អ្នក​ច្បាប់​នៃ​គណៈមេធាវី​អាមេរិក​ ទាម​ទារ​ឱ្យ​របបភ្នំពេញ ​ដោះលែង​អ្នក​ច្រៀងរែបរិះគន់​​បញ្ហា​សង្គម​

ដោយ សុជីវី
2021-06-15
Share
អ្នក​ច្បាប់​នៃ​គណៈមេធាវី​អាមេរិក​ ទាម​ទារ​ឱ្យ​របបភ្នំពេញ ​ដោះលែង​អ្នក​ច្រៀងរែបរិះគន់​​បញ្ហា​សង្គម​ យុវជន គា សុគន្ធ តារាចម្រៀងរែបនៅខេត្តសៀមរាប ដែលត្រូវបានតុលាការខេត្តសៀមរាបកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ​​ពីបទ​​ញុះញង់​ឲ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ​ជាអាទិ៍ កាល​ពីចុងខែធ្នូ ឆ្នាំ២០២០។
រូប៖ ABA

ក្រុម​​អ្នក​ច្បាប់​មក​​ពីមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នៃ​គណៈមេធាវី​អាមេរិក (ABA)​ ពិនិត្យ​ឃើញ​ថា សំណុំ​រឿង​របស់​យុវជន គា សុគន្ធ ដែល​ច្រៀង​រែបរិះគន់​បញ្ហា​សង្គម​នោះ គឺ​ជាករណី​រំលោភ​សិទ្ធិមនុស្ស និង​បំពាន​ទៅលើនីតិវិធី​ច្បាប់ទាំងទិដ្ឋភាព​ច្បាប់ជាតិ និង​អន្តរជាតិ។

ក្រុម​អ្នក​ច្បាប់​នៃ​គណៈមេធាវីអាមេរិក​បាន​លើក​ឡើងយ៉ាង​លម្អិត​នៅក្នុង​របាយការណ៍​ចេញផ្សាយ​ កាល​ពី​ថ្ងៃទី១៤ ខែមិថុនាថា យុវជន​ គា សុគន្ធ មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វីឡើយ ផ្ទុយ​ទៅវិញ​តុលាការកម្ពុជា​បែរ​ជាបកស្រាយ​ច្បាប់​ក្នុង​ន័យ​យ៉ាង​ទូលាយ ដើម្បី​​ផ្តន្ទាទោស​រូប​គេ​ពី​បទញុះញង់។ ក្រុម​អ្នក​ជំនាញ​ដដែល​ពិនិត្យ​ឃើញថា ​ចម្រៀងរែបរបស់​យុវជន​រូបនេះ​អំពីរឿង​អយុត្តិធម៌​ក្នុង​សង្គម និង​រឿងព្រំដែន​នោះ គឺ​ជា​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ។ ការ​ច្រៀងរែប​នោះទៀត​សោត​ គឺជា​អាជីព​របស់​យុវជន គា សុគន្ធ ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​​ដែល​មាន​ជីវភាពក្រីក្រ។ ក្រុម​អ្នក​ច្បាប់​ដដែល​បន្តថា យុវជន​រូបនេះ គ្មាន​ចេតនា​ធ្វើចម្រៀង​ទាំងនោះ ដើម្បី​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​នៅក្នុង​សង្គម​នោះទេ ហើយ​ក៏​គ្មាន​បទល្មើស​ណាមួយ​បាន​កើត​ឡើង ​ក្រោយ​រូប​គេ​ចេញផ្សាយបទ​ចម្រៀង​រែបទាំង​​នោះដែរ។

ក្រុម​អ្ន​កជំនាញដដែល​គូស​បញ្ជាក់ថា ការ​ដែល​តុលាការ​សម្រេច​ផ្តន្ទាទោស យុវជន គា សុគន្ធ ​ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ ដោយគ្មាន​​ភស្តុតាងរឹងមាំ​នោះ បង្ហាញ​ថា ទាំង​ចៅក្រម និង​តំណាង​អយ្យការដែល​កាន់​សំណុំ​រឿងនេះ​ បាន​ខកខានបំពេញ​កាតព្វកិច្ចតាម​ផ្លូវ​ច្បាប់​​របស់​ខ្លួន ក្នុង​ការ​ស្វែង​រក​ការ​ពិត និង​ផ្តល់​យុត្តិធម៌​ជូន​​​ពលរដ្ឋ ស្រប​តាម​ច្បាប់កម្ពុជា និង​កតិកាសញ្ញា​ស្តីពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិនយោបាយ។

ក្រុម​អ្នក​ច្បាប់​​នៃ​គណៈមេធាវី​អាមេរិក ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ដោះលែង​យុវជន​រូបនេះវិញ និង​ត្រូវពិនិត្យ​មើល​ឡើងវិញ​ចំពោះ​ការ​ប្រើប្រាស់យ៉ាង​ទូលំទូលាយ និង​ដ៏​ច្រើន​ហួស​ហេតុ​នៃ​ក្រម​ព្រហ្មទណ្ឌ​មាត្រា ៤៩៥ ស្តីពីបទ «ញុះញង់» ដើម្បី​បំបិទ​មាត់​សកម្មជន​សិទ្ធិមនុស្ស សិល្បករ និងតន្ត្រីករ​វ័យ​ក្មេង ព្រម​ទាំង​សមាជិក​បក្ស​ប្រឆាំង។

ឆ្លើយតប​នឹង​របាយការណ៍​នេះ សមាជិក និង​ជា​អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាលលោក​ កត្តា អ៊ន ថ្លែងថា ក្រុម​អ្នក​ច្បាប់​មក​ពី​គណៈមេធាវី​អាមេរិក​គួរ​តែ​ជួយជ្រោមជ្រែង​ផ្នែក​ច្បាប់​ដល់​ជន​ជាប់​ចោទ ជាជាង​ការ​ចេញរបាយការណ៍​បែបនេះ។ លោកថា តុលាការកម្ពុជា​អនុវត្ត​តាមនីតិវិធី និង​ច្បាប់​របស់​កម្ពុជា មិន​មែន​ធ្វើ​តាម​ក្បួនច្បាប់​របស់​អាមេរិ​កនោះទេ៖ «បើគាត់​មាន​ចេតនា​ចង់​ជួយ​ជន​ជាប់​ចោទ​ហ្នឹងពិត​ប្រាកដ​មែន គាត់​មិន​មែន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ពី​ចំងាយ​ក្នុងចេតនា​នយោបាយអ្វីមួយទេ។ គា​ត់​គួរ​តែ​ចាត់​តាំង​ក្រុម​មេធាវី ឬអ្នក​ច្បាប់មួយជួយ។ ជួយ​ទាំង​ការ​ប្រឹក្សា​យោបល់ ជួយ​ទាំង​ការ​វិភាគ​សំណុំ​រឿង ឬមួយ​ក៏​ជួយ​លក្ខណៈ​ជាមេធាវី​ដើម្បី​តតាំង​ក្តី​នៅ​តុលាការ​ ហើយ​ស្វែង​រក​យុត្តិធម៌​ជូន​គាត់​។ នេះបាន​ជា​គេ​ហៅថា ​ជា​អាជីព​មេធាវី»។

ផ្ទុយ​ពីតំណាង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុកគាំទ្រ​​របាយការណ៍​របស់​ក្រុម​អ្នក​ច្បាប់​នៃ​គណៈមេធាវី​អាមេរិក ដែល​លើក​ទាំងទិដ្ឋភាព​ច្បាប់កម្ពុជា និង​ច្បាប់អន្តរជាតិ​ យកមក​វែក​ញែក​ករណីនេះ​​​។ អង្គការ​សង្គម​ស៊ីវិលទាំងនោះ ​មើល​ឃើញថា ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​យុវជន គា សុគន្ធ គឺ​ជាករណី​រំលោភ​សិទ្ធិមនុស្ស និង​ខ្វះមូលដ្ឋាន​ច្បាប់។ ដោយ​សារ​តែ​បែបនេះហើយ ទើប​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួនក្នុងនោះ​រួម​ទាំង​អង្គការ​លីកាដូផង បាន​​ផ្តល់មេធាវី​ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​យុវជន​រូបនេះ។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​​លីកាដូ (LICADHO) លោក អំ សំអាត យល់ស្រប​ទៅនឹង​របាយការណ៍​របស់​ក្រុម​អ្នក​ច្បាប់​នៃគណៈមេធាវី​​អាមេរិក។ លោក​សង្កេតឃើញថា ការ​ចាប់​ឃុំ​ខ្លួន និង​ផ្តន្ទាទោស​យុវជន គា សុគន្ធ នោះ គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិសេរីភាព​​បញ្ចេញ​មតិរបស់​ពលរដ្ឋ និង​ជា​ការ​បំបាក់​ស្មារតី​យុវជន​ដែល​ហ៊ានរិះគន់​បញ្ហា​សង្គម​៖ «ទាំង​អស់​ហ្នឹង វា​មិន​មែន​ជា​បទល្មើស​ញុះញង់បង្ក​ឱ្យ​មាន​ចលាចល​អ្វីនោះទេ​ ពីព្រោះ​បទ​ចម្រៀង​ដែល​គាត់​ច្រៀង​ គាត់​និពន្ធ​ហ្នឹង វា​យូរ​ហើយ។ ប៉ុន្តែ​នៅពេល​ដែល​ស្ថា​នភាព​នយោបាយ​តាន​តឹង ហើយ​ត្រូវ​បាន​អ្នក​នយោបាយ​មួយ​ចំនួន​យក​បទ​ចម្រៀង​គាត់​ទៅ​ប្រើប្រាស់​​ បែរ​ជា​មក​​ចោទ​ប្រកាន់​គាត់​ទៅវិញ​។ អាហ្នឹង បើ​អំណះអំណាងផ្លូវ​​ច្បាប់​ វា​អត់​​ជា​ការ​ត្រឹម​ត្រូវ​ទេ»

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ចាប់ខ្លួន​យុវជន គា សុគន្ធ កាលពីដើម​ខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធ​នឹង​ការនិពន្ធ និង​ច្រៀង​ចម្រៀង​រែប បង្ហោះ​តាម​បណ្ដាញ​សង្គម​​យូធូប (YouTube) និង​ហ្វេសប៊ុក (Facebook)។ បទចម្រៀង​ទាំងនោះ រៀបរាប់​ពី​រឿងរ៉ាវ​ឈឺចាប់​នៅ​ក្នុង​សង្គម​ដូចជា អំពើអយុត្តិធម៌ បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ កំណើនពលរដ្ឋធ្វើចំណាកស្រុក និងពលរដ្ឋ​ក្រីក្រ​ដើរសុំទាន បញ្ហា​ព្រំដែន អំពើពុក​រលួយ​ និង​ការធ្លាក់ចុះ​គុណធម៌​ជាដើម។ វីដេអូ​ចម្រៀង​​ចុងក្រោយ​របស់​ គា សុគន្ធ ​ដែលមាន​ចំណងជើង​ថា «ដីខ្មែរ» មាន​អ្នក​ចូល​ទស្សនា​រាប់លាន​ដង និងចែករំលែក​យ៉ាង​ច្រើន​តាម​បណ្ដាញ​សង្គម​។ តុលាការ​ខេត្ត​សៀមរាប​បាន​ផ្តន្ទាទោស​យុវជន​រូបនេះឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨ខែ ​​ពីបទ​​ញុះញង់​ឲ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ​ជាអាទិ៍ តាមមាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ កាល​ពីចុងខែធ្នូ ឆ្នាំ២០២០។

ក្រុម​អ្នក​ច្បាប់​របស់​គណៈមេធាវី​អាមេរិក​ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ បាន​រាប់​បញ្ចូល​ករណី​របស់យុវជន គា សុគន្ធ នេះ ទៅក្នុង​ការ​បង្ក្រាប​ជា​ប្រព័ន្ធ​របស់​រដ្ឋាភិបាលលោក ហ៊ុន សែន លើ​អ្នក​មាន​ទស្សនៈផ្ទុយ និង​អ្នក​រិះគន់​រដ្ឋាភិបាល។ នេះ​គឺដោយសារ​តែ​នៅអំឡុង​ឆ្នាំ ២០២០នោះ អាជ្ញាធរ​បាន​ចាប់ខ្លួនសកម្មជន​នយោបាយ សកម្មជន​សង្គម​ សកម្មជន​បរិស្ថាន អ្នក​សារព័ត៌មាន និង​អ្ន​ករិះគន់​រដ្ឋាភិបាល ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ដោយភាគច្រើន​អាជ្ញាធរ​​ប្រើប្រាស់​បទចោទ​តែមួយ គឺ «បទញុះញង់»

គិតត្រឹម​ពាក់​កណ្ដាល​ខែមិថុនា ឆ្នាំ២០២១ នេះ យុវជន គា សុគន្ធ បាន​ជាប់ព​ន្ធនាគារ​អស់រយៈពេល​ជាង ៩ ខែ​មកហើយ។

ឪពុក​របស់ គា សុគន្ធ គឺលោក ផល គា ចាត់ទុក​ការ​ចាប់​ឃុំខ្លួន និង​ផ្តន្ទាទោស​កូន​ប្រុស​របស់​លោក​នេះថា ជារឿង​អយុត្តិធម៌ ព្រោះ​រូបគេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វីឡើយ។ លោកបញ្ជាក់ថា កូន​របស់​លោក​និពន្ធ​ និងច្រៀងចម្រៀងរែប បង្ហោះតាម​បណ្តាញ​សង្គម​ ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ ហើយបទចម្រៀងទាំងនោះ គឺ​ស្រប​ទៅតាម​គំនិត​របស់​គេ​ផ្ទាល់៖ «ការ​ដែល​កូន​ខ្ញុំសរសេរ​ ឬក៏​រ៉ាយរ៉ាប់​នូវ​រឿងរ៉ាវ​នៅក្នុងន័យ​​បទ​ចម្រៀង​នោះ វា​មិន​មែន​ជា​រឿងញុះញង់ទេ ជា​រឿង​រ៉ាវនៅក្នុងសង្គម​ពិតៗ​ហ្នឹងឯង​។ បើ​គិត​នៅក្នុង​ផ្លូវ​ច្បាប់ វា​ជា​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ ក៏​ប៉ុន្តែ​ឥឡូវ​គេ​ដាក់​ទៅជា​បទ​ញុះញង់។ នេះ​ជា​រឿង​អយុត្តិធម៌​មែន​ហ្នឹងឯង វា​មិន​ត្រឹម​ត្រូវ»

សាលាឧទ្ធរណ៍​ខេត្តបាត់​ដំបង​ បានបើក​ការ​ជំនុំ​ជម្រះ​បណ្ដឹងឧទ្ធរណ៍របស់​យុវជន គា សុគន្ធ កាល​ពីថ្ងៃទី៣ ខែមិថុនា រួចហើយ ហើយគ្រោង​ប្រកាស​សាលដីកាសំណុំ​រឿងនេះ​នៅថ្ងៃទី១៦ ខែមិថុនានេះ។

ទាំងមន្ត្រីសិទ្ធិមនុស្ស និង​គ្រួសារ​របស់​យុវជន គា សុគន្ធ ស្នើយ៉ាង​ទទូច​ដល់​សាលាឧទ្ធរណ៍ ឱ្យ​ទម្លាក់ចោល​បទចោទ​ប្រកាន់ និង​ដោះលែង​យុវជន​រូបនេះ​ ឱ្យ​មាន​សេរីភាព​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល