មន្ត្រីសិទ្ធិមនុស្សធ្វើការងារផ្នែកសិទ្ធិមនុស្សជំរុញទៅ តុលាការខេត្តប៉ៃលិននិងស្ថាប័នពាក់ព័ន្ធធ្វើការស៊ើបអង្កេតឱ្យបានត្រឹមត្រូវលើក្រុមមន្ត្រីយោធាខេត្តប៉ៃលិន ដែលបានប្រព្រឹត្តហិង្សាលើបុគ្គលិកក្រុមហ៊ុនអគ្គិសនីជាជនពិការម្នាក់។ អ្នកធ្វើការផ្នែកសិទ្ធិមនុស្សលើកឡើងដូច្នេះ ខណៈសមត្ថកិច្ចមិនបានមានចំណាត់ផ្លូវច្បាប់លើមេបញ្ជាការកងយោធាការពារព្រំដែនលេខ៥០៤ខេត្តប៉ៃលិន ជាអ្នកបញ្ជាឱ្យមានអំពើហិង្សានេះ នោះទេ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឱ្យអាស៊ីសេរីដឹងថ្ងៃទី៣១ ខែមីនាថា កងរាជអាវុធហត្ថខេត្តប៉ៃលិនបានចោទប្រកាន់លើមន្ត្រីយោធាពីរនាក់ឈ្មោះ ឈិន ណុប ភេទប្រុស និង ឈ្មោះ អ៊ិន ខ្លឹង ពីបទបានប្រព្រឹត្តហិង្សាស្រាលលើបុគ្គលិកក្រុមហ៊ុនអគ្គិសនីជាជនពិការម្នាក់នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកឱ្យដឹងទៀតថា ពេលនេះជនសង្ស័យទាំងពីររូបត្រូវបញ្ជូនទៅតុលាការរួចហើយ ហើយលោកក៏មិនបានដឹងថា តុលាការនឹងចោទប្រកាន់លើបុគ្គលទាំងនោះពីបទអ្វីនោះដែរ។ អ្នកនាំពាក្យដដែលបញ្ជាក់ថា តាមការស្រាវជ្រាវ មេបញ្ជាការកងការពារព្រំដែនលេខ៥០៤ ឈ្មោះ យ៉យ ស៊ីដូ មិនបានប្រើកូនចៅឱ្យប្រព្រឹត្តហិង្សានោះទេ ប៉ុន្តែមេបញ្ជាការរូបនេះបានព្យាយាមប្រាប់ទៅកូនចៅកុំប្រព្រឹត្តហិង្សា៖ «បទល្មើសនេះជាបទល្មើសហិង្សាស្រាល យើងក៏បានបញ្ជូនសំណុំរឿងទៅអយ្យការដើម្បីចាត់ការបន្ត លោក យ៉យ ស៊ីដូ គឺគាត់មិនមានប្រព្រឹត្តបទល្មើសទេ គាត់ដឹកនាំមែនគាត់ដឹកនាំទៅបង់លុយតាស តែបុគ្គលដែលជាកូនចៅរបស់គាត់វាយគាត់បានឃាត់កុំឱ្យធ្វើអំពើអ៊ីចឹង»។
ប៉ុន្តែមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តបាត់ដំបង និងខេត្តប៉ៃលិន លោក យិន ម៉េងលី សង្កេតឃើញថា តាមការបង្ហោះវីដេអូ និងថ្លែងរបស់ជនរងគ្រោះបង្ហាញថា មេបញ្ជាការកងការពារព្រំដែនលេខ៥០៤ ជាអ្នកបញ្ជាកូនចៅឱ្យប្រព្រឹត្តិហិង្សា។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញទៅតុលាការខត្តប៉ៃលិន និងស្ថាប័នពាក់ព័ន្ធធ្វើការស៊ើបអង្កេតឱ្យបានត្រឹមត្រូវនិងត្រូវមានវិធានការច្បាប់តឹងរ៉ឹងលើក្រុមមន្ត្រីយោធាខេត្តប៉ៃលិនដែលបានប្រព្រឹត្តហិង្សា៖ «ពេលចាប់បញ្ជូនមនុស្សពីរនាក់អត់មានឈ្មោះលោកមេបញ្ជាការទេ ត្រង់នេះហើយដែលសមាគមស្នើទៅលោកព្រះរាជអាជ្ញាធ្វើការស៊ើបអង្កេតឱ្យបានស៊ីជម្រៅលើករណីនេះ ដោយសារតែមើលឃើញការអំណះអំណាងរបស់ជនរងគ្រោះយើងមើលឃើញវីដេអូមានមនុស្សច្រើនមិនមែនតែពីរនាក់ អ៊ីចឹងអាចពាក់ព័ន្ធមនុស្សច្រើនទៀតមិនមែនពីរនាក់»។
អាស៊ីសេរីមិនទាន់មានប្រភពដើម្បីឆ្លើយតបពីមេបញ្ជាការកងការពារព្រំដែនលេខ៥០៤ ឈ្មោះ យ៉យ ស៊ីដូ បានទេនៅថ្ងៃទី៣១ ខែមីនា។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាត ក៏មិនអាចសុំការបំភ្លឺបានដែរដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
កាលពីថ្ងៃទី២៥ ខែមីនា ក្រុមកងយោធាការពារព្រំដែនលេខ៥០៤ខេត្តប៉ៃលិននៃក្រសួងការពារជាតិប្រមាណ១០នាក់ ក្នុងឯកសណ្ឋានជាយោធាបានចូលទៅក្នុងការិយាល័យក្រុមហ៊ុនអគ្គិសនីហើយវាយដំលើជនពិការដែលជាបុគ្គលិកផ្នែកគណនេយ្យកំពុងអង្គុយធ្វើការលើរទេះជនពិការក្រោយក្រុមហ៊ុនអគ្គិសនីបានផ្ដាច់ភ្លើងអង្គភាពលេខ ៥០៤ ដោយសារមិនបានបង់លុយថ្លៃភ្លើងអស់រយៈពេល៦ខែ។
ទាក់ទងករណីនេះអាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យព្រះរាជអាជ្ញាតុលាការខេត្តប៉ៃលិន លោក ថុល គឹមហុង តាមទូរស័ព្ទពីថ្ងៃទី៣១ ខែមីនា ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ រីឯ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន សុំមិនធ្វើអត្ថាធិប្បាយទេដោយបញ្ចាក់ថា សំណុំរឿងកំពុងស្ថិតក្នុងដៃតុលាការ។
ជនរងគ្រោះជាជនពិការឈ្មោះ សុខ ទិត្យា ក្រោយមានការសម្របសម្រួលពីអភិបាលខេត្តប៉ៃលិន និងអ្នកពាក់ព័ន្ធលោកសម្រេចមិនប្ដឹងក្រុមយោធាទាំងនោះ ទៅស្ថាប័នណាទៀតទេ។ លោកឱ្យដឹងដែរថា ថៅកែក្រុមហ៊ុនរបស់លោកបានសម្រេចផ្ដល់សំណងចំនួន ១៥លានរៀល ដល់រូបលោកព្រោះមិនចង់មានបញ្ហាអ្វីថែមទៀត៖ «និយាយរួមទៅខ្ញុំដូចអត់អ៊ីចឹង និយាយវែងឆ្ងាយទៀត ព្រោះរឿងបានចប់សព្វគ្រប់ហើយ កុំរំខានដល់អ្នកដទៃ ឬមួយក៏ខ្លួនឯង ឬមួយក៏អ្នកណាទៀតដែរ គឺសម្រេចចិត្តបញ្ចប់ត្រឹមហ្នឹង»។
មន្ត្រីសង្គមស៊ីវិល លោក យិន ម៉េងលី និយាយថា តាមច្បាប់ករណីនេះបណ្តឹងអាជ្ញាមិនទាន់រលត់ហើយតួអង្គសំខាន់ដែលអនុវត្តបន្តគឺព្រះរាជអាជ្ញា។ លោកថា បណ្ដឹងអាចរំលត់បានលុះត្រាណាជនល្មើសបានទទួលទណ្ឌកម្ម ឬជនល្មើសបានបាត់បង់ជីវិត ដូច្នេះលោកថា សមាគមអាដហុកនឹងផ្ញើលិខិតទៅព្រះរាជអាជ្ញាខេត្តប៉ៃលិន ដើម្បីធ្វើការស៊ើបអង្កេត និងចាត់ការតាមផ្លូវច្បាប់ឱ្យត្រឹមត្រូវ។ រីឯ ជនរងគ្រោះជាជនពិការឈ្មោះ សុខ ទិត្យា យល់ថា ព្រះរាជអាជ្ញាចាត់ចែងយ៉ាងណាសូមអនុវត្តតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។