សាលាឧទ្ធរណ៍លើកពេលសវនាការសំណុំរឿងសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី ទៅថ្ងៃក្រោយវិញ តាមការស្នើសុំរបស់មេធាវី។ អ្នកការពារសិទ្ធិមនុស្សរំពឹងថា សាលាឧទ្ធណ៍នឹងកំណត់ពេលជំនុំជម្រះជាថ្មីឱ្យបានឆាប់ ដើម្បីជាប្រយោជន៍ជនជាប់ចោទ។
មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ថ្លែងថា មូលហេតុនៃការស្នើសុំពន្យារពេលនេះ ដោយសារភាគីដើមបណ្ដឹង និងសាក្សីសុទ្ធតែអវត្តមាននៅក្នុងអង្គសវនាការ ដែលអាចប៉ះពាល់ដល់សិទ្ធិដេញដោលចំពោះមុខ និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់កូនក្តី។ លោកបន្តថា ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បានប្រាប់លោកថា មន្ត្រីទទួលបន្ទុកខាងបញ្ជូនដីកា មិនអាចស្វែងរកឃើញលំនៅឋាន និងទីតាំងពិតប្រាកដរបស់ភាគីដើមបណ្ដឹង និងសាក្សី ដូច្នេះទើបគ្មាននរណាម្នាក់បង្ហាញវត្តមានក្នុងអង្គសវនាការ ក្រៅពីពួកលោកជាមេធាវី និងកូនក្តី។ លោកបញ្ជាក់ថា ខាងមេធាវីខកចិត្តជាខ្លាំងចំពោះបញ្ហានេះ ពីព្រោះភាគីដើមបណ្ដឹង និងសាក្សី សុទ្ធតែបង្ហាញអាសយដ្ឋានច្បាស់លាស់នៅក្នុងកំណត់ហេតុនៃសំណុំរឿង មិនគួរមន្ត្រីនគរបាលយុត្តិធម៌រកមិនឃើញទីតាំងទាំងនោះឡើយ៖ «យើងគិតថា ប្រសិនបើឱ្យគាត់បន្តដំណើរការហ្នឹង វាហាក់ដូចជាធ្វើរំលោភលើសិទ្ធិរបស់ជនជាប់ចោទ ហើយមួយទៀតជនជាប់ចោទ លោក រ៉ាត់ រត្នមុនី ក៏គាត់បានយល់ស្របឱ្យមានការស្នើសុំលើកពេលសវនាការនេះដែរ។ អ៊ីចឹងយើងគ្រាន់តែមានការសោកស្ដាយ ហើយក៏សូមជំរុញឱ្យខាងសាលាឧទ្ធរណ៍ព្យាយាមធ្វើយ៉ាងណាកោះហៅភាគីពាក់ព័ន្ធ ជាពិសេសដើមបណ្ដឹងរដ្ឋប្បវេណី ហើយនិងសាក្សី»។
មេធាវី សំ ទិត្យសីហា បន្តថា ក្រុមប្រឹក្សាជំនុំជម្រះបានបញ្ជាក់ថា សវនាការអាចពន្យាររហូតដល់ចុងខែវិច្ឆិកា ឬដើមខែធ្នូខាងមុខ ដោយសារតែសាលាឧទ្ធរណ៍មានសំណុំរឿងច្រើនដែលត្រូវពិនិត្យ ហើយត្រូវឆ្លងកាត់បែបបទរដ្ឋបាលត្រឹមត្រូវ។ ទោះជាយ៉ាងណា លោកថា មេធាវីបានស្នើសុំឱ្យសាលាឧទ្ធរណ៍ពន្លឿនសំណុំរឿងនេះ ហើយខាងក្រុមប្រឹក្សាជំនុំជម្រះបានបញ្ជាក់ថា នឹងពិនិត្យទៅតាមលទ្ធភាព។
សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ២ ឆ្នាំ ពីបទ "ញុះញង់ឱ្យមានការរើសអើង" និងបង់សំណងឱ្យដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៧០លានរៀល ឬស្មើនឹងជិត ២ម៉ឺនដុល្លារអាមេរិក។
ដើមហេតុនៃរឿងក្តីក្តាំនេះ គឺដោយសារលោក រ៉ាត់ រត្នមុនី បានជួយផលិតភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា "ម្ដាយខ្ញុំ លក់ខ្ញុំ" ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។
អាជ្ញាធររបបក្រុងភ្នំពេញបានចាត់ទុកភាពយន្តឯកសារនេះថា ជាវីដេអូប្រឌិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា រួចក៏បានតាមចាប់លោក រ៉ាត់ រត្នមុនី ដល់ប្រទេសថៃ ដោយចោទថា លោកបានឱ្យលុយតួអង្គទាំងនោះ ដើម្បីនិយាយប្រឌិតសាច់រឿង។ ក៏ប៉ុន្តែតួអង្គម្នាក់នៅក្នុងភាពយន្តឯកសារ"ម្តាយខ្ញុំ លក់ខ្ញុំ" ធ្លាប់ប្រាប់អាស៊ីសេរីថា នាងមិនបានទទួលលុយកាក់ពីលោក រ៉ាត់ រត្នមុនី ឡើយ ហើយអ្វីដែលនាងបានរៀបរាប់នៅក្នុងភាពយន្តឯកសារនោះ គឺជារឿងពិតផ្ទាល់ខ្លួនរបស់នាង។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ជំរុញឱ្យតុលាការបញ្ជូនដីកាកោះទៅដល់ដៃភាគីពាក់ព័ន្ធ ដើម្បីឱ្យពួកគេមកចូលរួមក្នុងសវនាការនៅពេលក្រោយ។ លោកបន្តថា ការអូសបន្លាយសំណុំរឿងធ្វើឱ្យបាត់បង់ប្រយោជន៍ជនជាប់ចោទ ជាពិសេសសំណុំរឿងនេះ ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃថា ជារឿងអយុត្តិធម៌សម្រាប់លោក រ៉ាត់ រត្នមុនី៖ «ទាក់ទងសំណុំរឿងលោក រ៉ាត់ រត្នមុនី នេះ យើងឃើញថា ទាំងសហគមន៍ជាតិ និងអន្តរជាតិហ្នឹង គេទាមទារហើយ សុំឱ្យមានការទម្លាក់ចោលការចោទប្រកាន់សម្រាប់រូបគាត់ ពីព្រោះគាត់គ្រាន់តែជាអ្នកបកប្រែឱ្យសារព័ត៌មាន RT របស់រុស្ស៊ី។ អ៊ីចឹងមកចាប់គាត់ ហើយនិងចោទប្រកាន់គាត់ គឺមិនមានភាពយុត្តិធម៌សម្រាប់គាត់ទេ»។
គិតត្រឹមពេលនេះ លោក រ៉ាត់ រត្នមុនី បានជាប់ឃុំនៅពន្ធនាគារព្រៃសអស់រយៈពេលប្រមាណ ១០ខែទៅហើយ។ មេធាវី សំ ទិត្យសីហា បញ្ជាក់ថា តុលាការកំពូលនឹងបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់កូនក្ដីលោក នៅថ្ងៃទី២១ តុលាខាងមុខ។
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ វាយតម្លៃថា តុលាការបានកាត់ក្តីរឿងនេះ បែបបាយឡុកបាយឡគួរឱ្យអាម៉ាស់ និងគួរឱ្យស្អប់ខ្ពើម ហើយសាលក្រមនេះបានធ្វើឱ្យបាត់បង់សុចរិតភាពនៃប្រព័ន្ធតុលាការកម្ពុជាយ៉ាងដំណំ។ ទន្ទឹមនឹងនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ការកាត់ទោស លោក រ៉ាត់ រត្នមុនី ធ្វើឱ្យប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ កាន់តែបាត់ទំនុកចិត្តលើប្រព័ន្ធតុលាការកម្ពុជា ពីព្រោះសកម្មជនសិទ្ធិការងាររូបនេះ មិនទទួលបានសវនាការប្រកបដោយយុត្តិធម៌ឡើយ។ សហគមន៍អន្តរជាតិបានទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់នេះ និងដោះលែងលោក រ៉ាត់ រត្នមុនី វិញជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
