ពលរដ្ឋវៀតណាម រស់នៅមាត់ទន្លេមេគង្គ និងទន្លេសេកុង ក្រុងស្ទឹងត្រែង ខែត្រស្ទឹងត្រែង នៅពុំទាន់ត្រៀមលក្ខណៈរុះរើលំនៅឋានស្របតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរនៅឡើយទេ ដោយសារពួកគេភាគច្រើនមានជីវភាពក្រីក្រ និងគ្មានប្រាក់រុះរើ។ ពួកគេទទូចឲ្យអភិបាលខែត្រស្ទឹងត្រែង លោក ម៉ុម សារឿន គិតគូររៀបចំលំនៅឋានថ្មី និងដីសម្បទានសង្គមកិច្ចនៅតំបន់ណាឲ្យពួកគេរស់នៅបានសមរម្យ មានអគ្គិសនី និងទឹកប្រើប្រាស់គ្រប់គ្រាន់។
ពលរដ្ឋវៀតណាម និងមួយចំនួនតូចជាពលរដ្ឋខ្មែរ ហាក់កំពុងស្ទាក់ស្ទើរសម្រេចចិត្តរុះរើលំនៅឋានតាមសំណើអាជ្ញាធរក្រុងស្ទឹងត្រែង ដោយសារតំបន់នោះបានក្លាយជាទម្លាប់ពួកគេរស់នៅច្រើនឆ្នាំទៅហើយ។ ពួកគេភាគច្រើន ប្រកបមុខរបរនេសាទត្រី ធ្វើអាជីវកម្មឈើប្រណិត និងកែច្នៃគ្រឿងសង្ហារិម។
ជនជាតិវៀតណាម រស់នៅតាមទន្លេនៃភូមិបាចុង សង្កាត់ព្រះបាទ គឺលោកស្រី ចាំង ធីសាម ឲ្យដឹងនៅថ្ងៃទី៨ កុម្ភៈ ថា លោកស្រីពុំជំទាស់វិធានការរបស់អាជ្ញាធរនោះទេ តែលោកស្រីពុំមានប្រាក់គ្រប់គ្រាន់រុះរើផ្ទះទៅតាំងទីលំនៅថ្មីនោះឡើយ។ លោកស្រីថា អាជ្ញាធរក្រុងនៅពុំទាន់ជូនដំណឹងផ្តល់ដីសម្បទានសង្គមកិច្ច ដើម្បីឲ្យពួកគាត់កក់ក្តៅនៅឡើយ។ លោកស្រីបញ្ជាក់ថា ពួកគេមិនអាចរស់នៅតំបន់ដាច់ស្រយាលបានទេ ព្រោះលំបាករកស៊ី ហើយការដែលរស់នៅតាមមាត់ទន្លេងាយស្រួលនេសាទចិញ្ចឹមជីវិត ជាដើម៖ « បើគេព្រមឲ្យយើងមានភ្លើង ទឹកគ្រប់គ្រាន់ កន្លែងណាក៏ទៅដែរ បើថាដូចមុនដេញទទេៗ មិនដឹង នៅណាទេ។ បើយើងលើកទៅ គេឲ្យលុយបន្តិចបន្តួចក៏បានដែរ »។
ពលរដ្ឋវៀតណាម ម្នាក់ទៀតដែលកំពុងធ្វើអាជីវកម្មឈើប្រណិតក្រោមផ្ទះជិតមាត់ទន្លេ នៃសង្កាត់ព្រះបាទ លោក ស្វាយ ចាន់ខាត់ណា លើកឡើងថា លោកពុំទាន់ទទួលបានសេចក្តីជូនដំណឹងស្ដីពីការជម្លៀសចេញពីលំនៅឋាននៅឡើយទេ។ លោកបញ្ជាក់ថា គ្រួសារលោកផ្ដើមរស់នៅមាត់ទន្លេជាង ២០ឆ្នាំមកហើយ និងចាប់យកអាជីពកែច្នៃគ្រឿងសង្ហារិម៖ « កាលខ្ញុំនៅកំលោះ រហូតដល់មានប្រពន្ធកូន គឺខ្ញុំស៊ីអាហ្នឹង ( ធ្វើអាជីវកម្ម ឈើប្រណិត ) ។ ប្រជាជនក្នុងភូមិរកឈើមកជួលខ្ញុំធ្វើ គឺខ្ញុំ ធ្វើ គេ ថាអត់គឺអត់ៗ មិនដែល រកស៊ី អីផង »។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង ដើម្បីសុំការបំភ្លឺករណីនេះបានទេនៅថ្ងៃទី៨ កុម្ភៈ ព្រោះទូរស័ព្ទហៅចូលគ្មានអ្នកទទួល។ តែលោកធ្លាប់បញ្ជាក់ថា រដ្ឋបាលខែត្រស្ទឹងត្រែង បានបង្កើតគណៈកម្មការដើម្បីដោះស្រាយបញ្ហានេះ បន្ទាប់ពីអាជ្ញាធរបានស្រង់ទិន្នន័យ និងផ្ទៀងផ្ទាត់ធ្វើបច្ចុប្បន្នភាពឡើងវិញ ហើយគ្រោងប្រជុំផ្សព្វផ្សាយឲ្យពលរដ្ឋរុះរើចេញពីដីចំណីទន្លេនេះ។ លើសពីនេះ អាជ្ញាធរគ្រោងជូនដំណឹងឲ្យពលរដ្ឋជ្រើសរើសដីសម្បទានសង្គមកិច្ចសម្រាប់ឲ្យពលរដ្ឋផ្លាស់ប្ដូរលំនៅឋាន ទៅរស់នៅទីតាំងថ្មីឲ្យបានសមរម្យ៖ « យើងនឹងប្រាប់ពីទីតាំង ដែលគាត់នឹង អាចធ្វើ ការជ្រើសរើស យកដីសង្គមកិច្ច »។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ អាជ្ញាធរក្រុងស្ទឹងត្រែង បានជូនដំណឹងឲ្យពលរដ្ឋរស់នៅតាមដងទន្លេសេកុង និងទន្លេមេគង្គ រុះរើសំណង់លំនៅឋានដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សោភ័ណភាពបរិស្ថានល្អ ដើម្បីត្រៀមប្រារព្ធពិធីបុណ្យទន្លេនៅខែមីនា ឆ្នាំ២០១៧ ខាងមុខ ហើយករណីពលរដ្ឋមិនអនុវត្តសេចក្តីជូនដំណឹងនេះ អាជ្ញាធរក្រុងនឹងសហការជាមួយអង្គភាពពាក់ព័ន្ធ ចាត់វិធានការរដ្ឋបាល។
មន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ ពន្យល់ថា ទីតាំងមាត់ទន្លេ និងលើផ្ទៃទឹកទន្លេ គឺជាសម្បត្តិសាធារណៈមិនអាចមានមនុស្សមួយក្រុមរស់នៅជាកម្មសិទ្ធិឯកជនបានទេ។ បញ្ហានេះ ដើម្បីធានាសុវត្ថិភាពបរិស្ថានធម្មជាតិ ទន្លេ និងគុណភាពទឹក អាជ្ញាធររដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដោះស្រាយករណីនេះ ឈរលើស្មារតីទទួលខុសត្រូវ គោរពសិទ្ធិមនុស្ស និងជីវភាពរស់នៅរបស់ពលរដ្ឋ។ លោកចាត់ទុកវិធានការជម្លៀសពលរដ្ឋរស់នៅតាមច្រាំងទន្លេចេញ ថាជាការកែលំអបរិស្ថានស្អាត ក៏ប៉ុន្តែបើការបណ្ដេញចេញនោះធ្វើឡើងពុំផ្តល់ដីសម្បទានសង្គមកិច្ច គឺជាកំហុសរបស់អាជ្ញាធរ ហើយអាចនឹងផ្ទុះការតវ៉ា៖ « ជាការ ល្អណាស់ បើ គាត់រក កន្លែង ណាមួយ ឲ្យគាត់រស់នៅ ផុតពី ទឹក តាម គោលនយោបាយ ណាមួយ សមរម្យ ហើយ បើជនជាតិ បរទេសរស់នៅ ខុសច្បាប់ ហ្នឹង គឺយើងអនុវត្តច្បាប់អន្តោប្រវេសន៍របស់យើងទៅ។ ការតាំងទីលំនៅលើទឹក គឺបណ្ដាឲ្យទឹកខូចបង្កជំងឺឆ្លង »។
របាយការណ៍របស់អាជ្ញាធរក្រុងស្ទឹងត្រែង កាលពីឆ្នាំ២០១៦ ឲ្យដឹងថា ពលរដ្ឋរស់នៅតាមច្រាំងទន្លេ និងលើផ្ទៃទឹកក្នុងក្រុងស្ទឹងត្រែង មានចំនួនជាង ៣០០គ្រួសារ ដែលក្នុងនោះមានពលរដ្ឋខ្មែរជាង ៣០ភាគរយ។ អាជ្ញាធរគ្រោងជម្លៀសជនជាតិវៀតណាម ទាំងនោះទៅទីតាំងថ្មីនៅគីឡូម៉ែត្រលេខ១៤ ផ្លូវជាតិលេខ៧ ឋិតនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ផ្លូវទៅប្រទេសឡាវ។ មកទល់ពេលនេះ ជនជាតិវៀតណាម ទាំងនោះបានរុះរើចេញពីមាត់ទន្លេចំនួន ២គ្រួសារហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
