អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ ខកចិត្តចំពោះតុលាការឧទ្ធរណ៍ភ្នំពេញដែលមិនប្រគល់លិខិតឆ្លងដែនដល់លោកតាមការស្នើសុំ។ ប្រតិកម្មនេះធ្វើឡើង បន្ទាប់តុលាការជាន់ខ្ពស់មួយនេះបើកសវនាការជំនុំជម្រះ ដោយបដិសេធសំណើសុំលិខិតឆ្លងដែនរបស់លោកមកវិញនៅព្រឹកថ្ងៃទី៣០ មិថុនា។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ចាត់ទុកការសម្រេចរបស់តុលាការឧទ្ធរណ៍នេះថា ជារឿងអយុត្តិធម៌ និងជាការតាមឈ្នានីសយកឈ្នះយកចាញ់លើអ្នកសារព័ត៌មានឯករាជ្យ។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ ថ្លែងនៅព្រឹកថ្ងៃទី៣០ មិថុនាថា ចៅក្រមជំនុំជម្រះបានបដិសេធសំណើសុំលិខិតឆ្លងដែនរបស់លោកមកវិញ ដោយលើកហេតុផលថា ចៅក្រមស៊ើបសួរកំពុងដំណើរការស៊ើបអង្កេត និងដើម្បីកុំឲ្យរាំងស្ទះដល់ដំណើរការរបស់តុលាការ។ លោកចាត់ទុកការសម្រេចរបស់តុលាការបែបនេះថា ជាការប្លន់សិទ្ធសេរីភាពរបស់លោក ដែលធ្វើឱ្យឈឺចាប់កាន់តែខ្លាំង។ លោកបញ្ជាក់ថា ប្រការនេះធ្វើឱ្យលោកមិនអាចធ្វើដំណើរទៅលេងឪពុក ដែលមានវ័យជរានៅដែនដីកម្ពុជាស្ថិតក្នុងប្រទេសទៀតណាម និងទៅចូលរួមកម្មវិធីផ្សេងៗ តាមការអញ្ជើញរបស់អង្គការសង្គមស៊ីវិលទៅក្រៅប្រទេសបានឡើយ៖ «ខ្ញុំបានលើកឡើងនៅក្នុងសវនាការដែរ ខ្ញុំថា រឿងរាវរបស់ខ្ញុំនឹងជិត ៥ឆ្នាំហើយ ការស៊ើបអង្កេតវារយៈពេលវែង ហើយខ្ញុំមិនដឹងថា ការស៊ើបអង្កេតនឹងបញ្ចប់នៅពេលណាទៀត។ អត់មានអាជ្ញាយុកាល អត់មានការបញ្ជាក់ពីចៅក្រមស៊ើបសួរថា តើរឿងនឹងត្រូវបញ្ចប់នៅពេលណា។ អ៊ីចឹង យើងអត់ដឹងថាត្រូវចប់យ៉ាងម៉េច ? ហើយអីចឹងខ្ញុំសួរថា បើសិនជាតុលាការមិនអាចប្រាប់ខ្ញុំថា ហើយមិនអាចបញ្ជាក់ថា រឿងស៊ើបអង្កេតចប់នៅពេលណា ហើយលិខិតឆ្លងដែនខ្ញុំមិនឱ្យតើខ្ញុំរស់នៅរបៀបអ៊ីចឹង ឬយ៉ាងម៉េច ? ។ អ៊ីចឹង ខ្ញុំត្រូវបើប្រាស់សិទ្ធិរបស់ខ្ញុំក្នុងការទាមទារ » ។
លោក យាង សុធារិន្ទ បន្តថា លោកនឹងប្ដឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត ដើម្បីស្នើសុំលិខិតឆ្លងដែនរបស់លោកមកវិញ ដើម្បីទៅលេងឪពុក និងសាច់ញាតិនៅឯកម្ពុជាក្រោម ដែលស្ថិតនៅប្រទេសវៀតណាម និងទៅចូលរួមក្នុងពិធីផ្សេងៗ របស់អង្គការសង្គមស៊ីវិលនៅក្រៅប្រទេស។
ប្រតិកម្មនេះធ្វើឡើងក្រោយពីប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញលោក ឃុន លាងម៉េង បានបដិសេធសំណើសុំលិខិតឆ្លងដែនរបស់អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីលោក យាង សុធារិន្ទ ដោយតម្កល់សំណុំរឿងតាមការសម្រេចរបស់តុលាការថ្នាក់ក្រោមទុកជាបានការដដែល។ការសម្រេចរបស់តុលាការនេះ គឺបន្ទាប់ពីតុលាការឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃទី៣០ មិថុនា បើកសវនាការជំនុំជម្រះលើបណ្ដឹងរបស់មេធាវីការពារក្ដីឱ្យយាង សុធារិន្ទ ស្នើសុំលិខិតឆ្លងដែនរបស់លោកមកវិញ ។
ជុំវិញរឿងនេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា យល់ថា ការសម្រេចរបស់តុលាការជាន់ខ្ពស់មួយនេះជាការរឹតត្បិតសិទ្ធិសេរីភាពការដើរហើររបស់លោក យាង សុធារិន្ទ ពីព្រោះលោកថា សំណុំរឿងនេះបានអូសបន្លាយពេលជាច្រើនឆ្នាំមកហើយ ដោយតុលាការមិនទាន់បិទបញ្ចប់នៅឡើយ។ លោកបញ្ជាក់ថា ការអូសបន្លាយពេលបញ្ចប់រឿងក្ដីក្ដាំនេះធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់យាង សុធារិន្ទ និងលោក អ៊ួន ឈិន។ លោកចាត់ទុកការដែលតុលាការមិនផ្ដល់លិខិតឆ្លងដែន និងសិទ្ធសេរីភាពពេញលេញដល់លោកទាំងពីរថា ជាការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរធ្វើឱ្យពួកគេមានការឈឺចាប់៖ «បើយើងពិនិត្យមើលពីចេតនារបស់ពួកគាត់ដូចជាមិនមាន ហើយតុលាការក៏ត្រូវមើលរឿងហ្នឹងដែរថា តើពួកគាត់នឹងមានចេតនាចង់គេចវេះទៅរស់នៅស្រុកក្រៅទៅអី ឬក៏ទៅគេចវេះពីប្រព័ន្ធច្បាប់ដែរ ឬក៏អត់។ យើងអត់ឃើញមានបញ្ហានឹងទេ ព្រោះពួកគាត់មានផ្ទះសម្បែងមានមានទីលំនៅអីត្រឹមត្រូវ ហើយគាត់គ្រាន់តែចង់បាននូវអ្វី ដែលជាសិទ្ធិសេរីភាពរបស់គាត់ ក្នុងការដើរហើរ ប្រកបរបរជីវភាពរស់នៅរបស់ពួកគាត់ឱ្យបានត្រឹមត្រូវតែប៉ុណ្ណឹងទេ។ ដូច្នេះខ្ញុំគិតថា គ្មានមូលហេតុអីដែលត្រូវឃាត់ឃាំងនូវសិទ្ធិសេរីភាពរបស់ពួកគាត់បន្តទៅទៀតទេបាទ !» ។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់អតីតអ្នកយកព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ពីបទ «ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ» និងបទ «ផលិតវីដេអូអាសអាភាស»។ តុលាការបានឃុំខ្លួនអ្នកទាំងពីរជាង ៩ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែមកដល់ពេលនេះ ពួកលោកគ្មានសេរីភាពដើរហើរពេញលេញឡើយ ព្រោះតុលាការក្រុងភ្នំពេញមិនព្រមផ្ដល់អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនដល់ពួកលោកវិញ។
កន្លងមកក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិផង សុទ្ធតែវាយតម្លៃថា សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប ធ្វើឡើងដោយមិនត្រឹមត្រូវ និងផ្ទុយពីគោលការណ៍ច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
