គ្រួសារលោក រ៉ាត់ រត្នមុនី ស្នើសុំកិច្ចអន្តរាគមន៍ពីអ្នកស្រី រ៉ូណា ស្មីត
2019.05.01

គ្រួសារលោក រ៉ាត់ រត្នមុនី បានចូលជួបអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅរសៀលថ្ងៃទី០១ ឧសភា ដើម្បីស្នើសុំឱ្យអ្នកស្រី ជួយអន្តរាគមន៍ឱ្យសកម្មជនសិទ្ធិការងាររូបនេះបានរួចផុតពីការឃុំឃាំង។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា នេះជាសិទ្ធិសេរីភាពរបស់គ្រួសារលោក រ៉ាត់ រត្នមុនី ប៉ុន្តែការសម្រេចយ៉ាងណានោះ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។
ភរិយាលោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ឱ្យអាស៊ីសេរីដឹងថា អ្នកស្រីបានរៀបរាប់ប្រាប់អ្នកស្រី រ៉ូណា ស្មីត អំពីករណីស្វាមីអ្នកស្រី និងបានស្នើសុំឱ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ ជួយអន្តរាគមន៍ឱ្យមានការដោះលែងស្វាមីអ្នកស្រីមកវិញ។ អ្នកស្រីនៅតែជឿជាក់ថា ស្វាមីអ្នកស្រីមិនបានប្រព្រឹត្តកំហុសដូចជាការចោទប្រកាន់របស់អាជ្ញាធរឡើយ ដូច្នេះតុលាការមិនគួរបន្តឃុំខ្លួនសា្វមីអ្នកស្រីទៀតនោះទេ៖ «ក្នុងខ្លឹមសារនៃញត្តិទាំងស្រុងហ្នឹង ខ្ញុំស្នើសុំឱ្យលោកស្រីមានការអន្តរាគមន៍ឱ្យមានការដោះលែងប្តីខ្ញុំចេញពីពន្ធនាគារព្រៃស ហើយនិងស្នើសុំឱ្យលោកស្រីធ្វើអន្តរាគមន៍យ៉ាងណាឱ្យមានការទម្លាក់ចោលការចោទប្រកាន់ប្តីរបស់ខ្ញុំ ព្រោះដោយសារប្តីរបស់ខ្ញុំមានតួនាទីត្រឹមតែជាអ្នកបកប្រែឱ្យភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ហើយគាត់មិនមានកំហុសទេ។ ហើយគាត់ត្រូវបានគេឃុំខ្លួននៅក្នុងគុកព្រៃសអស់រយៈពេល៥ ខែហើយ នៅមិនទាន់ឃើញលទ្ធផលយ៉ាងណា បែបណានៅឡើយទេ»។
សកម្មជនសិទ្ធិលំនៅឋានរូបនេះ ថ្លែងថា អ្នកស្រី រ៉ូណា ស្មីត បានទទួលយកញត្តិរបស់អ្នកស្រី ដោយការស្វាគមន៍ និងនិយាយលើកទឹកចិត្តអ្នកស្រី និងកូនប្រុស។ អ្នកស្រីរំពឹងថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ នឹងលើកយកករណីស្វាមីអ្នកស្រីទៅពិចារណាដោះស្រាយតាមលទ្ធភាពដែលអាចធ្វើបាន។
អាស៊ីសេរីបានទាក់ទងទៅអ្នកស្រី រ៉ូណា ស្មីត ដើម្បីសាកសួរយោបល់ជុំវិញរឿងនេះដែរ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ថ្លែងថា សំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការ ដូច្នេះគ្មានជនណាម្នាក់អាចដាក់សម្ពាធឱ្យតុលាការដោះលែងលោក រ៉ាត់ រត្នមុនី ឡើយ។ លោកបន្ថែមថា មានតែការចូលរួមគ្រប់ដំណាក់កាលនៃនីតិវិធីតុលាការទេ ទើបជាមធ្យោបាយស្របច្បាប់ក្នុងការជួយដល់សកម្មជនសិទ្ធិការងាររូបនេះ៖ «ការដាក់ញត្តិនេះជាសិទ្ធិសេរីភាពរបស់គាត់ទេ។ គាត់ដាក់ទៅអ្នកណា ទៅស្ថាប័នណាក៏បានដែរ ក៏ប៉ុន្តែជាគោលការណ៍ច្បាប់ គ្មានបុគ្គលណា ឬក៏ស្ថាប័នណាអាចជ្រៀតជ្រែកកិច្ចការតុលាការឱ្យធ្វើការដោះលែងអ្នកនេះ ដោះលែងអ្នកនោះបានទេ សូម្បីអ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសហ្នឹង អាណត្តិរបស់គាត់ គឺមិនបានអនុញ្ញាតឱ្យគាត់លូកលាន់ដល់កិច្ចការរបស់តុលាការទេ»។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេលជិត៥ ខែមកហើយ ដោយរងការចោទប្រកាន់ពីបទ “ញុះញង់ឱ្យមានការរើសអើង” បន្ទាប់ពីលោកបានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្តាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។
អាជ្ញាធររបបក្រុងភ្នំពេញ បានចោទលោកថា បានឱ្យលុយប្រភព ដើម្បីនិយាយប្រឌិតសាច់រឿងក្នុងភាពយន្តឯកសារនោះ។ ក៏ប៉ុន្តែរហូតមកទល់នឹងពេលនេះ តុលាការមិនបានកោះហៅភាគីកាសែតរុស្ស៊ីឱ្យមកឆ្លើយបំភ្លឺរឿងនេះឡើយ ខណៈតួអង្គម្នាក់នៅក្នុងភាពយន្តឯកសារ “ម្តាយខ្ញុំ លក់ខ្ញុំ” អះអាងថា នាងមិនដែលបានទទួលលុយកាក់ពីលោក រ៉ាត់ រត្នមុនី នោះឡើយ។
ករណីលោក រ៉ាត់ រត្នមុនី នេះ ក៏ត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃការទាមទាររបស់សហជីព ក្នុងទិវាពលកម្មអន្តរជាតិ០១ ឧសភា ផងដែរ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា មូលហេតុនៃការដាក់បញ្ចូលសំណើសុំឱ្យដោះលែងលោក រ៉ាត់ រត្នមុនី នេះ គឺដោយសាររូបលោកជាសមាជិករបស់សហភាពសហជីពកម្ពុជា។ សំខាន់ជាងនេះទៅទៀត ខាងសហជីពមើលឃើញថា វិធានការច្បាប់លើសកម្មជនសិទ្ធិការងាររូបនេះ គឺជារឿងមិនត្រឹមត្រូវ៖ «ដោយយើងមើលឃើញ រឿងដែលចាប់ខ្លួនគាត់ហ្នឹង វាជារឿងមួយអយុត្តិធម៌ ពីព្រោះគ្រាន់តែគាត់ប្រើប្រាស់សិទ្ធិ និងជួយបកប្រែអ្នកសារព័ត៌មានរុស្ស៊ីតែប៉ុណ្ណឹង ត្រូវបានអាជ្ញាធរចោទប្រកាន់ រហូតដល់ចាប់ខ្លួនគាត់ឃុំអស់ជាច្រើនខែ។ ដូច្នេះនៅក្នុងឱកាសនេះ យើងស្នើទៅដល់តុលាការ ក៏ដូចអាជ្ញាធរក្រុងភ្នំពេញ ធ្វើយ៉ាងម៉េចដោះលែងលោក រ៉ាត់ រត្នមុនី ឱ្យមានសេរីភាពឡើងវិញ»។
លោកបន្ថែមថា ចំណាត់ការលើ លោក រ៉ាត់ រត្នមុនី គឺជារូបភាពនៃការធ្វើទុកបុកម្នេញលើថ្នាក់ដឹកនាំសហជីព ហើយក៏ជាការរំលោភសិទ្ធិមនុស្សផងដែរ ដូច្នេះលោកសង្ឃឹមថា អ្នកស្រី រ៉ូណា ស្មីត នឹងលើករឿងនេះទៅនិយាយជាមួយភាគីរដ្ឋាភិបាលកម្ពុជា៕