វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន ចេញ​សេចក្ដី​ថ្លែង​ការណ៍ជំរុញ​រដ្ឋាភិបាល​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​សន្តិភាព

វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន ស្នើ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ពិចារណា​ដើម្បី​រៀប​ចំ​គោល​នយោបាយ និង​វិធានការ​គោរព​សិទ្ធិមនុស្ស និង​សន្តិភាព​ក្នុង​តំបន់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា កិច្ច​ប្រជុំ​កំពូល​អាស៊ាន​គួរ​មាន​របៀប​វារៈ​ផ្ដល់​ឱកាស​ដល់​តំណាង​ក្រុម​ប្រជាពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បង្ហាញ​ពី​បញ្ហា និង​ដំណោះ​ស្រាយ​ដែល​កំពុង​ប្រឈម​ក្នុង​តំបន់។

អនុសាសន៍​សំខាន់​ៗ​ដែល​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​ដាក់​ចេញ​មាន​ដូចជា ស្នើ​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ការ​បាត់​ខ្លួន​ដោយ​បង្ខំ និង​ការ​សម្លាប់​សកម្មជន ដោយសារ​តែ​ពួកគេ​គ្រាន់​តែ​ប្រើប្រាស់​នូវ​សិទ្ធិ​ដើម្បី​លើក​កម្ពស់​របប​ប្រជាធិបតេយ្យ។ កាត់​បន្ថយ​បញ្ហា​វិសមភាព​សង្គម បម្រែបម្រួល​អាកាសធាតុ និង​លើក​កម្ពស់​សុវត្ថិភាព​ស្បៀង​ក្នុង​តំបន់ លើក​កម្ពស់​កិច្ច​គាំពារ​សង្គម​ដល់​ជន​ងាយ​រងគ្រោះ សិទ្ធិ​ទទួល​បាន​ការងារ​ដែល​មាន​ចំណូល​សមរម្យ និង​លើក​កម្ពស់​សុវត្ថិភាព​មនុស្ស​ជាតិ និង​សន្តិភាព​ក្នុង​តំបន់​ជាដើម។

ប្រធាន​អង្គការ​សីលការ កញ្ញា សេង រាសី ដែល​ជា​ប្រធាន​គណៈ​កម្មការ​រៀបចំ​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន ២០២២ មាន​ប្រសាសន៍​ថា សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​សុំ​ដល់​រដ្ឋាភិបាល​នា​នា​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឱ្យ​រៀបចំ​គោល​នយោបាយ និង​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​លើក​កម្ពស់​ដល់​ការ​គោរព​សិទ្ធិមនុស្ស និង​សន្តិភាព​ក្នុង​តំបន់។ កញ្ញា​បន្ថែម​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​តាម​បណ្ដា​ប្រទេស​នី​មួយ​ៗ បាន​ដាក់​ជូន​សេចក្ដី​ថ្លែងការណ៍​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​នេះ ដល់​ប្រទេស​ពួកគេ​តាម​យន្តការ​រៀង​ៗ​ខ្លួន ដោយ​ឡែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ដាក់​ជូន​សេចក្ដី​ថ្លែង​ការណ៍​នេះ​ទៅ​កាន់​ស្ថាន​ទូត​សហរដ្ឋអាមេរិក និង​ស្ថាន​ទូត​អូស្ត្រាលី តាម​សារ​អេ​ឡិច​ត្រូ​និច ឬ​អ៊ីម៉ែល​រួច​រាល់​ហើយ ហើយ​អង្គការ​សង្គម​ស៊ីវិល​កំពុង​ត្រៀម​ផ្ញើ​ជូន​ប្រទេស​នា​នា​ដែល​មាន​ស្ថាន​ទូត​នៅ​កម្ពុជា​ដែរ។ ជា​មួយ​គ្នា​នេះ កញ្ញា សេង រាសី ក៏​ស្នើ​សុំ​ឱ្យ​កិច្ច​ប្រជុំ​អាស៊ាន​ត្រូវ​ផ្ដល់​ឱកាស​ដល់​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ពួកគេ​មាន​ឱកាស​ក្នុង​ការ​ថ្លែង​ការណ៍ និង​បង្ហាញ​ពី​សេចក្ដី​ត្រូវ​ការ​របស់​ពួកគេ នៅ​ចំពោះ​មុខ​ប្រមុខ​ថ្នាក់​ដឹក​នាំ​អាស៊ាន​ទាំង​អស់ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ពាក្យ​ស្លោក​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ថា ដោះ​ស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា និង​គិតគូរ​ពី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ចម្បង៖

«យើង​ពិតជា​ចង់​ឃើញ​មាន​អត្ថន័យ​រវាង​អាស៊ាន ក៏​ដូច​ជា​រដ្ឋ​ភាគី​ហ្នឹង ជា​មួយ​ហ្នឹង​អង្គការ​សង្គម​ស៊ីវិល ជា​ពិសេស​ការ​រៀបចំ​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​ហ្នឹង គឺ​មាន​ការ​ជជែក​គ្នា​ជួប​មុខ​ផ្ទាល់​តែ​ម្ដង ដើម្បី​ឱ្យ​មាន​ឱកាស​ក្នុង​ការ​លើក​ឡើង​អំពី​បញ្ហា​ហ្នឹង​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​សិន​ជា​យើង​អត់​មាន​ឱកាស​ក្នុង​ការ​ជជែក​ជា​មួយ​គ្នា​ទេ គឺ​ជា​ការ​ខាត​ប្រយោជន៍​ធំ​ក្នុង​កិច្ច​ប្រជុំ​នា​នា​របស់​អាស៊ាន មិន​ថា​នៅ​ក្នុង​ក្របខ័ណ្ឌ​ណា​មួយ​ក៏​ដោយ»។

កញ្ញា សេង រាសី បញ្ជាក់​ថា សាធារណៈ​ជន និង​រដ្ឋាភិបាល​នៅ​តែ​អាច​ប្រើ​ប្រាស់​សេចក្ដី​ថ្លែងការណ៍​នេះ ដោះ​ស្រាយ​បញ្ហា​ក្នុង​តំបន់​គ្រប់​ពេល ទោះ​បី​ជា​កិច្ច​ប្រជុំ​អាស៊ាន​នឹង​បញ្ចប់​ហើយ​យ៉ាង​ណា​ក្ដី ព្រោះ​សេចក្ដី​ថ្លែងការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ទទួល​យក​ធាតុ​ចូល​ពី​ប្រជាពលរដ្ឋ​តាម​សហគមន៍​មក​ពី​ប្រទេស​ផ្សេង​ៗ​គ្នា​ក្នុង​តំបន់​អាស៊ាន។

វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន បាន​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៣ ដល់​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ពេល​កន្លង​ទៅ ដោយ​មាន​អ្នក​ចូលរួម​ជាង​៤០០នាក់ មក​ពី​តាម​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​៩ និង​ប្រទេស​ទីម៉រ​ខាង​កើត (Timor-Leste) រី​ឯ​តំណាង​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​មក​ពី​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) វិញ ពួកគេ​បាន​ចូល​រួម​តាម​រយៈ​អនឡាញ។ វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន និង​កិច្ច​ពិភាក្សា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អាស៊ាន​ឆ្នាំ​នេះ ធ្វើ​ឡើង​ដោយ​ផ្ដោត​លើ​ប្រធាន​បទ គាំពារ និង​លើក​កម្ពស់​សិទ្ធិ​ពលរដ្ឋ លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​សមធម៌ និង​យុត្តិធម៌​សង្គម។

ជុំវិញ​រឿង​នេះ មន្ត្រី​ផ្នែក​តស៊ូ​មតិ​នៃ​គម្រោង​ការពារ​ព្រៃ​ឈើ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក សាន់ ម៉ាឡា ដែល​បាន​ចូលរួម​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន ប្រាប់​វិទ្យុអាស៊ីសេរី​ថា សេចក្ដី​ថ្លែង​ការណ៍​ដែល​បាន​មក​ពី​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​នេះ មាន​សារៈសំខាន់​សម្រាប់​ថ្នាក់​ដឹក​នាំ​ក្នុង​តំបន់​អាស៊ាន​គិត​គូរ​ពិចារណា ដើម្បី​អភិវឌ្ឍ​ប្រទេស កុំ​ឱ្យ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​បរិស្ថាន។ លោក បន្ថែម​ថា សេចក្ដី​ថ្លែង​ការណ៍​នេះ ក៏​បាន​ដាក់​បញ្ចូល​ការ​លើក​ឡើង​ពី​ក្ដី​កង្វល់​របស់​ជន​រង​គ្រោះ ដែល​ទទួល​បាន​ការ​គំរាម​កំហែង​ក្នុង​ការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន និង​ការ​អនុវត្ត​សិទ្ធិ​ផ្ទាល់​ខ្លួន​ដើម្បី​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ៖

«សុំ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ជា​សមាជិក ក៏​ដូច​ជា​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​ឱ្យ​យក​ចិត្ត​ទុក​ដាក់ អំពី​សុខ​ទុក្ខ​ប្រជាជន​ក្នុង​តំបន់​របស់​ខ្លួន ជា​ពិសេស​រដ្ឋាភិបាល​ក៏​គួរ​តែ​មាន​ការ​សរសើរ និង​ចូលរួម​ផ្ដល់​ដំណោះ​ស្រាយ​ទាំង​ឡាយ​ដែល​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន បាន​ស្នើ​និង​សំណូមពរ​ឡើង»។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន អះអាង​ថា សេចក្ដី​ថ្លែងការណ៍​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​នេះ គ្រាន់​តែ​ជា​តំណាង​សំឡេង​មួយ​ភាគ​តូច​នៃ​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ ព្រោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ហៅ​តែ​តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ឱ្យ​មក​ចូលរួម​វេទិកា​នេះ។ លោក​បន្ថែម​ថា ការ​អនុវត្ត​ច្បាប់​ទៅ​លើ​សកម្មជន​បរិស្ថាន និង​អ្នក​នយោបាយ​មួយ​ចំនួន​កន្លង​មក គឺជា​ការ​លើក​កម្ពស់​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​ទៅ​វិញ​ទេ៖

«អ្វី​ដែល​សង្គម​ស៊ីវិល​មួយ​ចំនួន ឬ​ក៏​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​រក​ឃើញ​មួយ​ចំនួន វា​បង្ហាញ​ពី​បំណង ឬ​ក៏​គំនិត​ក្រុម​មនុស្ស​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ វា​មិន​មែន​តំណាង​ឱ្យ​ទិដ្ឋភាព​រួម​នៃ​កម្ពុជា​ទេ ហើយ​ក៏​មនុស្ស​មួយ​ចំនួន​តូច​ហ្នឹង​គ្រាន់​តែ​ជា​និន្នាការ​នយោបាយ ដូច្នេះ​អ្វី​ដែល​នៅ​ក្នុង​ក្របខ័ណ្ឌ​នីតិរដ្ឋ​ក្ដី ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​ក្ដី នៅ​ក្នុង​ក្របខ័ណ្ឌ​សិទ្ធិមនុស្ស​ក្ដី គឺ​យើង​ត្រូវ​អនុវត្ត​គោលការណ៍​រួម​នៅ​ក្នុង​បទដ្ឋាន​មាត្រដ្ឋាន​ច្បាប់​ក្នុង​ការ​វាស់វែង​នូវ​សិទ្ធិ ក្នុង​ការ​វាស់វែង​នូវ​នីតិរដ្ឋ»។

ផ្ទុយ​ពី​កា​អះ​អាង​នេះ របាយការណ៍​របស់ គម្រោង​យុត្តិធម៌​ពិភពលោកWJP បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា​ពូកែ​ខាង​រំលោភ​ច្បាប់។ ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ផ្នែក​នីតិរដ្ឋ ឬ​គោរព​ច្បាប់​ស្ទើរ​តែ​នៅ​បាត​តារាង​គឺ​នៅ​លេខ ១៣៩ ក្នុង​ចំណោម​១៤០ប្រទេស ក្នុង​ឆ្នាំ២០២២នេះ។ របាយការណ៍​នេះ​បាន​បង្ហាញ​កត្តា​ចម្បង​ៗ​ចំនួន​៨ សម្រាប់​ដំណើរការ​ដាក់​សន្ទស្សន៍​នីតិរដ្ឋ ក្នុង​នោះ​រួមមាន​ដូចជា ដែន​កំណត់​អំណាច​រដ្ឋាភិបាល ការ​លុបបំបាត់​អំពើពុករលួយ រដ្ឋាភិបាល​បើកទូលាយ សិទ្ធិ​ជា​មូលដ្ឋាន សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សង្គម ការ​ពង្រឹង​ការអនុវត្ត​ច្បាប់ យុត្តិធម៌​ផ្នែក​រដ្ឋប្បវេណី និង​យុត្តិធម៌​ផ្នែក​ព្រហ្មទណ្ឌ ដែល​កម្ពុជា​សុទ្ធ​តែ​ទទួល​បាន​ពិន្ទុ​ទាប​ទាំង​អស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។