លោក សួន ប៊ុនស័ក្តិ អគ្គលេខាធិការនៃអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) បានដាក់ពាក្យលាឈប់ពីការងារហើយ។ គណៈដឹកនាំអង្គការច្រាក់ ឲ្យដឹងថា ការសម្រេចរបស់លោក សួន ប៊ុនស័ក្តិ បែបនេះ ព្រោះលោក សួន ប៊ុនស័ក្តិ ហត់នឿយនឹងការងារ និងមានព័ត៌មានចុះផ្សាយទាក់ទងភាពមិនប្រក្រតីរឿងលុយកាក់ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក។
គណៈកម្មការដឹកនាំនៃអង្គការច្រាក់ យល់ព្រមទទួលយកពាក្យលាឈប់ពីការងារ នៅថ្ងៃទី៦ ខែកញ្ញា បន្ទាប់ពីលោក សួន ប៊ុនស័ក្តិ បានដាក់ពាក្យលាឈប់កាលពីថ្ងៃទី២ ខែកញ្ញា។
ទាក់ទងនឹងការលាឈប់នេះ កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេស រាយការណ៍នៅថ្ងៃទី៦ កញ្ញា ថា លោក ប៊ៀលលី តៃ (Billy Tai) ទីប្រឹក្សានៃអង្គការច្រាក់ បានទទួលសារពីលោក សួន ប៊ុនស័ក្តិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ដោយសរសេរថា លោក សួន ប៊ុនស័ក្តិ សុំប្រាក់ចំនួន ១.៥០០ដុល្លារពីលោក ប៊ៀលលី តៃ ជាថ្នូរនឹងការអនុញ្ញាតឲ្យធ្វើការងារបន្តជាទីប្រឹក្សានៅអង្គការច្រាក់។
ប៉ុន្តែលោក សួន ប៊ុនស័ក្តិ ច្រានចោលការចោទប្រកាន់នេះ។ លោកថា ការលាឈប់របស់លោក ព្រោះចង់ដូរការងារថ្មី។ ទាក់ទងការចោទប្រកាន់រឿងលុយកាក់ ត្រូវបានលោក សួន ប៊ុនស័ក្តិ ពន្យល់ថា គឺជាការចរចារវាងលោក និងសហការីរបស់លោក ដើម្បីផ្តល់ថវិកាចំនួន ១.០០០ដុល្លារ មិនមែនលុយ ១.៥០០ដុល្លារដូចការចោទប្រកាន់ទេ ដើម្បីដកពីថវិកាគម្រោងដាក់ទៅជាថវិការដ្ឋបាលវិញ៖ «មូលហេតុដែលខ្ញុំលាឈប់ ខ្ញុំយល់ថា ខ្ញុំបម្រើការងារជាច្រើនឆ្នាំមកហើយ ខ្ញុំចង់ដូរការងារហើយ។ លុយហ្នឹងជាអ្វីដែលខ្ញុំឲ្យអតីតបុគ្គលិករបស់ខ្ញុំកាត់ចេញពីគម្រោងដើម្បីដាក់ទៅរដ្ឋបាលរបស់អង្គការ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង និងជាសមាជិកគណៈកម្មការដឹកនាំអង្គការច្រាក់ ឲ្យអាស៊ីសេរី ដឹងថា លោក និងសមាជិកក្រុមប្រឹក្សាភិបាលផ្សេងទៀត អង្កេតលើឯកសារពាក់ព័ន្ធ រកមិនឃើញថា លោក សួន ប៊ុនស័ក្តិ យកលុយដែលចោទប្រកាន់ទេ។ លោកថា ក្រុមលោកបានពិនិត្យមើលឯកសារ និងសារអេឡិចត្រូនិក ឬអ៊ីមែលរបស់លោក សួន ប៊ុនស័ក្តិ ឃើញថា ការស្នើថវិកានេះដើម្បីយកទៅបម្រើការងារនៅក្នុងអង្គការច្រាក់៖ «យើងបានអង្កេតទៀត មិនមែនត្រឹមតែប្រជុំទេ ដើម្បីផ្ទៀងផ្ទាត់ឲ្យច្បាស់លាស់ លុយ ១.០០០ដុល្លារគេបញ្ជាក់ថា សម្រាប់ចាយវាយនៅក្នុងច្រាក់ (CHRAC)»។
លោក យង់ គិមអេង ថាការចោទប្រកាន់លើលោក សួន ប៊ុនស័ក្តិ គឺជារឿងអយុត្តិធម៌ចំពោះលោក សួន ប៊ុនស័ក្តិ។ បើតាមលោក យង់ គិមអេង ថាទោះបីជាលោក សួន ប៊ុនស័ក្តិ លាឈប់ពីការងារមែនហើយក្ដី ប៉ុន្តែលោកនៅតែបន្តជួយការងារនៅអង្គការច្រាក់ សិន ទម្រាំផ្ទេរឯកសារពាក់ព័ន្ធចប់សព្វគ្រប់ ដែលត្រូវអូសបន្លាយដល់ខែវិច្ឆិកា ហើយអង្គការច្រាក់ នឹងប្រកាសជាសាធារណៈដើម្បីជ្រើសរើសអគ្គលេខាធិការថ្មី។ លោក សួន ប៊ុនស័ក្តិ បានចូលបម្រើការងារអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) កាលពីឆ្នាំ២០០៦។ លោកថា លោក សួន ប៊ុនស័ក្ដិ អាចនឹងបម្រើការងារថ្មីទាក់ទងវិស័យច្បាប់ និងសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
