ក្រុមគ្រួសារ និងសកម្មជនមួយចំនួនប្រមូលផ្ដុំគ្នាតវ៉ាជាលើកទី៥ នៅមុខស្ថានទូតរុស្ស៊ី នៅថ្ងៃទី១៣ កុម្ភៈ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលរុស្ស៊ីជុំវិញករណីសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា ការតវ៉ាជាសិទ្ធិសេរីភាពរបស់ក្រុមគ្រួសារ ប៉ុន្តែមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់នោះឡើយ។
ការតវ៉ារបស់សកម្មជន និងក្រុមគ្រួសារលោក រ៉ាត់ រត្នមុនី លើកនេះ ធ្វើឡើងដោយស្ងៀមស្ងាត់នៅម្ខាងផ្លូវទល់មុខស្ថានទូតរុស្ស៊ី មិនមានការស្រែកទាមទារឡើយ។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាអង្គុយលើកបដារូបថតលោក រ៉ាត់ រត្នមុនី និងសំណើសុំអន្តរាគមន៍ពីរដ្ឋាភិបាលរុស្ស៊ី។ ក៏ប៉ុន្តែដូចលើកមុនៗដែរ មន្ត្រីស្ថានទូតរុស្ស៊ីមិនបានចេញមកជួបក្រុមអ្នកតវ៉ានោះឡើយ។
ភរិយាលោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្លែងថា អ្នកស្រីមិនបញ្ឈប់ការតវ៉ាឡើយ ទោះជាស្ថានទូតរុស្ស៊ីនៅភ្នំពេញ មិនអើពើចំពោះសកម្មភាពនេះក្ដី។ អ្នកស្រីបានកំណត់យកថ្ងៃពុធជារៀងរាល់សប្ដាហ៍ ដើម្បីប្រមូលផ្តុំគ្នាតវ៉ានៅមុខស្ថានទូតរុស្ស៊ី រហូតទាល់តែមានយុត្តិធម៌សម្រាប់ស្វាមីអ្នកស្រី៖ «ការឃុំខ្លួនប្តីខ្ញុំដែលជាអ្នកបកប្រែឱ្យកាសែតរុស្ស៊ីនេះ វាបង្ហាញឱ្យឃើញថា ជាការវាយប្រហារធ្ងន់ធ្ងររបស់រដ្ឋាភិបាលកម្ពុជាទៅកាន់កាសែតអន្តរជាតិ ជាពិសេសគឺ RT ហ្នឹង។ អ៊ីចឹងហើយបានជាពួកខ្ញុំនៅតែបន្តធ្វើការតស៊ូ ឬប្រមូលផ្តុំនៅខាងមុខស្ថានទូតរុស្ស៊ីប្រចាំក្រុងភ្នំពេញ ដើម្បីឱ្យពួកគេបានដឹងថា ដរាបណាមិនមានយុត្តិធម៌សម្រាប់ប្តីខ្ញុំ គឺពួកខ្ញុំមិនបញ្ឈប់ មិនបោះបង់ការតស៊ូរបស់ពួកខ្ញុំទេ ដើម្បីទាមទារឱ្យរុស្ស៊ីហ្នឹងធ្វើការងាររបស់ខ្លួន ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលរុស្ស៊ី»។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានរងការចោទប្រកាន់ពីបទ “ញុះញង់ឱ្យមានការរើសអើង” ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ប្រសិនបើតុលាការសម្រេចឱ្យលោកមានទោស។ អាជ្ញាធររបបក្រុងភ្នំពេញបានចោទសកម្មជនសិទ្ធិការងាររូបនេះ ថាបានឱ្យលុយប្រភព ដើម្បីនិយាយប្រឌិតសាច់រឿងក្នុងភាពយន្តឯកសារជួញដូរផ្លូវភេទ ដែលមានចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ដែលលោកបានជួយផលិតឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ការតវ៉ានៅមុខស្ថានទូតរុស្ស៊ីនេះ គឺជាសិទ្ធិសេរីភាពរបស់ក្រុមគ្រួសារលោក រ៉ាត់ រត្នមុនី ក៏ប៉ុន្តែនេះមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ក្នុងការជួយសកម្មជនសិទ្ធិការងាររូបនេះឱ្យរួចផុតពីបញ្ហាផ្លូវច្បាប់បានឡើយ។ លោកបន្តថា ទោះបីជាមានជំនឿ ឬគ្មានជំនឿលើតុលាការក្តី ក្រុមគ្រួសារគួរប្រឹងប្រែងបន្ថែមទៀតក្នុងការស្វែងរកភស្តុតាងដោះបន្ទុកលោក រ៉ាត់ រត្នមុនី៖ «មធ្យោបាយដែលអាចជួយគ្រួសាររបស់គាត់បានហ្នឹង មិនមែនតាមរយៈមធ្យោបាយតវ៉ា ធ្វើបាតុកម្មនៅមុខស្ថានទូតទេ អាហ្នឹងមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ទេ។ មធ្យោបាយតាមផ្លូវច្បាប់ គឺមានការចូលរួមក្នុងដំណើរការនីតិវិធីតុលាការ បង្ហាញទឡ្ហីករណ៍រឹងមាំ ភស្តុតាង សក្ខីកម្មរឹងមាំ ដើម្បីបង្ហាញថា យើងមិនមានភាពពិរុទ្ធដូចបទចោទ»។
អ្នកស្រី ឡុង គីមហ៊ាង អះអាងថា អ្នកស្រីបានផ្តល់ភស្តុតាងដោះបន្ទុកជាច្រើនតាមរយៈមេធាវីរួចហើយ ក៏ប៉ុន្តែតុលាការហាក់មិនយកចិត្តទុកដាក់នឹងភស្តុតាងទាំងនោះឡើយ ហើយនៅតែឃុំឃាំងស្វាមីអ្នកស្រីតទៅទៀត៖ «ការផលិតភាពយន្តឯកសារដែលប្តីខ្ញុំជួយបកប្រែឱ្យកាសែតរុស្ស៊ីនេះ គឺមានច្បាប់ ស្នើសុំត្រឹមត្រូវ ហើយឯកសារទាំងអស់គឺមាន ហើយខ្ញុំបានប្រគល់ឱ្យមេធាវីហើយ។ បើដូចមន្ត្រីក្រសួងយុត្តិធម៌អះអាងមែននោះ ប្តីខ្ញុំគួរតែត្រូវបានដោះលែងហើយ ប៉ុន្តែរហូតមកដល់ពេលនេះ គេអត់ដោះលែងប្តីខ្ញុំផងហ្នឹង។ អ៊ីចឹងខ្ញុំអត់ជឿលើពួកគេទេ លើការអះអាងរបស់មន្ត្រីក្រសួងយុត្តិធម៌ទេ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា កត់សម្គាល់ថា ពាក់ព័ន្ធនឹងអ្នកទោសមនសិការ តុលាការច្រើនតែអូសបន្លាយសំណុំរឿង និងអនុវត្តនីតិវិធីឃុំខ្លួនបណ្ដោះអាសន្នរយៈពេលវែង។ លោកបន្តថា ប្រសិនបើចង់រកខុសត្រូវរឿងនេះ អាជ្ញាធរកម្ពុជាគួរតែចោទប្រកាន់ខាងកាសែត RT ទៅវិញទេ ទើបជារឿងត្រឹមត្រូវ មិនគួរចាត់ការលោក រ៉ាត់ រត្នមុនី ដែលត្រឹមតែជាអ្នកបកប្រែ និងសម្របសម្រួលការថតភាពយន្តឯកសារនោះឡើយ៖ «ចេះតែឃុំខ្លួនគេអ៊ីចឹងទៅ ដោយអត់គិតពីសេរីភាពរបស់បុគ្គលទេ អ៊ីចឹងហើយយើងឃើញថា ការស៊ើបអង្កេតនេះវាគួរតែពន្លឿនឱ្យបានឆាប់។ បើស៊ើបអង្កេត វាអត់មានភស្តុតាងដាក់បន្ទុកស្របតាមការចោទប្រកាន់ហ្នឹងទេ គួរតែមានការទម្លាក់បទចោទប្រកាន់ ហើយដោះលែងគេឱ្យមានសេរីភាពទៅ ដើម្បីឱ្យមានការជួបជុំគ្រួសារ និងបានបន្តកិច្ចការជួយដល់សង្គមជាតិ»។
គិតត្រឹមថ្ងៃទី១៣ កុម្ភៈ សកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេល ២ ខែមកហើយ។ ទាំងរូបលោក និងក្រុមគ្រួសារ កំពុងរង់ចាំការសម្រេចពីតុលាការកំពូលជុំវិញសំណើសុំនៅក្រៅឃុំ បន្ទាប់ពីបានដាក់បណ្ដឹងសារទុក្ខទៅតុលាការកំពូលកាលពីសប្ដាហ៍មុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
