សង្គមស៊ីវិលទាមទារឱ្យស៊ើបអង្កេតករណីស្លាប់កូនសកម្មជនបក្សប្រឆាំងនៅក្នុងពន្ធនាគារខេត្តកំពង់ចាម
2019.05.02

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សទាមទារឱ្យអាជ្ញាធររបបក្រុងភ្នំពេញបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតលើជនរងគ្រោះម្នាក់ បានស្លាប់នៅក្នុងពន្ធនាគារដោយសារតែនៅលើសាកសពជនរងគ្រោះមានស្នាមធ្វើទារុណកម្មជាច្រើនកន្លែង។ អភិបាលខេត្ត និង ព្រះរាជអាជ្ញាខេត្តកំពង់ចាម បានសន្និដ្ឋានថា តាមការធ្វើកោសល្យវិច័យពីក្រុមសមត្ថកិច្ចបង្ហាញថា ជនរងគ្រោះបានដួលស្លាប់ដោយខ្លួនឯងនៅក្នុងបន្ទប់ទឹកនៅក្នុងពន្ធនាគារដោយសារស្រវឹងស្រា។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់នៅថ្ងៃទី១ ឧសភា ថា ជនរងគ្រោះស្លាប់នៅក្នុងពន្ធនាគារនៅក្នុងខេត្តកំពង់ចាម មានចំណុចគួរឱ្យសង្ស័យជាច្រើនដែលទាមទារឱ្យក្រុមសមត្ថកិច្ចបើកការស៊ើបអង្កេតឱបានច្បាស់លាស់បើទោះបីជាព្រះរាជអាជ្ញា និងអាជ្ញាធរខេត្តកំពង់ចាមចេញមុខមកអះអាងថា មិនជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មក៏ដោយ។
លោក អំ សំអាត បញ្ជាក់ថា តាមការស៊ើបអង្កេតជាបឋមរបស់អង្គការសង្គមលីកាដូបង្ហាញថា ជនរងគ្រោះស្លាប់ដោយមានស្នាមរបួសពេញខ្លួនដែលទំនងជាសង្ស័យថា បានទទួលរងនូវការធ្វើទារុណកម្មវាយដំជាទម្ងន់មុនពេលស្លាប់។
លោកបញ្ជាក់ថា គួរតែមានគណៈកម្មការថ្នាក់ជាតិប្រឆាំងនឹងការធ្វើទារុណកម្មចុះធ្វើការស្រាវជ្រាវទៅលើករណីនេះ ដើម្បីបង្ហាញពីភស្តុតាងពិតប្រាកដតើមូលហេតុនៃការស្លាប់នោះ បណ្ដាលមកពីអ្វីនោះទើបធ្វើឱ្យគ្រួសារជនរងគ្រោះនិងសាធារណៈជនមានភាពជឿជាក់៖ «ខាងលោកព្រះរាជអាជ្ញា ឬក៏ខាងខេត្តលោកអះអាងក៏ដោយ។ ក៏ប៉ុន្តែនៅតែធ្វើឱសាធារណជនគ្មានជំនឿ ពីព្រោះវាកើតនៅលើទឹកដីនៅក្នុងខេត្តហ្នឹង។ អ៊ីចឹងបើមានគណៈកម្មការថ្នាក់ជាតិស៊ើបអង្កេត ធ្វើការស្រាវជ្រាវទៅលើករណីហ្នឹងហើយបង្ហាញអំពីលទ្ធផលអាហ្នឹងវាប្រសើរជាជាងបង្ហាញដោយថ្នាក់ខេត្ត»។
ទោះបីជាយ៉ាងណា ព្រះរាជអាជ្ញាខេត្តកំពង់ចាមលោក ហួត វុទ្ធី នៅក្នុងអង្គសន្និសីទកាសែតនៅថ្ងៃទី០១ ឧសភា បានច្រានចោលទាំងស្រុងចំពោះការលើកឡើងថា ជនជាប់ចោទឈ្មោះ ទិត រ៉ន ស្លាប់ដោយសារការធ្វើទារុណកម្មនៅក្នុងពន្ធនាគារ។
លោកបញ្ជាក់ថា ជនរងគ្រោះដួលក្នុងបន្ទប់ទឹកនៅក្នុងមន្ទីរឃុំឃាំងរហូតបែកក្បាលស្លាប់។ លោក ទិត រ៉ន អាយុ២៦ ឆ្នាំ បានស្លាប់នៅក្នុងពន្ធនាគារខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ មេសា កន្លងទៅបន្ទាប់ពីបានជាប់ក្នុងមន្ទីរឃុំឃាំងអស់រយៈពេលជាង ១០ថ្ងៃ ដើម្បីរង់ចាំជំនុំជម្រះទោស។អាជ្ញាធរខេត្តកំពង់ចាមកាលពីថ្ងៃទី១៥ មេសា បានចាប់ខ្លួនលោក ទិត រ៉ន កូនប្រុសសកម្មជនគណបក្សសង្គ្រោះជាតិក្រោយពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយចោទប្រកាន់សង្ស័យថាជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាមួយនៅក្នុងខេត្តកំពង់ចាម កាលពី ១៣ឆ្នាំ កន្លងទៅ។ក្រោយពីមានជម្លោះនៅក្នុងភូមិនោះមក លោក ទិត រ៉ន បានភៀសខ្លួនរហូតដល់ត្រឡប់មកក្នុងភូមិវិញ បានជាង១ឆ្នាំទើបសមត្ថកិច្ចសម្រេចចាប់ខ្លួនយកទៅដាក់ក្នុងមន្ទីរឃុំឃាំងខេត្តកំពង់ចាម។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ លោក អៀម ទិត ត្រូវជាឪពុកជនរងគ្រោះបញ្ជាក់ថា ក្នុងពេលក្រុមសមត្ថកិច្ចចាប់ខ្លួនកូនរបស់លោកគ្មានស្នាមរបួសទេ។ លោកបញ្ជាក់ថា នៅពេលទៅយកសពកូនមកដល់ផ្ទះពិនិត្យទៅឃើញថា មានស្នាមវាយបែកជាំភ្នែកខាងស្ដាំ និងមានស្នាមវាយជាំវាយដំជាច្រើនកន្លែងទៀត។ លោកបញ្ជាក់ថា កូនរបស់លោកសង្ស័យថា ក្រុមឆ្នាំពន្ធនាគារវាយដំធ្វើទារុណកម្មរហូតដល់បាត់បង់ជីវិតនៅក្នុងមន្ទីរឃុំឃាំង៖ «ដល់ពេលគេយកឡានដាក់សពបានបងប្អូនកូនក្មួយគេវែកមុខមាត់មើលឃើញមានរបួសលើភ្នែក បែកភ្នែក ក បាក់រលេះស្នាមជាំ ក្លៀក ជាំ ឆ្អឹងជំនី ខ្នងជាំទាំងអស់។ កូនខ្ញុំទៅពីផ្ទះ ពេលគេហៅទៅអត់មានរបួសស្នាមអ្វីទេ អត់មានគ្រុន ឬឈឺអ្វីទេ កូនខ្ញុំបង់សំណាញ់រាល់ថ្ងៃ»។
ចាប់តាំងពីឆ្នាំ២០១៥ មក មានជនជាប់ចោទចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងពន្ធនាគារក្នុងខេត្តឧត្តរមានជ័យ និង ខេត្តកណ្ដាល។
មន្ត្រីសិទ្ធិមនុស្សបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំងនោះគឺបានកើតឡើងដោយសង្ស័យថា មានការធ្វើទារុណកម្មក្នុងពេលដែលពួកគេជាប់ក្នុងមន្ទីរឃុំឃាំងដូចនៅក្នុងករណីខេត្តកំពង់ចាមដែរ។
អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បញ្ជាក់ថា ក្រុមសមត្ថកិច្ចមិនបានធ្វើទារុណកម្មលើជនសង្ស័យរហូតស្លាប់បាត់បង់ជីវិតនៅក្នុងពន្ធនាគារនោះទេ។ លោកបញ្ជាក់ថា លោក ទិត រ៉ន បានដួលស្លាប់ដោយខ្លួនឯងក្នុងពន្ធនាគារដោយសារស្រវឹងស្រា៖ «សមត្ថកិច្ចកំពុងតែស្រាវជ្រាវហើយព័ត៌មានជាបឋម បើតាមអ្នកជាប់ឃុំឃាំងជាមួយគ្នាថា គឺគាត់បានដួលរអិលដួលដោយខ្លួនឯង»។
ប្រទេសកម្ពុជាបានផ្ដល់ហត្ថលេខាលើអនុសញ្ញាប្រឆាំង និងអំពើទារុណកម្មរាល់គ្រប់ទម្រង់ទាំងអស់កាលពីឆ្នាំ១៩៩២ ហើយនៅឆ្នាំ២០០៧ រដ្ឋសភារបបក្រុងភ្នំពេញបានផ្តល់សច្ចាប័នបន្ថែមទៅលើអនុសញ្ញានោះ។
នៅក្នុងសច្ចាប័នបន្ថែមនេះតម្រូវឱ្យកម្ពុជាបង្កើតគណៈកម្មការជាតិមួយដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើធ្វើទារុណកម្មដោយបានហាមប្រាមការធ្វើទារុណកម្មនោះ ទោះកើតឡើងក្នុងរូបភាពណាមួយក៏ដោយ ឱ្យតែអំពើនោះធ្វើឡើងដោយមន្ត្រីសាធារណៈ ជាពិសេសនៅប៉ុស្តិ៍នគរបាលយុត្តិធម៌និងនៅក្នុងមន្ទីរឃុំឃាំង។
លោក អំ សំអាត បញ្ជាក់ថា សមាគមសិទ្ធិមនុស្សលីកាដូនឹងបើកការស៊ើបអង្កេតចំពោះការស្លាប់ទៅលើជនរងគ្រោះនៅក្នុងខេត្តកំពង់ចាម៕