អង្គការ​យូនីសេហ្វ (UNICEF) ថា កុមារ​គ្រប់រូប​មិន​ត្រូវ​ប្រឈម​នឹង​អំពើ​ទារុណកម្ម ឬ​លក្ខខណ្ឌ​នៃ​ការ​ឃុំឃាំង​បែប​អមនុស្សធម៌​ឡើយ

0:00 / 0:00

ពាក់ព័ន្ធ​នឹង​ករណី​ចាប់ និង​ឃុំខ្លួន​កុមារា កាក់ សុវណ្ណច្ឆ័យ យក​ទៅ​សាកសួរ​រយៈពេល​ពីរ​ថ្ងៃ​មុន​នឹង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​កាលពី​ដើម​ខែតុលា​នេះ ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​យូនីសេហ្វ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កុមារ អ្នកស្រី រូឌីណា វ៉ូចវ៉ូដា (Rudina Vojvoda) ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ថា កុមារ​គ្រប់រូប​មិន​ត្រូវ​ប្រឈម​នឹង​អំពើ​ទារុណកម្ម ឬ​លក្ខខណ្ឌ​នៃ​ការ​ឃុំឃាំង​បែប​អមនុស្សធម៌​ឡើយ។ អ្នកស្រី​​ពន្យល់​ថា ការ​ឃុំ​ខ្លួន​កុមារ មានន័យ​ថា ជា​ការ​ដក​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ ហើយ​អាច​បំផ្លាញ​ដល់​សុខភាព និង​ការអភិវឌ្ឍន៍​របស់​កុមារ។ អ្នកស្រី​បន្តថា ផលវិបាក​នៃ​ទង្វើ​នេះ ធ្វើ​ឲ្យ​កុមារ​បាត់បង់​កុមារភាព​របស់​ពួកគេ ហើយ​អាច​បន្សល់​ទុក​នូវ​ស្លាកស្នាម​ជ្រាលជ្រៅ​នៅ​ក្នុង​ជីវិត​របស់​កុមារ និង​ប៉ះពាល់​ដល់​គ្រួសារ និង​សង្គម​ទាំងមូល។

កុមារា កាក់ សុវណ្ណច្ឆ័យ គឺ​ជា​កូនប្រុស​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក កាក់ កុម្ភារ ដែល​កំពុង​ជាប់ឃុំ។ កុមារា​រូប​នេះ​ មាន​ជំងឺ​អូទីហ្សឹម​ពី​កំណើត ត្រូវ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល ២ថ្ងៃ​កាលពី​ដើម​ខែ​តុលា​នេះ ដោយសារតែ​បាន​ចូល​ទៅ​ប្រមូល​ទង់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នេះ។ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់​កុមារា​រូប​នេះ ដាក់ខ្នោះ រួច​ថតរូប​កុមារា​រូប​នេះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត កុមារា​រូប​នេះ ប្រាប់​អាស៊ី​សេរី​ក្រោយ​ពេល​ដោះ​លែង​ថា មន្ត្រី​ប៉ូលិស​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់អង្រែលើ បាន​វាយ​ដុំ​លើ​ខ្លួន​ប្រាណ និង​ដាល់​ផ្ទៃមុខ​ខ្លួន​ជា​ច្រើន​ដៃ​ក្នុង​ពេល​ឃុំខ្លួន និង​បាន​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​សារភាព ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

មាត្រា​៣៧ នៃ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ១៩៩២ ចែងថា គ្មាន​កុមារ​ណា​ម្នាក់​ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ដោយ​ខុស​ច្បាប់ ឬ​តាម​អំពើ​ចិត្ត​ឡើយ។ មាត្រា​ដដែល​ចែង​បន្ត​ថា ការ​ចាប់​ខ្លួន ការ​ឃុំឃាំង ឬ​ការ​ចាប់​កុមារ​ដាក់​ពន្ធនាគារ ត្រូវ​អនុលោម​តាមច្បាប់ ហើយ​ត្រូវ​ប្រើប្រាស់​តែ​ក្នុង​វិធានការ​ចុង​ក្រោយ និង​ក្នុង​រយៈ​ពេល​ខ្លី​បំផុត។ ការ​ចាប់​ឃុំខ្លួន​កុមារ កាក់ សុវណ្ណច្ឆ័យ នេះ រង​នូវ​ការ​ថ្កោលទោស និង​រិះគន់​ពី​សំណាក់​មន្ត្រី​សិទ្ធិ​មនុស្ស ថា​ជា​ទង្វើ​ខុសច្បាប់ និង​ជា​ការ​គំរាម​កំហែង​បំបិទ​សិទ្ធិ​សេរីភាព​របស់​កុមារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។