"របបក្រុងភ្នំពេញនឹងគ្មានសង្ឃឹមទទួលបានជំនួយពីរដ្ឋាភិបាលស៊ុយអែតបន្តទៀតឡើយ"
2018.05.24
អ្នកវិភាគមើលឃើញថា ស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ ដូចពេលបច្ចុប្បន្ននេះ នឹងមិនអាចបន្ទន់ចិត្តឲ្យរដ្ឋាភិបាលស៊ុយអែត ប្ដូរចិត្តមកបន្តផ្ដល់ជំនួយ ដល់របបលោក ហ៊ុន សែន តទៅទៀតនោះទេ។ ប៉ុន្តែ មន្ត្រីបក្សកាន់អំណាច អះអាងថា ស្ថានភាពនយោបាយខ្មែរមិនអាក្រក់នោះទេ និងស្នើកុំអាលវាយតម្លៃសភាពការណ៍ទុកមុនដូច្នេះ ត្រូវរង់ចាំមើលបន្តិចសិន។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា រដ្ឋាភិបាលស៊ុយអែត ច្បាស់ជាមិនបន្តផ្តល់ជំនួយដល់របបលោក ហ៊ុន សែន ក្នុងស្ថានភាពនយោបាយអាក្រក់បែបនេះនោះឡើយ។ ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២៤ ខែឧសភានេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ការណ៍ដែលលោកហ៊ាននិយាយថា រដ្ឋាភិបាលស៊ុយអែត នឹងមិនប្ដូរចិត្ត រឿងឈប់ផ្តល់ជំនួយដល់កម្ពុជានេះ គឺមកពីរបបលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងស្របច្បាប់ ដែលមានអាសនៈក្នុងរដ្ឋសភា។
ការលើកឡើងបែបនេះ គឺស្របពេលដែលមន្ត្រីជាន់ខ្ពស់ការបរទេសស៊ុយអែត កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ អំពីស្ថានការណ៍នយោបាយបច្ចុប្បន្ន។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតស៊ុយអែត ប្រចាំនៅកម្ពុជា បានបង្ហោះវីដេអូឃ្លីបមួយ នៅថ្ងៃទី២៤ ខែឧសភានេះ អំពីវត្តមានរបស់អគ្គនាយកទទួលបន្ទុកកិច្ចសហការអភិវឌ្ឍអន្តរជាតិ នៃក្រសួងការបរទេសស៊ុយអែត លោក ចូហាណេស អូលីលុន (Johannes Oljelund) ដែលបានធ្វើដំណើរទៅដល់ប្រទេសកម្ពុជា នៅថ្ងៃនេះ។ លោក ចូហាណេស អូលីលុន បញ្ជាក់ថា ការចុះទៅប្រទេសកម្ពុជានេះ គឺដើម្បីស្វែងយល់ អំពីការវិវត្តផ្នែកនយោបាយនៅកម្ពុជា និងពិនិត្យមើលគោលនយោបាយផ្នែកអភិវឌ្ឍរបស់រដ្ឋាភិបាលស៊ុយអែត។ លោកអះអាងថា នេះជាដំណាក់កាល ដែលរដ្ឋាភិបាលស៊ុយអែត ត្រូវពិនិត្យមើលឡើងវិញ នូវគោលនយោបាយអភិវឌ្ឍរបស់ស៊ុយអែត និងថាតើយើងត្រូវបន្តជួយកម្ពុជា តទៅទៀតឬយ៉ាងណា ក្រោយដំណាក់កាលយុទ្ធសាស្ត្រក្នុងការផ្ដល់ជំនួយនេះ ត្រូវបញ្ចប់នៅឆ្នាំនេះ៖ «ទស្សនកិច្ចនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់រដ្ឋាភិបាលស៊ុយអែត ក្នុងការពិចារណា ថាតើត្រូវបន្តចូលរួមឲ្យបានស៊ីជម្រៅ យ៉ាងដូចម្ដេចតទៅទៀត ក្នុងប្រទេសកម្ពុជា ព្រោះមានមូលហេតុជាច្រើន ដែលយើងព្រួយបារម្ភ អំពីស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជានេះ។ រឿងនេះ យើងត្រូវយកចិត្តទុកដាក់ យ៉ាងប្រយ័ត្នប្រយែងបំផុត។ យើងចង់បន្តជួយដល់សង្គមកម្ពុជា រួមមានជំនួយដល់អង្គការសង្គមស៊ីវិល និងតួអង្គដែលជួយកិច្ចការសង្គមដទៃទៀត»។
រដ្ឋាភិបាលស៊ុយអែត កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បានសម្រេចផ្ដាច់ជំនួយមួយចំនួន ដែលធ្លាប់ផ្ដល់ឲ្យប្រទេសកម្ពុជា ដោយសារមិនពេញចិត្ត ទៅនឹងចំណាត់ការរបស់របបលោក ហ៊ុន សែន ដែលបំបិទសំឡេងប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សាយឯករាជ្យ។ ជំនួយដែលប្រទេសស៊ុយអែត កាត់ផ្ដាច់ទាំងនោះ គឺទុកតែជំនួយផ្នែកវិស័យអប់រំ និងស្រាវជ្រាវប៉ុណ្ណោះ។ រដ្ឋាភិបាលស៊ុយអែត ចាត់ទុកចំណាត់ការរបស់របបលោក ហ៊ុន សែន ថាជាការដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហេតុដូច្នេះហើយទើបប្រទេសស៊ុយអែត មិនអាចបន្តជំនួយផ្នែកការកែទម្រង់ផ្នែកវិមជ្ឈការ ក្នុងស្ថានភាពបែបនេះនោះឡើយ។
តាំងពីពេលដាក់ទណ្ឌកម្មដំបូងមក មានរយៈពេលពេលជាង ៥ខែហើយ និងដល់ពេលឆ្នាំសារពើពន្ធ ដែលរដ្ឋាភិបាលស៊ុយអែត ត្រូវពិនិត្យឡើងវិញ ថាតើត្រូវបន្តជំនួយ ឬត្រូវបន្តផ្តាច់ជំនួយផ្នែកនេះតទៅទៀត។
ទោះបីពេលវេលាកន្លងផុតទៅ ជិតកន្លះឆ្នាំទៅហើយក្តី ក៏ស្ថានការណ៍រំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យបច្ចុប្បន្ន គ្មានភាពប្រសើរឡើងនោះឡើយ។ មិនតែប៉ុណ្ណោះ វារឹតតែអាក្រក់ ថែមទៀត ដោយសារតែគណបក្សសង្គ្រោះជាតិ ត្រូវបានផាត់ចេញពីបញ្ជីឈ្មោះគណបក្សនយោបាយទាំង២០ ដែលទទួលស្គាល់ដោយគ.ជ.ប សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតជាតិ នាខែកក្កដា ខាងមុខនេះ។
ប៉ុន្តែមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា សុខ ឥសាន មើលមិនឃើញថា ស្ថានការណ៍នយោបាយស្រុកខ្មែរបច្ចុប្បន្ន អាក្រក់ដូចអ្នកដទៃមើលឃើញនោះទេ។ លោក សុខ ឥសាន ថាកម្ពុជាស្វាគមន៍មន្ត្រីការបរទេសស៊ុយអែត ក្នុងការចុះមកពិនិត្យស្ថានភាពជាក់ស្ដែង ដោយខ្លួនឯងផ្ទាល់ ដើម្បីងាយស្រាយស្រួល ក្នុងការវាយតម្លៃសភាពការណ៍ពិត ដោយលោកអះអាងថាល្អ។ ទោះជាយ៉ាងនេះក្តីលោក សុខ ឥសាន មិនទាន់ហ៊ានថាស៊ុយអែត នឹងបន្តជំនួយដល់កម្ពុជាទៀត ឬយ៉ាងណានោះដែរ ដោយទុកអ៊ុតមើល ក្រោយចប់ទស្សនកិច្ចរបស់មន្ត្រីស៊ុយអែតរូបនេះ៖ «យើងមិនអាចនឹងសន្និដ្ឋាន សម្រេចចិត្តជំនួសម្ចាស់បានទេ។ យើងទុកឲ្យគាត់សម្រេចចិត្ត និងវាយតម្លៃយ៉ាងណា បន្ទាប់ពីគាត់បានមកពិនិត្យសភាពការណ៍ជាក់ស្ដែងនៅកម្ពុជា ព្រោះសភាពការណ៍នៅកម្ពុជានេះ យើងមិនមានអ្វីជាការលាក់បាំង ឬបំបិទដោយប្រការណាមួយនោះឡើយ»។
គ្រាន់តែរយៈពេលជាងប្រាំឆ្នាំចុងក្រោយនេះ ពោលគឺនៅមុនប្រកាសផ្ដាច់ជំនួយ ប្រទេសស៊ុយអែត បានផ្តល់ជំនួយដល់កម្ពុជា គិតជាទឹកប្រាក់ប្រមាណ ១០០ លានដុល្លារ។ ប៉ុន្តែ ប្រទេសស៊ុយអែត មានភាពសកម្មក្នុងការដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ។ កាលពីខែមីនា កន្លងទៅនេះ ប្រទេសស៊ុយអែត បានចូលរួមជាមួយប្រទេស ៤៤ ផ្សេងទៀត ដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ថ្កោលទោសរបបក្រុងភ្នំពេញ រឿងរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះដែរ៕