ក្រុមអ្នករៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលភាគច្រើនជាស្ត្រី ត្រូវបរាជ័យជាថ្មីទៀតក្នុងការជួបជុំគ្នា ដើម្បីទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរងនៃ គ.ជ.ប ម្នាក់ទៀត។
តំណាងសហគមន៍ដីធ្លីនៅតំបន់ថ្មគោល លោកស្រី ច្រាយ នីម ឲ្យដឹងនៅថ្ងៃទី៣០ ឧសភា ថា យុទ្ធនាការដែលគ្រោងថានឹងជួបជុំគ្នានៅខាងមុខពន្ធនាគារព្រៃសនោះ គឺត្រូវខកខានទៅវិញ ដោយសារត្រូវអាជ្ញាធរទប់ស្កាត់។ លោកស្រីបន្តថា រដ្ឋាភិបាលគួរហ៊ានបើកចិត្តឲ្យបានទូលាយ និងមិនត្រូវខ្លាចពលរដ្ឋ ដែលគ្រាន់តែសម្ដែងមតិដើម្បីទាមទារសិទ្ធិសេរីភាពស្របទៅតាមច្បាប់ឡើយ។ លោកស្រីបន្តថា « សូមឲ្យរាជរដ្ឋាភិបាលហ្នឹង កុំខ្លាចរឿងពាក់អាវខ្មៅហ្នឹង ឲ្យតែលែង គឺយើងឈប់ហើយ ហើយកុំខ្លាចរឿងអាវខ្មៅ អ្វីដែលគាត់ខ្លាចហ្នឹង គឺខ្លួនគាត់ធ្វើខុសច្រើន។ ការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ។ ចាប់មនុស្សល្អ ចាប់មនុស្សដែលជួយសង្គមជាតិ បែរយកទៅដាក់គុក ហើយអ្នកដែលធ្វើខុសនឹងច្បាប់ មន្ត្រីពុករលួយ ជនរត់គ្រឿងញៀន ចោរឆក់ចោរប្លន់ចាប់លែងៗ។ យើងមើលឃើញហើយអ្នកដែលប្រព្រឹត្តខុសហ្នឹង គឺសុទ្ធតែមន្ត្រីបក្ខពួកខ្លួនឯងធំៗតែម្ដង »។
លោកស្រីបន្តថា តាមការគ្រោងទុក អ្នកចូលរួមរៀបចំយុទ្ធនាការសម្រាប់ថ្ងៃច័ន្ទពណ៌ខ្មៅនេះប្រមាណ ៣០នាក់មកពី ៣សហគមន៍ខុសៗគ្នា រួមមាន សហគមន៍ថ្មគោល សហគមន៍អតីតបឹងកក់ និងសហគមន៍បុរីកីឡា។ ប៉ុន្តែចំនួននេះបានថយចុះមកនៅត្រឹម ២០នាក់វិញ ដោយសារបម្រាមរបស់អាជ្ញាធរ និងការរឹតបន្តឹងសន្តិសុខ។
បើទោះបីជាបែបណា អ្នកចូលរួមបានជម្នះបន្តដំណើរចេញពីគោលដៅ ត្រង់រង្វង់មូលចោមចៅ ឆ្ពោះទៅកាន់ពន្ធនាគារព្រៃស តាមផ្លូវជាតិលេខ៣ បាន ១គីឡូម៉ែត្រ មុននឹងពួកគេត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប។
លោកស្រី ច្រាយ នីម បញ្ជាក់ជំហរថា ពួកគាត់នៅតែធ្វើយុទ្ធនាការនេះបន្តទៀត នៅរៀងរាល់ថ្ងៃច័ន្ទ ប្រសិនបើពុំមានការដោះលែងអ្នកទាំង ៥រូបទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
