គ្រួសារ​និង​សកម្មជន​តវ៉ា​ជា​លើក​ទី​៥ សុំ​ឱ្យ​ទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍​ដោះលែង​លោក រ៉ាត់ រត្នមុនី

ដោយ ជាតិ ចំណាន
2019-02-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​តវ៉ា​របស់​គ្រួសារ​លោក រ៉ាត់ រត្នមុនី និងសកម្មជន​ដីធ្លី នាំគ្នា​តវ៉ា​សុំអន្តរាគមន៍​ពី​ស្ថានទូត​រុស្ស៊ី ប្រចាំ​កម្ពុជា កាល​ពីថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។
សកម្មភាព​តវ៉ា​របស់​គ្រួសារ​លោក រ៉ាត់ រត្នមុនី និងសកម្មជន​ដីធ្លី នាំគ្នា​តវ៉ា​សុំអន្តរាគមន៍​ពី​ស្ថានទូត​រុស្ស៊ី ប្រចាំ​កម្ពុជា កាល​ពីថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។
Photo courtesy of Long Kimheang's Facebook

ក្រុម​គ្រួសារ និង​សកម្មជន​មួយ​ចំនួន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ជា​លើក​ទី៥ នៅមុខ​ស្ថានទូត​រុស្ស៊ី នៅ​ថ្ងៃទី១៣ កុម្ភៈ ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​រុស្ស៊ី​ជុំវិញ​ករណី​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី។ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថា ការ​តវ៉ា​ជា​សិទ្ធិ​​សេរីភាព​របស់​ក្រុម​គ្រួសារ ប៉ុន្តែ​មិនមែន​ជា​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ។

ការ​តវ៉ា​របស់​សកម្មជន និង​​ក្រុម​គ្រួសារ​លោក រ៉ាត់ រត្នមុនី លើក​នេះ ធ្វើឡើង​ដោយ​ស្ងៀម​ស្ងាត់​​នៅ​​ម្ខាង​ផ្លូវ​ទល់មុខ​ស្ថានទូត​រុស្ស៊ី មិន​មាន​ការ​ស្រែក​ទាម​ទារ​ឡើយ។ ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្តុំ​គ្នា​អង្គុយ​លើក​បដា​រូបថត​លោក រ៉ាត់ រត្នមុនី និង​សំណើ​សុំ​​អន្តរាគមន៍​​ពី​​រដ្ឋាភិបាល​រុស្ស៊ី។ ក៏ប៉ុន្តែ​ដូច​លើក​មុនៗ​ដែរ មន្ត្រី​ស្ថានទូត​រុស្ស៊ី​មិនបាន​ចេញ​មក​ជួប​​ក្រុម​​អ្នក​​តវ៉ា​​នោះ​​ឡើយ។

ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្លែង​ថា អ្នកស្រី​មិន​បញ្ឈប់​ការ​តវ៉ា​ឡើយ ទោះ​ជា​​ស្ថានទូត​​រុស្ស៊ី​​នៅ​​ភ្នំពេញ មិន​អើពើ​ចំពោះ​សកម្មភាព​នេះ​ក្ដី។ អ្នកស្រី​បាន​កំណត់​យក​ថ្ងៃ​ពុធ​ជា​រៀងរាល់​សប្ដាហ៍ ដើម្បី​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី រហូត​ទាល់​តែ​មាន​យុត្តិធម៌​សម្រាប់​ស្វាមី​អ្នកស្រី៖ «ការ​ឃុំ​ខ្លួន​ប្តី​ខ្ញុំ​ដែល​ជា​អ្នកបកប្រែ​ឱ្យ​​កាសែត​​រុស្ស៊ី​​នេះ វា​បង្ហាញ​ឱ្យ​ឃើញ​ថា ជា​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅកាន់​កាសែត​អន្តរជាតិ ជាពិសេស​គឺ RT ហ្នឹង​។ អ៊ីចឹង​ហើយ​បានជា​ពួក​ខ្ញុំ​នៅតែ​បន្ត​ធ្វើ​ការ​តស៊ូ ឬ​ប្រមូល​ផ្តុំ​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ក្រុងភ្នំពេញ ដើម្បី​​ឱ្យ​​ពួក​គេ​​បាន​​ដឹង​​ថា ដរាបណា​មិន​មាន​យុត្តិធម៌​សម្រាប់​ប្តី​ខ្ញុំ គឺ​ពួក​ខ្ញុំ​មិន​បញ្ឈប់ មិន​បោះបង់​ការ​តស៊ូ​របស់​ពួក​ខ្ញុំ​ទេ ដើម្បី​ទាមទារ​ឱ្យ​រុស្ស៊ី​ហ្នឹង​ធ្វើ​ការងារ​របស់​ខ្លួន ជា​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​រុស្ស៊ី»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្ន​មុនី បាន​រង​ការចោទប្រកាន់​ពី​បទ “​ញុះញង់​​ឱ្យ​​មាន​​ការ​រើសអើង​” ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​លោក​មានទោស។ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចោទ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ថា​បាន​ឱ្យ​លុយ​ប្រភព ដើម្បី​និយាយ​ប្រឌិត​​សាច់​រឿង​​ក្នុង​ភាពយន្ត​ឯកសារ​ជួញដូរ​ផ្លូវ​ភេទ ដែល​មាន​ចំណងជើង​ថា “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ដែល​លោក​បាន​ជួយ​ផលិត​ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ការ​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​នេះ គឺជា​សិទ្ធិ​សេរីភាព​របស់​ក្រុម​គ្រួសារ​លោក រ៉ាត់ រត្នមុនី ក៏ប៉ុន្តែ​នេះ​មិនមែន​ជា​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ជួយ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​ឱ្យ​រួច​ផុត​ពី​បញ្ហា​ផ្លូវច្បាប់​បាន​ឡើយ។ លោក​បន្ត​ថា ទោះបី​ជា​មាន​ជំនឿ ឬ​គ្មាន​ជំនឿ​លើ​តុលាការ​ក្តី ក្រុម​គ្រួសារ​គួរ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ស្វែងរក​ភស្តុតាង​ដោះ​បន្ទុក​លោក រ៉ាត់ រត្នមុនី៖ «មធ្យោបាយ​ដែល​អាច​ជួយ​គ្រួសារ​របស់​គាត់​បាន​ហ្នឹង មិនមែន​តាម​រយៈ​​មធ្យោបាយ​​តវ៉ា ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ទេ អាហ្នឹង​មិនមែន​ជា​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​ទេ​។ មធ្យោបាយ​តាម​ផ្លូវ​ច្បាប់ គឺ​មាន​ការចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​តុលាការ បង្ហាញ​ទឡ្ហីករណ៍​រឹងមាំ ភស្តុតាង សក្ខីកម្ម​រឹងមាំ ដើម្បី​បង្ហាញ​ថា យើង​មិន​មាន​ភាព​ពិរុទ្ធ​ដូច​បទ​ចោទ»

អ្នកស្រី ឡុង គីមហ៊ាង អះអាង​ថា អ្នកស្រី​បាន​ផ្តល់​ភស្តុតាង​ដោះ​បន្ទុក​ជាច្រើន​តាមរយៈ​មេធាវី​រួចហើយ ក៏ប៉ុន្តែ​តុលាការ​ហាក់​មិន​យកចិត្តទុកដាក់​នឹង​ភស្តុតាង​ទាំង​នោះ​ឡើយ ហើយ​នៅតែ​ឃុំឃាំង​ស្វាមី​អ្នកស្រី​តទៅទៀត៖ «ការផលិត​ភាពយន្ត​ឯកសារ​ដែល​ប្តី​ខ្ញុំ​ជួយ​បកប្រែ​ឱ្យ​កាសែត​រុស្ស៊ី​នេះ គឺ​មាន​ច្បាប់ ស្នើសុំ​ត្រឹមត្រូវ ហើយ​ឯកសារ​ទាំងអស់​គឺ​មាន ហើយ​ខ្ញុំ​បាន​ប្រគល់​ឱ្យ​មេធាវី​ហើយ​។ បើ​ដូច​មន្ត្រី​ក្រសួងយុត្តិធម៌​អះអាង​មែន​នោះ ប្តី​ខ្ញុំ​គួរតែ​ត្រូវ​បាន​ដោះលែង​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​អត់​ដោះលែង​ប្តី​ខ្ញុំ​ផង​ហ្នឹង​។ អ៊ីចឹង​ខ្ញុំ​អត់​ជឿ​លើ​ពួកគេ​ទេ លើ​ការ​អះអាង​របស់​មន្ត្រី​ក្រសួងយុត្តិធម៌​ទេ»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា កត់សម្គាល់​ថា ពាក់ព័ន្ធ​នឹង​អ្នកទោស​មនសិការ តុលាការ​ច្រើនតែ​អូស​បន្លាយ​សំណុំរឿង និង​អនុវត្ត​នីតិវិធី​ឃុំខ្លួន​បណ្ដោះអាសន្ន​រយៈពេល​វែង។ លោក​បន្ត​ថា ប្រសិនបើ​ចង់​រក​ខុសត្រូវ​រឿង​នេះ អាជ្ញាធរ​កម្ពុជា​គួរតែ​ចោទប្រកាន់​ខាង​កាសែត RT ទៅវិញ​ទេ ទើប​ជា​រឿង​ត្រឹមត្រូវ មិន​គួរ​ចាត់ការ​លោក រ៉ាត់ រត្នមុនី ដែល​ត្រឹមតែ​ជា​អ្នក​បកប្រែ និង​សម្របសម្រួល​ការ​ថត​ភាពយន្ត​ឯកសារ​នោះ​ឡើយ៖ «ចេះតែ​ឃុំ​ខ្លួន​គេ​អ៊ីចឹង​ទៅ ដោយ​អត់​គិត​ពី​សេរីភាព​របស់​បុគ្គល​ទេ អ៊ីចឹង​ហើយ​យើង​ឃើញ​ថា ការស៊ើបអង្កេត​នេះ​វា​គួរតែ​ពន្លឿន​ឱ្យ​បាន​ឆាប់។ បើ​ស៊ើបអង្កេត វា​អត់​មាន​ភស្តុតាង​ដាក់​បន្ទុក​ស្របតាម​ការចោទប្រកាន់​ហ្នឹង​ទេ គួរតែ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់ ហើយ​ដោះលែង​គេ​ឱ្យ​មាន​សេរីភាព​ទៅ ដើម្បី​ឱ្យ​មានការ​ជួបជុំ​គ្រួសារ និង​បាន​បន្ត​កិច្ច​ការ​​ជួយ​​ដល់​​សង្គមជាតិ»

គិត​ត្រឹម​ថ្ងៃទី១៣ កុម្ភៈ សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល ២ ខែ​មក​ហើយ។ ទាំង​រូបលោក និង​ក្រុម​គ្រួសារ កំពុង​រង់ចាំ​ការសម្រេច​ពី​តុលាការ​កំពូល​ជុំវិញ​សំណើសុំ​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​បាន​ដាក់​បណ្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​កាលពី​សប្ដាហ៍​មុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល