ពលរដ្ឋមួយចំនួនរស់នៅខេត្តពោធិ៍សាត់មិនពេញចិត្ត ទង្វើរបស់អាជ្ញាធរមូលដ្ឋានដែលប្រកាសឱ្យពួកគេត្រូវសុំការអនុញ្ញាតពីអាជ្ញាធរភូមិជាមុនសិន បើមានមនុស្សប្លែកមុខ សុំស្នាក់នៅផ្ទះរបស់អ្នកភូមិណាមួយនោះ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើរបស់អាជ្ញាធរថា រំលោភរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
ពលរដ្ឋរស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ឱ្យដឹងនៅថ្ងៃទីអង្គារ៍ ទី១ ខែតុលា ថា មេភូមិក្រឡាញ់ លោក ធូ សាមុត បានប្រកាសតាមមេក្រូ ក្នុងវត្តក្រឡាញ់ជាសាធារណៈ កាលពីចុងខែកញ្ញា ដោយបញ្ជាក់ថា ពលរដ្ឋត្រូវសុំការអនុញ្ញាតពីអាជ្ញាធរភូមិជាមុនសិន ប្រសិនបើមានមនុស្សមកពីខាងក្រៅមកស្នាក់នៅផ្ទះរបស់អ្នកភូមិណាមួយនោះ ក្រោមហេតុផល ការពារសន្តិសុខ និងភូមិ/ឃុំមានសុវត្ថិភាព។ មេភូមិអះអាងថា នេះជាគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀត ថ្លែងមិនហ៊ានបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពបានចាត់ទុកវិធានការនេះថា ជាការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ ជាពិសេស សកម្មជនគណបក្សប្រឆាំងមួយកម្រិតទៀត។ លោកថា មេភូមិបានបញ្ជាឱ្យប្រជាការពារភូមិ តាមដានពលរដ្ឋណា ដែលអនុញ្ញាតឱ្យមនុស្សខាងក្រៅស្នាក់នៅផ្ទះរបស់ខ្លួន ហើយត្រូវជូនដំណឹងទៅអាជ្ញាធរជាបន្ទាន់។ លោកកត់សម្គាល់ថា សូម្បីតែពលរដ្ឋរស់នៅភូមិជាប់គ្នាក៏ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានជាមុនសិនដែរ៖ «អាជ្ញាធរភូមិប្រកាសតាមមេក្រូថា ឱ្យប្រជាការពារតាមដានឱ្យច្បាស់ និងត្រូវរាយការណ៍ឱ្យគេ បានគេឱ្យស្នាក់នៅអ៊ីចឹង។ ទាល់តែប្រាប់គេ សុំការអនុញ្ញាតពីគេ។ ភូមិហ្នឹងមានការរឹតបន្តឹងខ្លាំងមែនទែន សូម្បីមានអ្នកចំណូលមកពីខាងណា អង្គការក៏ដោយ បងប្អូនក៏ដោយ ដែលយើងជួបជុំគ្នាផឹកស៊ី មានការតាមដានរហូត។ គេអត់ឱ្យយើងជួបជុំគ្នាច្រើនបានទេ»។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិក្រឡាញ់ថ្លែង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព មើលឃើញថា ក្រុមពលរដ្ឋដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង កំពុងទទួលរងការគំរាមកំហែង និងការរឹតត្បិតសិទ្ធិសេរីភាពកាន់តែខ្លាំងឡើង ពីសំណាក់អាជ្ញាធរមូលដ្ឋាន បណ្ដាលឱ្យពួកគេភ័យព្រួយពីសុវត្ថិភាព និងមិនហ៊ានបញ្ចេញមតិទូលំទូលាយឡើយ។ លោកអះអាងថា ពលរដ្ឋភាគច្រើនមិនសប្បាយចិត្តចំពោះ វិធានការរបស់អាជ្ញាធរនោះទេ៖ «ពីមុនគេអត់មានដាក់មេក្រូទេ គ្រាន់តែថា យើងទៅណាមកណា ត្រូវជម្រាបគេអ៊ីចឹងណា។ តែដល់ពេលនេះ យើងដាក់មេក្រូ ប្រកាសថ្ងៃយើងឆ្លងភ្ជុំហ្នឹង។ ថ្ងៃស្អែកប្អូនមកពីណា ត្រូវសុំគេម្តងទៀតវា ពិបាកហ្នឹង ។ ថ្ងៃនេះម៉ែខ្ញុំមកសម្រាន្តផ្ទះខ្ញុំ ចុះស្អែកឡើងប្អូនខ្ញុំទៅប្រាប់គេទៀត វាដាច់ខ្យល់ហើយ ផ្ទះមេភូមិជិតមានអី ដល់ផ្ទះមេភូមិឆ្ងាយទៀត»។
អាស៊ីសេរីបានព្យាយាមទាក់ទង មេភូមិក្រឡាញ់ លោក ធូ សាមុត ដើម្បីសុំការបំភ្លឺពីរឿងនេះដែរ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី១ តុលា។
ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនលើកទូរស័ព្ទ និងចុចផ្ដាច់ទូរស័ព្ទនៅថ្ងៃដដែលនេះ។
ដោយឡែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់ទុកថា ទង្វើរបស់អាជ្ញាធរភូមិ គឺដើម្បីការពារសន្តិសុខ និងសុវត្ថិភាពស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។ លោកបញ្ជាក់ថា នេះពុំមែនជារឿងថ្មីទេ ហើយក៏ពុំមែនជាការគំរាមកំហែងលើពលរដ្ឋណាម្នាក់ដែរ៖ «បើយើងជាបងប្អូនធ្លាប់ទៅ ម្តងទៅពីរដងមានអីទេ។ តែមនុស្សប្លែកគេត្រូវរាយការណ៍ជូនមេភូមិ និងមេឃុំហើយ ភូមិនីមួយៗមាននគរបាលគេប្រចាំ។ នេះជាក្នុងកម្មវិធីសុវត្ថិភាពភូមិ និងឃុំ។ នេះជាគោលការណ៍ចាស់ទេពុំមានអ្វីប្លែកថ្មីទេ»។
ផ្ទុយពីការលើកឡើងនេះ ប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក (Adhoc) លោក នី សុខា យល់ឃើញថា ប្រសិនបើអាជ្ញាធរពិតជាបង្គាប់ឱ្យពលរដ្ឋត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាមុន ទើបមានសិទ្ធិឱ្យអ្នកខាងក្រៅស្នាក់នៅក្នុងផ្ទះរបស់ខ្លួនបានមែន នោះគឺជាទង្វើល្មើសច្បាប់ជាតិ និងអន្តរជាតិ៖ «ក្នុងរដ្ឋធម្មនុញ្ញបានចែងពីសិទ្ធិក្នុងការដើរហើរ សិទ្ធិក្នុងការជួបជុំអីហ្នឹងដែរ។ ប្រសិនជាយើងធ្វើអ៊ីចឹង វាជាការរំលោភគោលការណ៍ធ្ងន់ធ្ងរ ហើយខ្ញុំគិតថា សុំឱ្យអាជ្ញាធររដ្ឋពិចារណា និងពិនិត្យពីសិទ្ធិសេរីភាពឡើងវិញ ហើយប្រទេសកម្ពុជាក៏មិនបានទាន់ប្រកាសថា ប្រទេសអាសន្ននៅឡើយក៏មិនទាន់មានដែរ បើយើងរឹតត្បិតសិទ្ធិសេរីភាព ទាល់តែដាក់ប្រទេសក្នុងស្ថានភាពអាសន្ន»។
អ្នកភូមិក្រឡាញ់ឱ្យដឹងថា កាលពីអំឡុងខែ សីហាកន្លងទៅ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចធ្លាប់បានរារាំងក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋនៅខេត្តផ្សេងទៀតដែលមករៀនពីវិធីសាស្ត្រចិញ្ចឹមមាន់ នៅឃុំក្បាលត្រាច ស្រុកក្រគរ។ លើសពីនេះ ប្រជាការពារភូមិបានឃ្លាំមើល គ្រប់សកម្មភាព សកម្មជនគណបក្សសង្គ្រោះជាតិនៅមូលដ្ឋាន នៅអំឡុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ធ្វើឱ្យពលរដ្ឋមួយចំនួនបារម្ភពីសុវត្ថិភាព និងបរិយាកាសនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
