយ ក្នុង​ការ​បំភិតបំភ័យ និង​ការ​បង្ក្រាប​បក្ស​ប្រឆាំង មាន​រាជានិយម​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ដទៃ​ទៀត តាំងតែ​ពី​អំឡុង​ពេលមុន​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ ដើម្បី​ធានា​ទាញ​យក​ជ័យជម្នះ​ក្នុង​រាល់​ការបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។

លោក គន់ គីម បាន​ដើរ​តួនាទី​កាន់តែ​សំខាន់​នៅ​រវាង​ឆ្នាំ​១៩៩៤ ដល់​៩៥ នៅ​ពេល​លោក ហ៊ុន សែន បង្កើត​ទី​បញ្ជាការដ្ឋាន​កងទ័ព​ថ្មី​នៅ​ទួល​ក្រសាំង ដែល​ត្រូវ​ចាត់ទុកថា​ជា​កងកម្លាំង​ចម្បង ដើម្បី​ពង្រឹង​នយោបាយ អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អំណាច​លោក ហ៊ុន សែន​។ អង្គការ​សិទ្ធិមនុស្ស​មួយ​នេះ​បញ្ជាក់ ថា ករណី​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ជាច្រើន​ទៅលើ​ក្រុម​មន្ត្រី សកម្មជន និង​កងកម្លាំង នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច (FUNCINPEC) គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក គន់ គីម ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន​។ ក្នុង​ឆ្នាំ​១៩៩៥ កងកម្លាំង​កងពល​ង​៧០ នៅ​ក្រោម​បញ្ជា​របស់​លោក គន់ គីម ដែល​ធ្វើតាម​ការប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់ខ្លួន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ ដែល​លោក ហ៊ុន សែន ចោទ​ថា បាន​ប៉ុនប៉ង​ធ្វើឃាត​លោក។ ប៉ុន្តែ​សម្រាប់​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ នោះ​គឺជា​យុទ្ធនាការ «​បោសសម្អាត​សំឡេង​ប្រឆាំង​ទាំងអស់​នៅមុន​ការបោះឆ្នោត​ឆ្នាំ​១៩៩៨។

បើ​តាម យូមែន រ៉ៃត៍ វ៉​ច្ឆ ដដែល លោក គន់ គីម ក៏​ពាក់ព័ន្ធ​នឹង​ការ​បោក​គ្រាប់បែក​លើ​បាតុកម្ម​អហិង្សា​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​ក្នុង​ឆ្នាំ​១៩៩៧ ធ្វើ​អោយ​មនុស្ស​១៦​នាក់​ស្លាប់ និង​១៥០​នាក់​របួស ដែល​ក្នុង​នោះ​ក៏​មាន​ជនជាតិ​អាមេរិក​ម្នាក់​ផង​ដែរ​។ ហេតុការណ៍​នេះ បាន​ជំរុញ​អោយ​ភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ​ហៅ​កាត់​ថា អេហ្វប៊ីអាយ (FBI) របស់​សហរដ្ឋអាមេរិក ចុះ​មក​ស៊ើបអង្កេត​នៅ​កម្ពុជា និង​រកឃើញ​ថា លោក គន់ គីម ជាប់​សង្ស័យ​ក្នុង​ឧក្រិដ្ឋកម្ម​នេះ​ដែរ​។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង លោក គន់ គីម ជាច្រើន​លើក និង​ជាច្រើន​ថ្ងៃ​តាម​ទូរស័ព្ទ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការចោទប្រកាន់​ទាំងនេះ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។

ទោះ​យ៉ាង​ណា​ក្តី មុខតំណែង និង​តួនាទី​របស់​លោក គន់ គីម ចេះ​ឡើង​ខ្ពស់​ជា​បន្តបន្ទាប់​។ ក្នុង​ឆ្នាំ​២០០៩ លោក​បាន​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​បាន​តែងតាំង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ។

បើ​តាម លោក សុខ ឥសាន លោក គន់ គីម ជា​មន្ត្រី​ដែល​មាន​មនសិការ​ស្នេហា​ជាតិ មានការ​ទទួលខុសត្រូវ​ក្នុង​ការងារ មាន​ចិត្ត​សប្បុរស និង​មានការ​គាំទ្រ​ពី​មន្ត្រី​ក្នុង​ជួរ​បក្ស ព្រមទាំង​ពលរដ្ឋ ទើប​លោក​អាច​ជាប់ឆ្នោត​ជា​សមាជិក​គណៈ អចិន្ត្រៃយ៍​គណបក្ស៖ «គាត់​មាន​គោលជំហរ​រឹងមាំ​នៅ​ក្នុង​ការ​ការពារ ថែរក្សា ជាតិ​ឯករាជ្យ បូរណភាព​ទឹកដី មាន​ឆន្ទៈ​មុះ​មុត​ក្នុង​ការ​ប្ដូរផ្ដាច់​ក្នុង​ការ​ការពារ​ជាតិ​សាសនា​ព្រះមហាក្សត្រ ហើយ​មាន​ទស្សនៈ​មហាជន​ល្អ មាន​ប្រជាប្រិយភាព​មានការ​គាំទ្រ​មានការ​ចូលចិត្ត​ពី​ប្រជាជន»។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ រក​ឃើញ​ថា លោក គន់ គីម ដែល​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​កងកម្លាំង​បាញ់​បង្ក្រាប​បាតុករ​នៅ​រាជធានី​ភ្នំពេញ នៅ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ ធ្វើ​អោយ​បាតុករ ៦​នាក់​ស្លាប់​។ ម្យ៉ាងវិញទៀត លោក គន់ គីម បាន​ប្រើប្រាស់​អំណាច​នយោបាយ និង​យោធា​ដែល​លោក​មាន​ក្នុង​ការ​កាប់​ព្រៃឈើ​ដោយ​ខុសច្បាប់ ដោយ​ប្រើប្រាស់​កង​យោធពល​ខេមរភូមិន្ទ​ក្រោម​បញ្ជា​របស់​លោក​។ អង្គការ​ដដែល​បន្ត​ថា លោក គន់ គីម បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្នែក​សិទ្ធិមនុស្ស​ជាច្រើន លើ​អ្នក​រិះគន់ និង​អ្នក​ដែល​អាច​គំរាមកំហែង​ដល់​អំណាច​នយោបាយ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោម​ការ​ចោទ​ប្រកាន់​ថា បះបោរ និង​បដិវត្តន៍​ពណ៌​ជាដើម។

លើស​ពី​នេះ ក្រសួង​រតនាគារ​អាមេរិក​លាតត្រដាង​ថា លោក គន់ គីម ឧត្តមសេនីយ៍​ជាន់ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍ​នៅ​ខេត្ត​កោះកុង ដែល​ធ្វើ​អោយ​លោក​បាន​ផលប្រយោជន៍​ហិរញ្ញវត្ថុ​យ៉ាង​សម្បើម​ពី​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​នៃ​ប្រទេស​ចិន។ លោក គន់ គីម បាន​ប្រើប្រាស់​ទាហាន​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​បំភិតបំភ័យ រឹបអូស ឬ​ឆ្ការ​ដី ទៅតាម​ការ​ចង់​បាន​របស់​ក្រុមហ៊ុន​ទាំងនោះ។

មិន​ខុសគ្នា​នេះ​ដែរ របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក គ្លូបល វីតនេស​(Global Witness) ស្ដីពី​គ្រួសារ​អ្នក​កាប់​ឈើ​នៅ​កម្ពុជា បាន​រៀបរាប់​ថា លោក គន់ គីម ដែល​លោក ហ៊ុន សែន តម្លើង​សក្តិ​ជានា​យ​ឧត្តមសេនីយ៍​ផ្កាយ​៤ កាលពី​ឆ្នាំ​២០០៧ និង​ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ថែមទៀត​នោះ ក៏​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​រកស៊ី​កាប់​ឈើ​ដ៏​ធំ​មួយ​របស់​ម៉ាឡេស៊ី​ឈ្មោះ GAT Internal​។ ស្របគ្នា​នេះ អង្គការ​នេះ​ក៏​បង្ហាញ​ថា មាន​ក្រុម​កង​អង្គរក្ស​នៅ​ក្រោម​បញ្ជា​របស់​លោក គន់ គីម បាន​រកស៊ី​ជាមួយ​ក្រុមហ៊ុន កាប់​ឈើ​ធំៗ​មួយ​ចំនួន​មាន​ក្រុមហ៊ុន ភាភីម៉ិច (Pheaphimex-Fuchan) និង​ក្រុមហ៊ុន ហេរ៉ូ តៃវ៉ាន់​(Hero Taiwan) ជាដើម​។​

តែ​ទោះជា​យ៉ាងណា លោក សុខ ឥសាន ឆ្លើយតប​ថា​កងកម្លាំង​រដ្ឋាភិបាល​របស់​គណបក្ស​កាន់អំណាច​បាន​ជួយ​សម្រួល​ការងារ​របស់​ក្រុមហ៊ុន នៅ​តាម​តំបន់​ដែល​មិន​មាន​សុវត្ថិភាព​ប៉ុណ្ណោះ៖ «ពីព្រោះ​ពេល​ដែល​ចិន​ទៅ​វិនិយោគ​នៅ​តំបន់​ខេត្ត​កោះកុង​អី ពេល​ហ្នឹង​វា​មិន​ទាន់​មាន​សន្តិសុខ​ពេញលេញ​វា​ទាមទារ​ត្រូវ​មាន​កងកម្លាំងប្រដាប់អាវុធ​តែ​បងប្អូន​អ្នក​វិនិយោគ​ហ្នឹង។ វា​មិន​ចំពោះតែ​ខេត្ត​កោះកុង​ទេ ចំពោះ​ខេត្ត​ណា​ក៏​ដោយ ពី​ព្រោះ​ថាយើង​ទើបតែ​បាន​សន្តិភាព​នៅ​ឆ្នាំ​២០០០ ជាង​ទេ​មែនទែន​នោះ»។

ក្រសួង​រតនាគារ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រពន្ធ លោក គន់ គីម អ្នកស្រី គីង ចាន់ឌី និង​កូន​២​នាក់​ទៀត គឺ​អ្នកស្រី គីម សុផារី និង លោក គីម ផារ៉ា ព្រមទាំង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​គ្រប់គ្រង​ដោយ​អ្នក​ទាំងនេះ​។ ក្នុង​នោះ​មាន​ក្រុមហ៊ុន ៧​មករា ផារី (7 Makara Phary Co., Ltd.) ចុះបញ្ជី​ក្រោម​ឈ្មោះ អ្នកស្រី គីម សុផារី ទទួល​បាន​ដី​សម្បទាន​ជាច្រើន​ពាន់​ហិកតារ​នៅ​ក្នុង​ខេត្ត​រតនគិរី​។ ក្រុមហ៊ុន​ចំការកៅស៊ូ​ខេឌី (K D Rubber Plantation Co., Ltd) ជា​របស់​អ្នកស្រី គីង ចាន់ឌី ក្រុមហ៊ុន​សន្តិសុខ​ខេមបូ អេលីត (Cambo Elite Security Force Co., Ltd.) កាន់កាប់​ដោយ​អ្នកស្រី គីម សុផារី និង​ក្រុមហ៊ុន​រំដួល​អភិវឌ្ឍន៍ (Romdoul Development Co., Ltd.) កាន់កាប់​ដោយ​លោក គីម ផារ៉ា។

​អ្នកស្រី គីង ចាន់​ឌី ហៅ​ការ​ចោទប្រកាន់​ទាំងនេះ​ថា ជា​រឿង​មិន​ពិត​។ អ្នកស្រី​ចំអក​អោយ​ការ​ដាក់ទណ្ឌកម្ម​អាមេរិក​ថា ក្រុម​គ្រួសារ​អ្នកស្រី​គ្មាន​ប្រាក់​តម្កល់​នៅ​ធនាគារ​ក្រៅ​ប្រទេស​ទេ «តែ​មិន​ជា​អី​ទេ​នរណា​មួយ​ក៏​អាក្រក់​ដែរ​តែ​គេ​ចង់​ថា​អាក្រក់​ហើយ​នោះ​។ គេ​ថា​យើង​មាន​ក៏​នៅ​លើ​មាត់​គេ គេ​ថា​យើង​គ្មាន​ក៏​នៅ​លើ​មាត់​គេ​។ គេ​មិន​ដឹង​ថា យើង​មាន​ប៉ុន្មាន យើង​អត់​ប៉ុន្មាន គឺ​គេ​អត់​ដឹង​សុខទុក្ខ​យើង​ទេ​។ យើង​ជំពាក់​គេ​ប៉ុន្មាន​យើង​ខ្លួន​យើង​ដឹង គេ​មិន​ដឹង យើង​ខ្ចី​គេ​ប៉ុន្មាន​គេ​មិន​ដឹង គេ​ដឹង​តែ​ថា​យើង​មាន​រហូត យើង​ពិសពុល​រហូត»។

កូនប្រុស​ច្បង​របស់​លោក គន់ គីម គឺ លោក គីម រិទ្ធី ជា​អភិបាលរង​ខេត្ត​កណ្ដាល​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា របាយការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក គឺ​គ្មាន​មូលដ្ឋាន ហើយ​មាន​ចរិត​នយោបាយ ដើម្បី​បរិហារកេរ្តិ៍​មន្ត្រី​កម្ពុជា​។ លោក​ថា ប្អូន​របស់​លោក ធ្វើ​អាជីវកម្ម​ដោយ​សុចរិត និង​ស្របច្បាប់​ដោយ​គោរព​យ៉ាង​ហ្មត់ចត់​តាមច្បាប់​របស់​កម្ពុជា​។ លោក​ថា ក្រុម​គ្រួសារ​របស់​លោក​គោរព​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ លោក​ថា​ឪពុក​របស់​លោក គឺ​លោក គន់ គីម បាន​លះបង់​គ្រប់បែប​យ៉ាង ក្នុង​ការ​ស្វែងរក​សន្តិ​ភាព​សម្រាប់​កម្ពុជា លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ ការ​កសាង​ធនធានមនុស្ស និង​ស្ថាប័ន​រឹងមាំ ដោយ​ការ​គោរព​ខ្ពស់​បំផុត ចំពោះ​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ។

ចំណែក​ក្រសួងការបរទេស​កម្ពុជា​ចាត់​ទុក​ទណ្ឌកម្ម​នេះ​ថា ជា​ការ​បំពាន​ធ្ងន់ធ្ងរ​លើ​គោលការណ៍​ស្មើភាព​នៃ​អធិបតេយ្យ និង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​។ ក្រសួង​បញ្ជាក់​ទៀត​ថា ការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​នេះ ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន។

បើទោះជា​យ៉ាងណា​នាយក​អង្គការ​គ្លូប៊ល វីតនេស លោក ផាទ្រីក អាលីយ៍ (Patrick Alley) លើក​ឡើង​ថា នៅ​ពេល​ដែល​អ្នកគាំទ្រ​លោក ហ៊ុន សែន ទទួល​បាន​អភ័យឯកសិទ្ធិ និង​ទ្រព្យសម្បត្តិ​កាន់តែ​ច្រើន​ឡើងៗ នោះ​ពួកគេ​ជួយ​បាន​កាន់តែ​ច្រើន​ទៅដល់​ការ​ក្រាញ​អំណាច​របស់​លោក ហ៊ុន សែន៖ «លោក ហ៊ុន សែន បាន​បន្ត​កាន់អំណាច​ក៏​ដោយសារ​ការ​ផ្ដល់​រង្វាន់​ទៅ​អោយ​ក្រុម​មន្ត្រី​ជា​បរិវារ​បក្សពួក ខ្សែស្រឡាយ និង​សមាជិក​គ្រួសារ ដែល​កេង​ប្រ​វញ្ច​ទៅលើ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​។ អ្វី​ដែល​អង្គការ​គ្លូបល វីតនេស បាន​ទម្លាយ​ក្នុង​ការ​ស៊ើបអង្កេត​រយៈ​ពេល​២៥​ឆ្នាំ​មកនេះ បង្ហាញ​ថា អាថ៌កំបាំង​នៅ​ពីក្រោយ​នយោបាយ​របស់​លោក ហ៊ុន សែន នោះ​គឺ​ការ​ឆក់ប្លន់​ទ្រព្យសម្បត្តិ​សាធារណៈ​ដូចជា​ព្រៃឈើ និង​ដីធ្លី ដែល​ប៉ះពាល់​ការរស់នៅ​ពលរដ្ឋ និង​បំផ្លិចបំផ្លាញ​បរិស្ថាន​ធម្មជាតិ»។

អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក​(Global Witness) ដែល​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​នេះ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​លោក​សេរី​ដទៃ​ទៀត ចាប់​ពី​ពេល​នេះ គួរ​ចាប់ផ្ដើម​ដាក់​ទណ្ឌកម្ម​លើ​លោក គន់ គីម និង​មន្ត្រី​ដទៃ​ទៀត នៃ​របប លោក ហ៊ុន សែន ដែល​បាន​រួម​ចំណែក​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។